ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្ដាល បានឱ្យដឹងថា ក្បាលដីចំនួន ១,៦៤៨ ក្បាលដី ស្ថិតនៅក្នុងតំបន់វិនិច្ឆ័យក្នុងភូមិព្រែកក្មេង និងភូមិទួលទ្រា សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល ត្រូវបានគណៈកម្មការរដ្ឋបាលខេត្តកណ្តាល ធ្វើការបិទផ្សាយជាសាធារណៈ ដើម្បីជូនប្រជាពលរដ្ឋផ្ទៀងផ្ទាត់នូវទិន្នន័យ និងដាក់ពាក្យប្តឹងតវ៉ាផ្សេងៗ មុននឹងឈានដល់ការចេញបណ្ណកម្មសិទ្ធិ នាព្រឹកថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០២៥ នេះ។
មានប្រសាសន៍ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ប្រើប្រាស់ដីធ្លីស្របច្បាប់ និង ទប់ស្កាត់ការកាន់កាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ រាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗ នៃគោលនយោបាយដីធ្លី ក្នុងការកែ ទម្រង់រដ្ឋបាលដីធ្លីប្រកបដោយប្រសិទ្ធភាព។
លោកអភិបាលរងខេត្ត បានបន្ថែមទៀតថា៖ ចំពោះការបិទផ្សាយជាសាធារណៈនាពេលនេះ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលជាម្ចាស់កាន់កាប់ដីធ្លីទាំងអស់ ត្រូវទៅផ្ទៀងផ្ទាត់ទិន្នន័យក្បាលដី ពិតជាត្រឹមត្រូវ ឫអត់ ប្រសិនបើមានកំហុសឆ្គងដោយប្រការណាមួយ ដូចជាខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត អាយុ ភេទ ទំហំ រូបរាងដី ទីតាំងក្បាលដី និងប្រភេទទ្រព្យជាដើមនោះ ម្ចាស់ដីត្រូវធ្វើការស្នើសុំកែតម្រូវក្នុងរយៈពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃទី១២ ខែកុម្ភៈ រហូតដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីថ្ងៃប្រកាសបិទផ្សាយនេះក្នុងរយៈ ពេល១៥ថ្ងៃនេះគណៈកម្មការរដ្ឋបាល និងមន្ត្រីសុរិយោដី និងនៅប្រចាំ ការរាល់ថ្ងៃទាំងថ្ងៃឈប់សម្រាក និងថ្ងៃបុណ្យផ្សេងៗ ដើម្បីរង់ចាំពន្យល់ទិន្នន័យទាំង ឡាយ ទទួលពាក្យបណ្ដឹង ដោះស្រាយការតវ៉ា និងវិវាទផ្សេងៗ តាមការព្រមព្រៀង។ បន្ទាប់ពីលទ្ធផលនៃការបិទផ្សាយរយៈពេល ១៥ថ្ងៃ យើងនឹងទទួលបាននូវទិន្នន័យត្រឹមត្រូវសម្រាប់ការចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនបងប្អូនប្រជាពលរដ្ឋ។មិនត្រឹមតែប៉ុណ្ណោះការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នេះគឺឈានទៅដល់ការផ្តល់បណ្ណកម្មសិទ្ធិដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ហើយក៏គ្មានបុគ្គល ណាមួយត្រូវបានគេដកហូតកម្មសិទ្ធិរបស់ខ្លួនបានទេ។
លោកអភិបាលរងខេត្ត បានបន្ថែមថា៖ដោយមានការចូលរួមសហការពីបងប្អូនប្រជាពលរដ្ឋ ទើបក្រុមការងារសុរិយោដីខេត្ត រដ្ឋបាលក្រុងអរិយក្សត្រ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំង អស់ បានខិតខំប្រឹងប្រែងការងារចុះបញ្ជីនេះបានដំណើរ ការយ៉ាងរលូន។សមិទ្ធិផលជាច្រើនរាប់មិនអស់ដែលសម្រេចបាន គឺសុទ្ធសឹងតែកើតឡើងដោយក្រុមការងារ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់រាជរដ្ឋាភិបាលកម្ពុជា ធ្វើអោយប្រទេសកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនឥតឈប់ឈរ។
តាមការបញ្ជាក់របស់លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឱ្យដឹងថា មន្ទីរបានរៀបចំបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិព្រែកក្មេង និងភូមិទួលទ្រា សង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ ខេត្តកណ្តាល មានចំនួន១,៦៤៨ក្បាលដី ចំពោះក្រុងអរិយក្សត្របានបិទផ្សាយរួចមកដល់ពេលនេះចំនួន ១០លើកនឹងបានចែកបណ្ណរួចចំនួន០៩លើក សរុបបានចំនួន ៩,៤២៦ប័ណ្ណ៕
ដោយ៖តារា