មន្ត្រីកូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងកំពុងរុះរើសម្ភារៈបរិក្ខារនៅរមណីយដ្ឋាន Mount Kumgang ដែលជាទីតាំងរៀបចំការជួបជុំគ្រួសារដែលបែកគ្នា។
អ្នកនាំពាក្យក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងលោក Koo Byoung-sam បាននិយាយនៅ ថ្ងៃទី 13 ខែកុម្ភៈថា “ការរុះរើអគារនេះគឺជាទង្វើគ្មានបេះដូងដែលជាន់ឈ្លីការចង់បានរបស់គ្រួសារដែលបែកគ្នា។ យើងសោកស្តាយយ៉ាងខ្លាំងចំពោះទង្វើនេះរបស់កូរ៉េខាងជើង” ។
ក្រសួងក៏បានបន្ថែមថា ខ្លួននឹងពិចារណាវិធានការផ្លូវច្បាប់ប្រឆាំងនឹងការរំលោភសិទ្ធិអចលនទ្រព្យនេះ និងឆ្លើយតបរួមគ្នាជាមួយសហគមន៍អន្តរជាតិ។
រមណីយដ្ឋានភ្នំ Kumgang ដែលធ្លាប់ជានិមិត្តសញ្ញាលេចធ្លោនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអន្តរកូរ៉េ ត្រូវបានសាងសង់ដោយក្រុមហ៊ុន Hyundai Asan របស់កូរ៉េខាងត្បូង នៅលើភ្នំដ៏ស្រស់ស្អាតបំផុតមួយរបស់ប្រទេសកូរ៉េខាងជើង។ មជ្ឈមណ្ឌលជួបជុំគ្រួសារត្រូវបានបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ 2008 ជាមួយនឹងបន្ទប់ក្រោមដីមួយ និង 12 ជាន់ពីលើដី។ គ្រឿងបរិក្ខារផ្សេងទៀតទាំងអស់នៅក្នុងរមណីយដ្ឋានក៏ត្រូវបានកូរ៉េខាងជើងកម្ទេចចោលផងដែរ។
អ្នកនាំពាក្យរបស់ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងបាននិយាយថា “យើងជំរុញយ៉ាងខ្លាំងឱ្យកូរ៉េខាងជើងបញ្ឈប់ជាបន្ទាន់នូវការកម្ទេចនេះ” ។ “មិនមានហេតុផលសម្រាប់ការរុះរើដោយឯកតោភាគីរបស់កូរ៉េខាងជើងទេ ហើយអាជ្ញាធរកូរ៉េខាងជើងត្រូវតែទទួលខុសត្រូវទាំងស្រុង”។
ទីក្រុងព្យុងយ៉ាងមិនទាន់ធ្វើអត្ថាធិប្បាយជុំវិញព័ត៌មាននេះពីទីក្រុងសេអ៊ូលនៅឡើយទេ។ប្រជាជនជាង 10 លាននាក់នៅក្នុងប្រទេសទាំងពីរមានសាច់ញាត្តិរស់នៅឆ្លងកាត់ព្រំដែន បំបែកកំឡុងពេល ឬក្រោយសង្រ្គាមកូរ៉េឆ្នាំ 1950-53។ កូរ៉េខាងជើង និងកូរ៉េខាងត្បូងបានរៀបចំការជួបជុំគ្នាជាលើកដំបូងរបស់ពួកគេនៅឆ្នាំ 1985។ នៅឆ្នាំ 2000 ការជួបជុំគ្នានេះបានក្លាយជាព្រឹត្តិការណ៍ធម្មតាបន្ទាប់ពីកិច្ចប្រជុំកំពូលអន្តរកូរ៉េលើកដំបូងនៅឆ្នាំនោះ។
ចាប់តាំងពីឆ្នាំ 1988 ប្រជាជនកូរ៉េខាងត្បូងប្រហែល 130,000 នាក់បានចុះឈ្មោះក្នុងបញ្ជី “គ្រួសារដែលបែកគ្នា” ។ យោងតាមតួលេខផ្លូវការ គិតត្រឹមឆ្នាំ 2025 មនុស្សប្រហែល 36.000 នាក់នៅរស់រានមានជីវិត ហើយ 75% នៃពួកគេមិនដឹងថាសាច់ញាតិរបស់ពួកគេនៅក្នុងប្រទេសកូរ៉េខាងជើងនៅមានជីវិតឬអត់នោះទេ។
ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងនៅចុងខែឧសភា ឆ្នាំ 2024 នៅពេលដែលប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះប៉េងប៉ោងដែលមានសំរាមចូលទៅក្នុងប្រទេសកូរ៉េខាងត្បូងជាការឆ្លើយតបទៅនឹងសកម្មជនកូរ៉េខាងត្បូងដែលប្រើប៉េងប៉ោងដើម្បីទម្លាក់ខិត្តប័ណ្ណ ជួនកាលមានសាច់ប្រាក់ អង្ករ ឬដ្រាយ USB ដែលមានរឿងភាគទូរទស្សន៍ឆ្លងកាត់ព្រំដែន។ ទីក្រុងសេអ៊ូលបានឆ្លើយតបដោយការបន្តការផ្សាយការឃោសនានៅព្រំដែន៕
រូបថត: AFP