ខេត្តត្បូងឃ្មុំ ៖ ជាងកាំបិតរួចខ្លួនអស់៥៥០០ដុល្លារ យកលុយគេហេីយ ហាម គេ មិនអោយ និយាយទៀត? យកល្អ គួរយកលុយ អោយ គេវិញទៅអាណិតគ្នា 🙏។ នេះជាការលើកឡើងពីប្រភព(PVN)នៅរាត្រីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ និងមានការបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ។ ប៉ុន្តែគេមិនទាន់ដឹងថា ប្រាក់៥៥០០ដុល្លារនេះ ក្រុមគ្រួសារខាងខ្មែរឥស្លាម២នាក់នោះ គាត់ចំណាយលើខាងណាឱ្យពិតប្រាកដនៅឡើយ ដោយសារអ្នកទាំង២ និងសាច់ញាតិ ស្ថិតក្នុងសភាពភ័យខ្លាចនៅឡើយ។
សូមបញ្ជាក់ថា ៖ តំណាងអយ្យការ ខេត្តត្បូងឃ្មុំ សម្រេចដោះលែងខ្មែរឥស្លាម២នាក់ឲ្យនៅក្រៅឃុំ បន្ទាប់ពីឃាត់ខ្លួនពាក់ព័ន្ធការធ្វើកាំបិតលក់, ពួកគាត់គ្រាន់តែផលិតលក់ជាលក្ខណៈគ្រួសារតជំនាន់នោះ។ មុនដោះលែងក្នុងរឿងនេះ គឺប្រឈមការរិៈគន់ខ្លាំងពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ពិសេសលើបណ្តាញFacebook ដែលមន្ត្រីនគរបាលយុត្តិធម៌ឃាត់ខ្លួនគ្រាន់តែមុខរបរពីដើមគ្រប់ជំនាន់តៗគ្នាមកនោះ។
ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ បន្ទាប់ពីធ្លាយថាចំណាយលុយអស់ ៥៥០០ដុល្លារនោះ ព្រោះទូរសព្ទចូលគ្មានអ្នកទទួល ហើយដាក់តាមប្រព័ន្ធ Telegram លោកចូលមើល តែមិនឆ្លើយតប ! សូមជម្រាបជូនថា , រឿងនេះខាងមន្ត្រីនគរបាលខេត្តបានបញ្ជូនសំណុំរឿងទៅតំណាងអយ្យការហើយ ដូច្នេះគេពុំដឹងថា ខាងអ្នករត់ការ ឬខាងតុលាការ យកលុយចំនួន ៥៥០០ដុល្លារនេះ ព្រោះសាច់ញាតិ និងខ្មែរឥស្លាមទាំង២នាក់មិនហ៊ានប្រាប់លម្អិតទេ តែគេបានដឹងថាចំនួនទឹកប្រាក់៥៥០០ដុល្លារនោះ ប្រមូលពីបងប្អូនសាច់ញាតិ មានតួលេខហើយ។
សូមរំលឹកថា ៖ តំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានសម្រេចដោះលែងខ្មែរឥស្លាម២នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន បន្ទាប់ពីកម្លាំងនគរបាលខេត្តបានឃាត់ខ្លួន ពាក់ព័ន្ធការធ្វើកាំបិតលក់ចែកចាយក្នុងគ្រួសារ។ ខ្មែរឥស្លាមទាំង២នាក់នេះ ត្រូវបាននគរបាលឃាត់ខ្លួនកាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ នៅភូមិទួលសំបូរ ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្ម ុំ បានអះអាងថា តំណាងអយ្យការសម្រេចដោះលែងពួកគាត់ទាំង២នាក់ ឲ្យនៅក្រៅឃុំក្រោមហេតុផលចំនួន៤ចំណុច បន្ទាប់ពីឆ្លងការសួរនាំយ៉ាងយកចិត្តទុកដាក់។
ហេតុផលទាំង៤ចំណុច ដែលសម្រេចឲ្យតំណាងអយ្យការដោះលែងនោះ រួមមាន៖ ទី១៖ ការផលិតរបស់ពួកគាត់ដើម្បីលក់ដូរជាលក្ខណៈគ្រួសារបន្ដជំនាន់មកហើយ, ទី២៖ មិនទាន់មានព្យសនកម្មណាមួយកើតឡើងដោយសារការលក់ដូររបស់ពួកគាត់, ទី៣៖ ធ្វើកិច្ចសន្យាអប់រំណែនាំកុំឲ្យផលិតអាវុធបែបប្រហារប៉ះពាល់ដល់សណ្ដាប់ធ្នាប់ និងទី៤៖ បន្ដនីតិវិធីស្រាវជ្រាវ។
សូមជម្រាបថា បុរសទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សា សូទី អាយុ៣៨ឆ្នាំ (មេជាង) និងឈ្មោះ អិន ប្រុសទូច អាយុ២៥ឆ្នាំ (កូនជាង)។ នៅពេលនេះ សមត្ថកិច្ចដកហូតបាន កាំបិតបុ័ងតោ ចំនួន៣ដើម, កាំបិតស្នៀត ចំនួន៧ដើម, ដាវវែងចំនួន៣ដើម, ដាវខ្លីចំនួន៦ដើម, ពូថៅចំនួន២ដើម, កាំបិតផ្គាក់ដងវែងចំនួន៣ដើម, កាំបិតផ្គាក់ដងខ្លីចំនួន១ដើម, កាំបិតខ្វែវចំនួន២ដើម, ស្រោមដាវធ្វើអំពីឈើចំនួន៤, ស្រោមកាំបិតបុ័ងតោធ្វើពីឈើចំនួន១, ស្រាមកាំបិតធ្វើពីក្រណាត់ចំនួន៣, ឧបករណ៍សម្រាប់កែឆ្នៃកាំបិតចំនួន៥ និងម៉ូទ័រចំនួន៥។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្ម ុំ លោក សូ សុវិទ្យា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ជាមួយអង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» មិនអាចទាក់ទងបានទេ ដោយទូរសព្ទចូលគ្មានអ្នកទទួល ដូច្នេះទឹកប្រាក់៥៥០០ដុល្លារនោះ មិនដឹងចំណាយលើអ្នករត់ការណាផ្សេង ឬមួយយ៉ាងណា ? គ្រាន់តែគេបង្ហើបថា លោកក្រឡាបញ្ជីគាត់ហាក់សំឡុត ជនសង្ស័យខ្លាំង ដោយលើកហេតុផលថា អ្នកទាំង២មានបទល្មើសធ្ងន់ណាស់ ដែលធ្វើឱ្យជនសង្ស័យភ័យខ្លាចខ្លួនជាប់ពន្ធនាគារ។
លោក ងិន ពេជ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ តាមទូរសព្ទលោកក៏ឱ្យសួរទៅកាន់លោក សូ សុវិទ្យា ព្រមទាំងឱ្យលេខទូរសព្ទទាក់ទងសុំការបំភ្លឺផងដែរ តែលោក សូ សុវិទ្យា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្ម ុំ ទូរសព្ទគ្មានអ្នកទទួល។
សូមបញ្ជាក់ថា ៖ នៅម៉ោង៨នឹង៤៥នាទី ថ្ងៃដដែលនេះ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានទូរសព្ទមកកាន់ អង្គភាពមជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» វិញ ដោយបញ្ជាក់ថា ៖ «ខ្ញុំកំពុងជាប់សន្និបាតនៅក្រសួងមហាផ្ទៃ ប៉ុន្តែរឿងហ្នឹងគេធ្វើការហើយ កំពុងស្រាវជ្រាវ» ។
សូមបញ្ជាក់ថា ៖ បើមន្ត្រីពាក់ព័ន្ធក្នុងសំណុំរឿងនេះពិតជាយកលុយ ៥៥០០ដុល្លារថ្នូរនឹងការដោះលែងពិតប្រាកដមែន នេះជាអំពើពុករលួយ ដូច្នេះរងចាំខាងអ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តត្បូងឃ្ម ុំ និងខាងអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចេញសេចក្តីបំភ្លឺពីការពិត ព្រោះរឿងនេះរសើបខ្លាំងណាស់ក្នុងសម័យ វៈ កាត់ ឬ អភិក្រម លុបបំបាត់អំពើពុករលួយ មន្ត្រីខិលខូចនោះ៕
ដោយ ៖ សុខ ខេមរា