លោក ឯក សំអុល ពេញចិត្តនឹងសមិទ្ធផល នៃឆ្នាំផ្លាស់ប្តូរប្រជាជន ហើយ «សន្និសីទខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន» គឺជាព្រឹត្តិការណ៍ដែលឯកឧត្តមចាប់អារម្មណ៍ជាងគេ

ចែករំលែក៖

ភ្នំពេញ ៖ ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន លោក ឯក សំអុល បានថ្លែងថា ក្នុងចំណោមសកម្មភាពជាច្រើន ដែលកម្ពុជានិងចិនធ្វើរួមគ្នាអបអរសាទរ ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្មវិធីមួយ ដែលដក់ជាប់ក្នុងបេះដូងរបស់ឯកឧត្តមជាងគេ គឺ សន្និសីទខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន។

លោក បានមានប្រសាសន៍ ប្រាប់ក្នុងកិច្ចសម្ភាសន៍ ថ្មីៗនេះថា ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន ២០២៤ គឺជាកម្រិតនៃសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងរដ្ឋាភិបាល ព្រមទាំង បណ្តាវិស័យនានារបស់កម្ពុជានិងចិន ដែលបានខិតខំបំពេញសកម្មភាព ដ៏មមាញឹកដ៏ច្រើន។ ក្នុងនោះ សន្និសីទខេត្ត-ក្រុងមេត្រីភាព កម្ពុជា-ចិន ដែលរៀបចំឡើង នៅខេត្តសៀមរាប កាលពីខែវិច្ឆិកា គឺជាព្រឹត្តិការណ៍ ដែលដក់ជាប់ក្នុងបេះដូង របស់ឯកឧត្តម ដោយសារតែ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ទាំងកម្ពុជា និងចិន ចាប់តាំងពីកម្រិតថ្នាក់ជាតិ រហូតដល់ថ្នាក់ខេត្ត។ មានទាំងមន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា រដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ហើយលោកក៏បានចូលរួមផ្ទាល់ ជាមួយនឹងវត្តមាននៃប្រតិភូខេត្តក្រុងចិន មានចំនួន៨ ខណៈដែលកម្ពុជា មានទាំងគ្រប់រាជធានី-ខេត្ត ចូលរួម។

« ដូច្នេះ ព្រឹត្តិការណ៍នេះឆ្លុះបញ្ជាំងពីការផ្លាស់ប្តូរប្រជាជននិងប្រជាជន ពីថ្នាក់ជាតិ រហូតដល់ថ្នាក់ក្រោមជាតិ គឺ យើងបានផ្លាស់ប្តូរគ្នា ទៅវិញទៅមក តាមរយៈវេទិកាផ្សេងៗ សង្កត់ធ្ងន់ លើការពង្រឹង និងពូនជ្រុំចំណងមិត្តភាពសហការប្រតិបត្តិការកម្ពុជាចិន ពីថ្នាក់ជាតិ រហូតដល់ ខេត្ត ក្រុង។ ប្រធានបទយកចិត្តទុកដាក់គឺ ជំរុញវិស័យទេសចរណ៍ ឲ្យឈានទៅមួយជំហានទៀត ដើម្បីទាក់ទាញទេសចរ ទាំងកម្ពុជា ទាំងចិន ដោយពេលនោះ លោកឯកអគ្គរដ្ឋទូតចិនសង្ឃឹមថា ទេសចរចិននឹងកើនឡើងយ៉ាងខ្លាំងក្លា នៅឆ្នាំ២០២៥»។

លោក ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន បញ្ជាក់ដែរថា ក្នុងឆ្នាំផ្លាស់ប្តូរប្រជាជន ឯកឧត្តមបានអញ្ជើញ ទៅបំពេញទស្សនកិច្ច នៅប្រទេសចិន ជាមួយនឹងសកម្មភាពជាច្រើន ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print