រឿង រនោចជីវិត (តចប់)

ចែករំលែក៖

– ពូនេត÷ ម៉ែវា !
– មីងភី ÷ ឪវាម៉េចក៏ឯងមករកខ្ញុំឃើញ។មីងភីភ្ញាក់ព្រឺតពេលឮសំឡេងដឹងថាប្ដីរបស់គាត់។
– ពូនេត÷ ខ្ញុំសួរពូជនគាត់ថាឯងនៅទីនេះខ្ញុំក៏មករកខ្លាចឯងមិនដឹងខ្ញុំនៅឯណា!
– មីងភី ÷ ហើយឯងមកមាននរណាដឹងទេ?
– ពូនេត ÷ មិនដឹងទេខ្ញុំចាំដល់យប់គេដេកអស់ ទើបមកហើយថាកូនឈឺម៉េចហើយ?
– មីងភី ÷ វាធូរបន្តិចហើយ ខ្ញុំដាំទឹកឬសឈើឲ្យវាផឹកមកពីវាស៊ីស្លឹកដំឡូងស្ងោរទាំងចាស់ច្រើនពេកទើបរាក ពោះឡើងខៀវតែប្រហែលជាលែងអីហើយ ឯងប្រញាប់ទៅវិញទៅ ខ្លាចគេឃើញតែពួកវាឃើញវាយកទៅកសាងមិនខាន។
– ពូនេត ÷ ខ្ញុំមកប្រាប់ឯងឱ្យដឹងខ្ញុំទៅវិញហើយ។ ពួកគាត់និយាយគ្នាខ្សឹបៗមិនឲ្យគេឮទេរួចពូនេតលូនចេញតាមក្រោយទៅវិញ។
រឿងរាល់យប់ ពេលគេដេកអស់ពូនេតតែងតែទៅលួចដកដំឡូង បេះដូង បេះចេកមិនថាចេកទុំឬខ្ចីទេ គាត់លក់បេះទាំងអស់ទោះដឹងថាមានគ្រោះថ្នាក់ក៏ដោយ។ ពេលបេះបានហើយ គាត់យកមកដុតក្នុងដីព្រោះខ្លាចគេឃើញ។ គាត់ចេះជីកដីរួចដាក់ដំឡូងក្នុងដី រុំឲ្យជិត រួចដុតភ្លើងពីលើឆ្អិនយកមកឲ្យប្រពន្ធកូនទៀត។
មិនថាតែពូនេតទេ ប្រជាជនមួយចំនួនគឺតែងតែលួចបែបនេះដូចគ្នា ព្រោះតែឃ្លាននិងហូបមិនឆ្អែត។ មីងភី បារម្ភពីពូនេត ណាស់ ពេលឃើញខ្មែរក្រហមចាប់បានអ្នកស្ទោសយកទៅធ្វើទារុណកម្មនិងសម្លាប់។ គាត់ខ្លាចប្ដីរបស់គាត់ត្រូវខ្មែរក្រហមចាប់បានយកទៅសម្លាប់ចោលដែរ។ ប៉ុន្តែទោះជាមីងធីប្រាប់ប្ដីរបស់គាត់យ៉ាងណាក៏ប្ដីគាត់មិនស្ដាប់ដែរ ព្រោះតែភាពអត់ឃ្លាន។
ក្រោយមកអង្គការបានបំបែកក្រុមប្រុសៗឲ្យទៅនៅឯឆ្ងាយពីក្រុមនារី។ ពូណេតមិនមានពេលមកមើលប្រពន្ធកូនរបស់គាត់ទៀតទេ។ បើស្កាត់មកជួបក៏ឆ្ងាយដែរហើយគាត់ខ្លាចឈ្លបចាប់បានយកទៅសម្លាប់ចោល។ នៅថ្ងៃមួយមីងភីធ្លាក់ខ្លួនឈឺ។ គាត់ទៅធ្វើការលែងកើត។ ចែគ្រីស បានទៅសុំមេកងថា មីងភីឈឺ ប៉ុន្តែមេកងមិនជឿទេពួកគេមកតាមមើល និងដេញឲ្យមីងភីទៅធ្វើការទៀត។ ឈ្លបពីរនាក់តាមមកមើលមីង ភីហើយស្រែកសួរទៅមីងពីរថា មើលមិត្តភី! ថាឈឺយ៉ាងម៉េចហើយដើររួចទេ? មីងភីក៏ឆ្លើយតបទៅដោយសំឡេងល្វើយៗថា តដើតមិនរួចទេមិត្តបងអើយ រងាខ្លាំងណាស់ អស់កម្លាំងផង ហូបអីក៏មិនបានពីរបីថ្ងៃហើយ។ ពេលនោះឈ្លបម្នាក់វ័យក្មេងនិយាយពាក្យអសុរោះដល់គាត់យ៉ាងច្រើនថា មិត្តឯងក្រោកមើ មនុស្សឥឡូវគំនិតអាក្រក់ណាស់ខ្ជិលធ្វើការពុតធ្វើជាឈឺស្ទើរគ្រប់គ្នា។ គ្រុនអី គ្រុនញាក់គ្រុនញ័រ គ្រុនត្រាក់ទ័រ គ្រុនឡាន គ្រុនបាយបាន គ្រុនខ្ជិលធ្វើការ ខាតការងារអង្គការអស់ហើយបើម្នាក់ៗពុតខ្ជិលគ្រប់គ្នាបែបនេះ។
មីភីអស់កម្លាំងពេកឈប់និយាយត ហើយសម្ងំដេកទៅ។ពួកឈ្លបទាំងពីរនាក់នោះត្រឡប់ទៅវិញបាត់ទៅ។ ដល់ព្រលប់ៗមានឈ្លបផ្សេងមកមួយក្រុមទៀត មានស្រីមានប្រុស មកស្រែកសួរក្រែងមីងភីធ្វើពុតជាឈឺ។ ឈ្លបម្នាក់មានវ័យកណ្ដាលជាមនុស្សនៅក្នុងភូមិជាមួយគ្នាឈ្មោះយ៉ែន។ យ៉ែននេះជាឈ្លបអង្គការ ពេលមានមុខមានមាត់លែងស្គាល់គ្នាឯង និងអ្នកភូមិហើយគាត់មកសួរនាំមីងភីតាមដានមើលតើឈឺមែនឬអត់៕ គាត់ឈរស្រែកពីក្រោមផ្ទះមកមិនហ៊ានឡើងលើផ្ទះជិតអ្នកជំងឺទេព្រោះខ្លាចឆ្លង។ ថ្មីៗនេះមានអ្នកឈឺដូចមីងភីច្រើនណាស់ ឆ្លងគ្នាស្លាប់បន្តគ្នារហូត។
យ៉ែន÷ អើមិត្តភី ឮថាមិត្តឯងឈឺមែនឬអត់?
មីងភីឮសំឡេងស្គាល់ថាពូយ៉ែន ព្រោះជាមនុស្សស្រុកភូមិជាមួយគ្នាក៏ឆ្លើយតបទៅវិញ។
មីងភី÷ ខ្ញុំឈឺពីរបីថ្ងៃហើយបងងើបមិនរួចទេ។
យ៉ែន÷ មិនមែនពុតជាឈឺគេចពីការងារទេឬ?
មីងភី÷ ឱបងអើយ! បើបងមិនជឿម៉េចមិនឡើងមកមើល បងឯងមិនដែលស្គាល់ខ្ញុំទេអី ខ្ញុំចេះធ្វើពុតពីពេលណាមក ។
យ៉ែន÷ អើឮថាមិត្តឯងហ្នឹងធ្វើពុតទេទើបគេឲ្យខ្ញុំមកមើល។
ចែគ្រីសនៅថែមីងភីក្បែរនោះក៏ឆ្លើយថា
ចែគ្រីស÷ បើមិត្តបងឯងមិនជឿម៉េចមិនឡើងមកមើលឲ្យឃើញ
យ៉ែន÷ ខ្ញុំមិនឡើងទេខ្លាចឆ្លងអាសន្នរោគ ។ គាត់ក៏លែងសួរ លែងឆ្លងឆ្លើយគ្នា តែនៅចាំលបមើលក្រែងមីងភី មានការនិយាយគ្នាពីរឿងអី។ គាត់ក៏អើតលបៗងើបមើលតាមប្រហោងរនាប ចំពេលដែលមីងភីចង់ក្អួតក៏ក្អួតតាមប្រឡោះប្រហោងរនាបមកដី។ ឈ្លបយ៉ែន រត់ចេញស្ទើរមិនទាន់។ លុះស្អែកឡើងទើបក្រុមពេទ្យរបស់អង្គការបានយកថ្នាំមកឲ្យមីងភី មានថ្នាំលេប និងថ្នាំចាក់។
ជីវិតរស់នៅរបស់ប្រជាជនក្នុងរបបខ្មែរក្រហមមិនខុសគ្នាប៉ុន្មាននោះទេ។ ប្រជាជនម្នាក់ៗខំធ្វើការតាំងពីព្រឹកដល់យប់ទៅតាមការកំណត់របស់អង្គការប្ដូរបបររាវមួយវែកដើម្បីរក្សាជីវិតឲ្យរស់។ ក្រោយថ្ងៃរំដោះ ៧មករាឆ្នាំ ១៩៧៩ ទើបប្រជាជនបានវិលមករស់នៅតាមផ្ទះសម្បែង ស្រុកកំណើតរបស់ខ្លួនជួបជុំក្រុមគ្រួសារវិញ។ ប៉ុន្តែប្រជាជនខ្លះត្រូវព្រាត់ប្រាស់ក្រុមគ្រួសារជារៀងរហូតដោយសារពួកខ្មាំងអប្រិយយកទៅសម្លាប់នៅក្នុងរបបខ្មែរក្រហម ៕ (ចប់ដោយបរិបូណ៌)


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print