រដ្ឋមន្រ្តីសុខាភិបាល៖ «មន្ទីរពេទ្យមានការប្រែប្រួលជាងមុន ភ្លឺជាងមុន (ល្អជាងមុន) ភ្លូក(ប្រជាជនមកទទួលសេវាច្រើនកុះករ) ប្លែកជាងមុន (រីកចម្រើនជាងមុន) ភ្លាម(បុគ្គលិករហ័សរហួន)»

ចែករំលែក៖

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបើកទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី២៧ និងថែទាំវេជ្ជសាស្ត្រលើកទី១៤ និងការបំពាក់គ្រឿងឥស្សរិយយស ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក លោកស្រី​ ថ្នាក់ដឹកនាំក្រសួង មន្ទីរពេទ្យជាតិ មជ្ឈមណ្ឌលជាតិ ស្ថាប័នពាក់ព័ន្ធ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសម្ព័ន្ធមេត្រីភាព អង្គការដៃគូ ភ្ញៀវជាតិ អន្តរជាតិ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងតាមប្រព័ន្ធអនឡាញ Zoom សរុបប្រមាណចំនួន ៣៥០នាក់។

ជាកិច្ចចាប់ផ្តើម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានមានចំណាប់អារម្មណ៍ថា ពេលមកដល់មន្ទីរពេទ្យនាពេលនេះ មានការប្រែប្រួល និងការរៀបចំបានល្អប្រសើរជាងមុន៖ ១) ភ្លឺជាងមុន ២) ភ្លូក មានអ្នកជំងឺមកពិនិត្យព្យាបាលច្រើនកុះករ ទទួលបានទំនុកចិត្តពីប្រជាជន ៣) ប្លែកជាងមុន ក្នុងន័យមន្ទីរពេទ្យមានការរីកចម្រើនល្អប្រសើរឡើង ពីមួយឆ្នាំទៅមួយឆ្នាំ ៤) ភ្លាម ផ្តោតលើបុគ្គលិកមានភាពរហ័សរហួស ការរៀបចំរបស់មន្ទីរពេទ្យលឿនឆាប់រហ័ស។ លោកសាស្រ្តាចារ្យ បានណែនាំកត្តាដែលធ្វើឱ្យការពិនិត្យព្យាបាលបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ដោយត្រូវមានការចូលរួមពីអ្នកជំនាញពាក់ព័ន្ធ ក្នុងការចូលរួមដោះស្រាយ ធ្វើរោគវិនិច្ឆ័យ និងសិក្សាស្វែងយល់ ប្រជុំគ្នា ដើម្បីចូលរួមដោះស្រាយទាំងអស់គ្នា រកគន្លឹះធ្វើយ៉ាងម៉េចឱ្យបានឆាប់រហ័ស និងប្រសិទ្ធភាពខ្ពស់។

លោកសាស្រ្តាចារ្យ ក៏បានចែករំលែកបទពិសោធន៍គន្លឹះដល់គ្រូពេទ្យឱ្យបានពូកែ សម្រាប់ថ្ងៃនេះ ថ្ងៃស្អែក និងថ្ងៃខាងមុខ ដោយត្រូវ ១) ផ្តោតអារម្មណ៍លើអ្នកជំងឺ ២) ជ្រើសរើសគិតគូរឱ្យបានដិតដល់នូវសុខុមាលភាពរបស់អ្នកជំងឺ ៣) ផ្តោតលើការស្វែងយល់ សិក្សារៀនសូត្រជាបន្តបន្ទាប់ ៤) យកចំណេះដឹងទាំងឡាយ ដែលបានសិក្សា យកមកប្រើប្រាស់ដោយគតិបណ្ឌិត ៥) មានក្រមសីលធម៌ អនុវត្តត្រឹមត្រូវ តម្លាភាព សុចរិតភាព ៦) មានទំនាក់ទំនងល្អជាមួយអ្នកជំងឺ ៧) បំពេញភារកិច្ចការងារ ដោយការបេ្តជ្ញាចិត្ត ៨) គ្រប់សកម្មភាពត្រូវផ្តោតលើការពង្រឹងវិជ្ជាជីវៈ វេជ្ជសាស្រ្ត ការព្យាបាល ថែទាំ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍បន្ថែម មួយចំនួនទៀតជារួម ដល់អង្គពិធី និងដល់គ្រប់អង្គភាពសុខាភិបាលទូទាំងប្រទេស ៖
– ត្រូវបន្តពង្រឹងសមត្ថភាពវិជ្ជាជីវៈវេជ្ជសាស្រ្តបន្ថែមគ្រប់កម្រិត និងគ្រប់ជំនាញឯកទេស ជំនាញថ្មីៗ ប្រកបដោយនវានុវត្តន៍ តាមរយៈការបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅប្រទេស និងបន្តជួយបណ្តុះបណ្តាលដល់អ្នកបន្តវេនទៅថ្ងៃមុខ។
– បន្តយកចិត្តទុកដាក់លើកកំពស់ ការផ្តល់សេវាជូនប្រជាពលរដ្ឋ ដោយភាពទន់ភ្លន់ឆ្លើយតបបានទាន់ពេលវេលា ត្រូវប្រកាន់ខ្ជាប់ជានិច្ច នូវក្រមសីលធម៌វិជ្ជាជីវៈវេជ្ជសាស្ត្រ ដើម្បីឱ្យមានភាពជិតស្និទ្ន រវាងគ្រូពេទ្យជាអ្នកបម្រើសេវាផ្ទាល់ជាមួយអ្នកជំងឺ និងសាច់ញាត្តិ បង្កើនបានទំនុកចិត្តពីសំណាក់ប្រជាពលរដ្ឋ។
– បន្តបង្កើនការផ្តល់អាទិភាពដល់អ្នកជំងឺចាស់ជរា បងប្អូនពិការភាព បងប្អូនជួបលំបាកការខ្វះខ្វាតផ្សេងៗ ធ្វើយ៉ាងណាបង្កលក្ខណៈជូនដល់គាត់ ឱ្យទទួលសេវាព្យាបាលថែទាំ ឆ្លើយតបបានទៅនឹងស្ថានភាពជំងឺជាក់ស្តែង និងផ្តល់ការពន្យល់ទូលំទូលាយ។
– យកចិត្តទុកដាក់ទៅលើអ្នកជំងឺទឹកនោមផ្អែម និងលើសសម្ពាធឈាម និងចែករំលែកចំណេះដឹងដល់ខេត្តនានា ពិសេសសុខភាពបឋម ដល់កម្រិតថ្នាក់ខេត្ត ស្រុក និងមណ្ឌលសុខភាព។

...

ក្នុងនោះក៏មានពិធីបំពាក់គ្រឿងឥស្សរិយយស មេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងអង្គការដៃគូ សប្បុរសជន ដែលតែងតែសហការគាំទ្រ ជួយដល់មន្ទីរពេទ្យកន្លងមក ចំនួន ១៤៩រូប៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print