ខេត្តបាត់ដំបង ៖ កុមារី អាយុទើប២ខួបម្នាក់ ត្រូវម្ដាយរបស់នាងប្រើកាំបិតប៉័ងតោកាប់ដាច់.កបណ្ដាលឲ្យនាងស្លាប់យ៉ាងរន្ធត់ កាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី ១៤ កុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅចំណុចភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង តែសមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុដែលនាំឲ្យមានអំពើឃាតកម្មម្ដាយសម្លាប់កូនបង្កើតនេះទេ ។
ក្រោយសម្លាប់កូនស្រីនៅក្នុងផ្ទះយ៉ាងស្ងាត់ស្ងៀម ស្ត្រីជាម្ដាយមិនបានរត់គេចខ្លួនទេ ហើយត្រូវកម្លាំងអធិការក្រុងបាត់ដំបងឃាត់ខ្លួនយកទៅកាន់អធិការរដ្ឋាននគរបាលក្រុង ភ្លាមៗដែរដើម្បីសួរនាំ ។ បើតាមមន្ត្រីជំនាញប្រាប់ថា ជនសង្ស័យឈ្មោះ សួ សុភា ភេទស្រី អាយុ ៣០ឆ្នាំ រីឯកូនស្រីដែលស្លាប់ឈ្មោះ ហឿម ស្រីម៉ាច អាយុ២ឆ្នាំ។
សមត្ថកិច្ចបានប្រាប់ថា ពេលកើតហេតុ ម្ដាយនិងកូនស្រីរងគ្រោះកំពុងសំងំនៅក្នុងផ្ទះ ហើយប្ដីរបស់គាត់កំពុងទៅស៊ីឈ្នួលបូមទឹកដាក់ស្រែឲ្យគេនៅឆ្ងាយពីផ្ទះ ។ ក្នុងករណីនេះ មានតែសាច់ញាតិជនសង្ស័យទេដែលបានដឹងភ្លាមៗ ហើយបានទូរស័ព្ទប្រាប់ប្ដីឲ្យមកជួយ តែកូនស្រីត្រូវម្ដាយកាប់ដាច់.កស្លាប់បាត់ទៅហើយ ។
បើតាមសាច់ញាតិដែលដឹងពីដំបូងបានប្រាប់សមត្ថកិច្ចថា ម្ដាយបានសំងំនៅក្នុងផ្ទះជាមួយកូនស្រី ហើយពេលនោះគេឮកូនស្រីយំ ។ ពេលឮកូនយំ ជីដូននៅក្បែរនោះក៏រត់ទៅមើលតាមបង្អូច ឃើញស្ត្រីជាម្ដាយកំពុងច្របាច់.កកូនស្រី ហើយបានស្រែកគំរាមគាត់ (ជីដូនកុមារី) មិនឲ្យចូលក្បែរ ។ ឃើញសភាពបែបនេះ ជីដូនក៏បានទូរស័ព្ទទៅហៅប្ដីដែលកំពុងបូមទឹក លុះពេលមកដល់ឃើញកូនស្រីស្លាប់បាត់ទៅហើយ ។ ពេលមកដល់ផ្ទះប្ដីគាស់ទ្វារចូលឃើញប្រពន្ធអង្គុយកាន់កាំបិត រីឯសពកូនស្រីត្រូវម្ដាយដៃដល់ញាត់ចូលក្នុងធុងទឹកកក ដែលបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ជុំវិញអំពើឃាតកម្មម្ដាយកាប់សម្លាប់កូនស្រីបង្កើតខាងលើនេះ បើតាមក្រុមគ្រួសារ និងប្ដី ជនដៃដល់បានប្រាប់ថា ស្ត្រីដៃដល់ធ្លាប់កើតរោគសរសៃប្រសាទ និងធ្លាប់ប្រើថ្នាំសសៃរប្រសាទផងដែរ ។ ជាទម្លាប់ស្ត្រីរូបនៅសំងំនៅតែក្នុងផ្ទះមិនសូវនិយាយស្ដីជាមួយក្រុមគ្រួសារឬអ្នកជិតខាងទេ ។ ប៉ុន្តែនៅថ្ងៃកើតហេតុ មិនដឹងយ៉ាងម៉េចបានជាស្ត្រីរូបនេះមានចរិតកាចសាហាវ រហូតទាញកាំបិត ប៉័ងតោកាប់សម្លាប់កូនស្លាប់យ៉ាងរន្ធត់។
មន្ត្រីបច្ចេកទេសដែលកំពុងពិនិត្យសាកសពបានបញ្ជាក់ថា ស្ត្រីជាម្ដាយបានប្រើប្រាស់កាំបិតប៉័ងតោកាប់ដាច់.កកូនស្រី សល់តែស្បែកប៉ុណ្ណោះ។ ពេលនេះកម្លាំងអធិការក្រុងបាត់បាននាំខ្លួនជនសង្ស័យទៅកាន់អធិការក្រុង ដើម្បីសួរនាំចាត់ការតាមនីតិវិធីហើយ៕