ទេសរដ្ឋមន្រ្តី លី ធុជ៖ កម្ពុជាគ្មានផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឆ្នាំ២០២៦-២០៣៥

ចែករំលែក៖

ភ្នំពេញ​៖​ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានបញ្ជាក់ថា កម្ពុជាបានដាក់ចេញនូវគោលនយោបាយជាតិសកម្មភាពមីន គឺយើងប្ដេជ្ញារួមគ្នារំដោះផ្ទៃដីដែលដឹងថា មានមីនឱ្យអស់ត្រឹមឆ្នាំ២០៣០ ផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោម និងតំបន់ដែលមានសំណល់ជាតិផ្ទុះ កម្ពុជានិងគ្មានផលប៉ះពាលដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមនូវឆ្នាំ២០២៦- ២០៣៥។ លោកទេសរដ្ឋមន្ដ្រីបានបញ្ជាក់បែបនេះក្នុងសិក្ខាសាលាស្ដីពីគោលនយោ បាយជាតិសម្មភាពមីន ២០២៦-២០៣៥ នៅស្នាក់ការអាជ្ញាធរមីន នាថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកទេសរដ្ឋមន្ដ្រី លី ធុជ បានបញ្ជាក់ថា តាមរយៈសិក្ខាសាលាថ្ងៃនេះផងដែរ យើងនឹងធ្វើការពិភាក្សា ដើម្បីប្រមូលធាតុចូលបន្ថែមពីគ្រប់ភាគីពាក់ព័ន្ធពិនិត្យមើលសេចក្តី ព្រាងគោលនយោបាយ ដើម្បីធានាថាគោលនយោបាយថ្មីរបស់យើង មានភាពគ្រប់ជ្រុងជ្រោយ និងអាចឱ្យយើងសម្រេចបានមហិច្ចតា និងចក្ខុវិស័យវែងឆ្ងាយរបស់យើងហើយឬនៅ។

សិក្ខាសាលានេះនឹងបានដាក់ចេញនូវគោលបំណង (Goal) ចំនួន៦គឺ៖ ទី១. រំដោះផ្ទៃដីដែលដឹងថាមានមីនឱ្យអស់ត្រឹមឆ្នាំ២០៣០ ផ្ទៃដីដែលដឹងថាមានគ្រាប់បែកចង្កោម និងតំបន់ដែលមានសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលបានចាត់អាទិភាពត្រឹមឆ្នាំ២០៣៥។ ទី២. បង្កើតសមត្ថភាព និងក្របខ័ណ្ឌជាតិប្រកបដោយនិរន្តរភាព ដើម្បីគ្រប់គ្រងតំបន់គំរាមកំហែងដែលនៅសេសសល់។ ទី៣. ផ្តល់ការអប់រំអំពីគ្រោះថ្នាក់យុទ្ធភណ្ឌគ្រឿងផ្ទុះប្រកបដោយប្រសិទ្ធភាពឈានទៅផ្លាស់ប្តូរ តម្រូវការ និងបរិបទ។ ទី៤. ផ្តល់សេវា និងជំនួយដ៏សមរម្យ និងប្រកបដោយប្រសិទ្ធភាពដល់ជនរងគ្រោះដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ។ ទី៥. លើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងជំនួយប្រកបដោយប្រសិទ្ធភាពក្នុងសកម្មភាពមីន និងទី៦. ធានាថារាល់សកម្មភាពមីនទាំងអស់ ត្រូវឆ្លើយតបទៅនឹងបញ្ហាអន្តរវិស័យ និងប្រើប្រាស់កត្តាជំរុញនានាដែលអាចជួយឱ្យសកម្មភាពមីនមានប្រសិទ្ធភាព។

ទេសរដ្ឋមន្ដ្រី​ បានបញ្ជាក់ថា សង្គ្រាមអូសបន្លាយជាច្រើនទស្សវត្សរ៍ បានបន្សល់នូវមីន និងសំណល់ជាតិផ្ទុះយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់ រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្មដ៏ឈឺចាប់ និងរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ក៏ប៉ុន្តែប្រទេស និងប្រជាជនកម្ពុជា មានភ័ព្វសំណាង ដោយក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ជាមួយនឹងគោលនយោបាយ “ឈ្នះ-ឈ្នះ” របស់សម្តេចបាននាំមកនូវការបង្រួបបង្រួមជាតិ សន្តិភាព និងស្ថិរភាព និងឈានទៅការបោសសម្អាតមីន និងដោះស្រាយផលអវិជ្ជមាននានា បង្កដោយគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលចូលរួមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ និងកាត់បន្ថយភាពក្រីក្រក៏ដូចជាការបន្តដឹកនាំ ប្រកបដោយបញ្ញាញាណ និងឆន្ទះមុះមុតរបស់សម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនជាតិមាតុភូមិ៕ ដោយ៖តារា

...

រូបភាព​៖ AKP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print