រដ្ឋបាលខេត្តស្ទឹងត្រែងប្រារព្ធពិធីបុណ្យមាឃបូជា ឆ្នាំ២០២៥

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ នៅថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០២៥ នេះ រដ្ឋបាលខេត្តស្ទឹងត្រែងក្រោមការដឹកនាំដោយផ្ទាល់ពីសំណាក់ លោក សរ សុពុត្រា អភិបាលនៃកណៈអភិបាលខេត្តស្ទឹងត្រែងបានប្រារព្ធពិធីបុណ្យមាឃបូជាដោយមានការដង្ហែក្បួនចាប់ពីមុខមន្ទីរវប្បធម៍ខេត្តស្ទឹងត្រែង ឆ្ពោះទៅកាន់វត្តខត្តិយារាម ដែលជាទីអារាមដែលបានត្រៀមរៀបចំពិធីបុណ្យ រាប់បាត ដោយព្រះសង្ឃនិមន្តចូលរួមចំនួន១១៧អង្គ។

ពិធីបុណ្យមាឃបូជាសាសនាដ៏ធំមួយក្នុងចំណោមបុណ្យធំៗរបស់ព្រះពុទ្ធសាសនា ហើយសម្រាប់ខេត្តស្ទឹងត្រែង ឆ្នាំ២០២៥នេះ ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធមមិនធ្លាប់មានពីមុនមក និងវត្តមានចូលរួមពីសំណាក់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរអង្គភាព អភិបាលក្រុងស្រុក មន្ត្រីរាជការ សិស្សានុសិស្ស យុវជន និងប្រជាពលរដ្ឋដែលជាពុទ្ធបរិស័ទ្ធយ៉ាងច្រើនកុះករ។
គួឲ្យដឹងផងដែរថាពិធីបុណ្យមាឃបូជាត្រូវបានប្រារព្ធបុណ្យមាឃបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយក្នុងចំណោមបុណ្យធំៗរបស់ព្រះពុទ្ធសាសនា។ ពិធីនេះត្រូវបានប្រារព្ធឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា ដែលកើតឡើងនៅថ្ងៃពេញបូណ៌មី ខែមាឃ ក្នុងឆ្នាំដែលព្រះពុទ្ធទ្រង់បានប្រកាសធម៌ឱវាទបាតិមោក្ខដល់ព្រះសង្ឃចំនួន ១២៥០ អង្គ ដែលបានមកជួបជុំគ្នាដោយមិនបានកំណត់ពេលវេលាជាមុន។
ពិធីបុណ្យនេះប្រារព្ធឡើងជារៀងរាល់ថ្ងៃ១៥កើត ខែមាឃ ដើម្បីរំឭកទៅដល់ព្រឹត្តិការណ៍ដ៏សំខាន់ ២ ចំណុចដែលបានកើតឡើង នៅក្នុងពេលដែលព្រះពុទ្ធជាម្ចាស់ទ្រង់ព្រះធរមាននៅឡើយ។
ព្រឹត្តិការណ៍សំខាន់ទី១ គឺពេលដែលព្រះអង្គទ្រង់ប្រជុំព្រះភិក្ខុសង្ឃចំនួន ១២៥០អង្គ ជាការប្រជុំលើកដំបូង ដើម្បីប្រកាសនូវគោលការណ៍មូលដ្ឋាននៃសាសនា ដែលហៅថា ឱវាទបាតិមោក្ខ។ ខ្លឹមសារសង្ខេបនៃឱវាទ បាតិមោក្ខនោះមាន ៣គាថាគឺ៖ គាថាទី១ ទ្រង់សម្តែងថា៖ កិរិយាមិនធ្វើនូវបាបទាំងពួង កិរិយាបំពេញកុសល កិរិយាធ្វើចិត្តរបស់ខ្លួនឲ្យផូរផង់ ទាំងនេះជាពាក្យប្រដៅរបស់ព្រះពុទ្ធទាំងឡាយ។
គាថាទី២ ទ្រង់សម្តែងថា៖ អំណត់គឺសេចក្តីអត់ធន់ជាតបធម៌ដ៏ឧត្តម ព្រះពុទ្ធទាំងឡាយទ្រង់ត្រាស់ថា ព្រះនិព្វានជាគុណជាតដ៏ឧត្តម អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិនមែនជាសមណៈឡើយ។
គាថាទី៣ ទ្រង់សម្តែងថា៖ កិរិយាមិនតិះដៀលអ្នកដទៃ១ កិរិយាមិនបៀតបៀនអ្នកដទៃ១ កិរិយាសង្រួមក្នុងព្រះបាតិមោក្ខ១ ភាវៈដឹងប្រមាណក្នុងភត្តាហារ១ ទីដេក និងទីអង្គុយដ៏ស្ងាត់១ កិរិយាបំពេញព្យាយាមក្នុងអធិចិត្ត១ ទាំងនេះជាពាក្យប្រដៅនៃព្រះពុទ្ធទាំងឡាយ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print