ក្រោយបទបញ្ជាស្នងការនគរបាលរាជធានីភ្នំពេញ, Logo បិទលើឡានដឹកទំនិញ និងឡានដឹកដី ថ្ម ខ្សាច់ មួយចំនួនត្រូវបានបកចេញ

ចែករំលែក៖

ភ្នំពេញ ៖ បន្ទាប់ពីបទបញ្ជាឲ្យស្រាវជ្រាវរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ Logo ដែលមានអក្សរ «NC» ត្រូវបានអ្នកគ្រប់គ្រងគេនោះណែនាំឲ្យបកចេញជាបន្ដបន្ទាប់ ដើម្បីកុំឲ្យមានជាប់ពាក់ព័ន្ធដល់អ្នកនៅខាងក្រោយ។

បើទោះបី Logo «NC» ត្រូវបានដោះចេញក៏ពិតមែន ប៉ុន្ដែអ្នកដែលនៅពីខាងក្រោយនេះ បានណែនាំដល់ម្ចាស់រថយន្ដទាំងអស់បង់លុយប្រចាំខែឲ្យគេថា ក្នុងករណីមាននគរបាលចរាចរណ៍ ចាប់ ឬឃាត់នៅគោលដៅណាត្រូវទាក់ទងតាមខ្សែបណ្ដោយលេខទូរស័ព្ទដែលគេផ្ដល់ឲ្យ ដើម្បីគេចេញអន្ដរាគមន៍ដោះភ្លាមៗតែម្ដង។ ផ្ទុយទៅវិញបើមានករណីបែបនេះ គប្បីកម្លាំងជំនាញស្រាវជ្រាវរកឱ្យឃើញ អង្ភភាពណាបង្កើតវប្បធម៌រកលុយដោយរបៀបនេះ ? ហើយក្នុងខែៗបានប៉ុន្មានទៅ ? ព្រោះជាអំពើពុករលួយ ដែលសង្គមយុត្តិធម៌មិនត្រូវការ។

សូមរំលឹកថា នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងនគរបាលជំនាញ បើកការស្រាវជ្រាវបន្ទាន់មួយ ក្រោយធ្លាយព័ត៌មានថាមាន Logo មួយចំនួនបានបិទលើឡានដឹកទំនិញ និងឡានដឹកដីជាដើម ដើម្បីទទួលបានសិទ្ធិអាទិភាពចេញចូលក្រុង និងស្រួលបើកបរពេលជួបគោលដៅនគរបាលចរាចរណ៍នីមួយៗ។

ការចេញបទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការនេះ បានកើតមានឡើងក្រោយ មានព័ត៌មានមួយចំនួន ត្រូវបានទម្លាយថា សម្រាប់ឡានដឹកទំនិញ ឡានដឹកដី និងឡានដឹកខ្សាច់ជាដើម ម្ចាស់ឡានស្វែងរកស្លាក Logo មកបិទលើឡានរបស់ខ្លួននោះ មានភាពងាយស្រួលចេញចូលក្រុង ហើយតាមគោលដៅចរាចរណ៍ដែលកម្លាំងនគរបាលឈរជើង មានភាពងាយស្រួល ពោលគ្រាន់តែឃើញស្លាក Logo ទាំងនេះ គឺមិនសូវជាចាប់អារម្មណ៍ និងមិនចាប់ផាកពិន័យនោះឡើយ បើទោះពីរកឃើញពេលខ្លះបានល្មើសចរាចរណ៍ក៏ដោយ។

បើយោងតាមការលើកឡើងពីអ្នករកសុី គាត់ទទួលបានដំណឹងខ្លះជាបន្តបន្ទាប់ថា Logo ខ្លះដូចជា «NC» នេះគ្រាន់តែបិតនៅលើឡានដឹកទំនិញ និងឡានដឹកដី ថ្ម ខ្សាច់ ត្រូវបង់មួយខែប្រមាណ៣០ដុល្លារ ហើយឡានដែលមានបិទ Logo នេះមិនតិចនោះឡើយ ពោលរាប់រយឡានឯណោះ។

ដោយឡែកនៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានបញ្ជាក់ថា «ខ្ញុំបានឲ្យកម្លាំងនគរបាលខាងបុគ្គលិកធ្វើការស្រាវជ្រាវបន្ទាន់»។

មជ្ឈដ្ឋានមួយចំនួន ដែលបានដឹងរឿងរ៉ាវទាំងនេះ បានលើកឡើងថា តាមពិត Logo បិទលើឡាននេះមានយូរណាស់មកហើយ ដែលអាចផ្តល់សិទ្ធិអាទិភាពសម្រាប់ការដឹកទំនិញផ្សេងៗ ចូលក្រុងទោះម៉ោងហាមឃាត់ក៏ដោយ ដែលផ្តល់ភាពងាយស្រួលដល់អ្នករកស៊ីដឹកទំនិញ ពោលគ្រាន់តែបង់លុយប្រចាំខែជូនអ្នកម៉ៅស្លាក Logo នេះ រួចជាការស្រេច។ សង្ឃឹមថា ថ្នាក់ដឹកនាំពាក់ព័ន្ធ នឹងធ្វើការស្រាវជ្រាវករណីនេះ ដើម្បីលុបបំបាត់ភាពអនាធិបតេយ្យ ទាំងនេះ ដែលបានកើតឡើងយូរឆ្នាំមកហើយ។
សូមរំលឹកបន្តិច ! បញ្ហាឡានមានដាក់ Logo ជាសញ្ញា ត្រូវដង ត្រូវផ្លែគ្នានេះ ជាទម្លាប់បើកបរក្នុងលឿនៗ សុីប្លេរលាន់ឮចង់បែកក្រដាសត្រចៀក និងមិនទាំងពាក់ស្លាកលេខទៀតផង បើកចូលក្រុងទាំងយប់ ទាំងថ្ងៃ។ សូមឱ្យវប្បធម៌ពុករលួយ រឿងដាក់ Logo ជាសញ្ញា ត្រូវដង ត្រូវផ្លែគ្នានេះ បញ្ឈប់សកម្មភាព មានចរាចរណ៍លើដងផ្លូវតាមរាជធានី ខេត្ត ដើម្បីឱ្យការដឹកជញ្ជូន ការចរាចរណ៍ទំនិញ មានសិទ្ធស្មើគ្នាចំពោះមុខច្បាប់ ។ ម្យ៉ាងទៀតកន្លងទៅបើសារព័ត៌មានណារិៈគន់ រឿង Logo ដាក់ឡាន គឺសមត្ថកិច្ចកោះហៅ ជាការគំរាម ខ្លាំងជាងតុលាការទៅទៀត ព្រោះខ្លាចបែកឆ្នាំងបាយរបស់ពួកគេ ។ សូមគាំទ្រចំណាត់ការរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ប្រកបដោយតម្លាភាព ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print