ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានី ភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់តាមបណ្តោយផ្លូវបេតុងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញឱ្យបានជ្រាបថា៖ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអនុវត្តគម្រោងផែនការ វិនិយោគហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក សម្រាប់បញ្ចៀសការជន់លិចដោយទឹកភ្លៀង ស្ថិតក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ ក្នុងនោះគម្រោងសាងសង់ពង្រីកបន្ថែមស្ថានីយបូមទឹកលូប្រាំ ដោយបំពាក់បន្ថែមម៉ូទ័រ បូមទឹក មុខកាត់ ១,៥ម៉ែត្រ ចំនួន ០២គ្រឿង និងមុខកាត់ ០១ម៉ែត្រ ចំនួន ០១គ្រឿង ដែលមានសមត្ថភាពបូមទឹក ១២ម៉ែត្រគូប ក្នុង១វិនាទី។ បច្ចុប្បន្នការងារសាងសង់ស្ថានីយនេះ ដល់ដំណាក់កាលសង្កត់គ្រឹះដើម្បីចាក់ធ្នឹមទ្រ និងដំឡើងបំពង់ដែកបង្ហូរទឹកចេញនៅក្រោមផ្លូវបេតុងលូប្រាំ ស្ថិតក្នុងភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ដើម្បីឱ្យដំណើរការគម្រោងនេះបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបិទផ្លូវបេតុងលូជ្រ ឆ្លងកាត់ប្រឡាយភូមិម័លជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ៨:០០ នាទីព្រឹក រហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទីល្ងាច។ ផុតរយៈពេលខាងលើ ផ្លូវបេតុងនេះ នឹងដាក់ឱ្យដំណើរការចរាចរណ៍ឡើងវិញ ។
អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងធ្វើដំណើរឆ្លងកាត់តាមផ្លូវខាងលើ មេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខាន ដល់ការធ្វើចរាចរណ៏ ឆ្លងកាត់ការដ្ឋាន និងផលប៉ះពាល់ផ្សេងៗ ដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើ ទៅតាមផែនទីពង្វាងចរាចរ ដែលបានជូនភ្ជាប់មកជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាម ផែនការកំណត់។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរលើកំណាត់ផ្លូវ ខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់ ៕ ដោយ សំរិត