ភ្នំពេញ៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានឱ្យដឹងថា នៅទីស្តីការក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះ លោក នេត្រ ភត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានអញ្ជើញចូលរួម និងធ្វើបទបង្ហាញស្តីពីការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ជូនអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព។
លោករដ្ឋមន្ត្រី នេត្រ ភត្រា បានធ្វើការបង្ហាញជូនអង្គសន្និបាតអំពីព័ត៌មានទូទៅនៃនិន្នការនៃការប្រើប្រាស់គ្រឿងស្រវឹងនៅទូទាំងពិភពលោកដោយផ្អែកតាមលទ្ធផលនៃការសិក្សាមួយដែលធ្វើឡើងដោយយោងតាមទិន្នន័យក្នុងឆ្នាំ២០២២។ លោករដ្ឋមន្ត្រី បានធ្វើការបង្ហាញពីស្ថានភាពនៃផលិតផលគ្រឿងស្រវឹងក្នុងប្រទេសកម្ពុជា ដែលបង្ហាញពីក្រុមហ៊ុនផលិតគ្រឿងស្រវឹងធំៗ ព្រមទាំងវិធីសាស្រ្តនៃការផ្សព្វផ្សាយផលិតផល និងការចំណាយក្នុងការផ្សព្វផ្សាយរបស់ពួកគេ។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់អំពីបញ្ហាប្រឈមនៃការផ្សព្វផ្សាយគ្រឿងស្រវឹង និងបានលើកឡើងពីវិធានការក្នុងការទប់ស្កាត់ការផ្សព្វផ្សាយផលិតផលប្រភេទនេះ ដែលស្របតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាក្រកម្ពុជាផងដែរ។
តាមការបញ្ជាក់របស់ លោករដ្ឋមន្រ្តីក្រសួងព័ត៌មាន រដ្ឋាភិបាលបានសម្រេចបង្កើតក្រុមការងារគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដែលមានក្រសួងព័ត៌មានជាប្រធាន ក្នុងគោលដៅគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលប្រភេទនេះ ដើម្បីលើកកម្ពស់សោភ័ណភាព ធានាសណ្តាប់ធ្នាប់សង្គម សុខុមាលភាពសាធារណៈ កាត់បន្ថយផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច វប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងជំរុញឱ្យមានការប្រកួតប្រជែងប្រកបដោយសុចរិតភាព។
លោករដ្ឋមន្ត្រី បានលើកឡើងបន្តថា គោលការណ៍នៃការគ្រប់គ្រងការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង បានកំណត់ឱ្យមានការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ឫភេសជ្ជៈដែលមានជាតិស្រវឹងត្រឹម ៥០ភាគរយប៉ុណ្ណោះនៃចំនួនប៉ាណូសរុបដែលមានស្រាប់នៅតាមបណ្តារាជធានី-ខេត្ត ហើយ៥០ភាគរយទៀត អាចធ្វើការផ្សព្វផ្សាយពីផលិតផលមិនមែនគ្រឿងស្រវឹង ឫអំពីសក្តានុពល ឬសមិទ្ធផលរបស់ខេត្ត/រដ្ឋាភិបាល ដែលអាចជាការចូលរួមចំណែកពីសំណាក់ម្ចាស់ផលិតផលនានា ឫម្ចាស់ទីតាំងផ្ទាំងប៉ាណូផ្ទាល់។ ដែលការងារនេះ ក្រសួងព័ត៌មាន ត្រូវអនុវត្តក្រោមកិច្ចសហការជាមួយក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងក្រុមហ៊ុនផលិតគ្រឿងស្រវឹង ឫផលិតផលមានជាតិស្រវឹង ដើម្បីធ្វើយ៉ាងណាឱ្យគោលការណ៍នេះទទួលបានប្រសិទ្ធភាព និងលទ្ធផលដូចការរំពឹងទុក៕
ដោយ៖តារា