ភ្នំពេញ ៖ នាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនថៅកែស្រីជនជាតិវៀតម្នាក់ ជានាយកក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ដោយជាប់ពាក់ព័ន្ធការនាំចូល និងស្តុកទឹកឃ្មុំក្លែងបន្លំ ប្រមាណជិត២០ តោន ។
ជនសង្ស័យមានឈ្មោះ NGUYEN THI THANH THIEN ភេទស្រី ជាជនជាតិវៀតណាម ជាម្ចាស់ក្រុមហ៊ុន ច័ន្ទ ហាន់នី អិមផត អិចផត ឯ.ក អាសយដ្ឋានស្នាក់នៅផ្ទះលេខ ៧៦ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ សំណុំរឿងបានស្ថិតនៅដៃលោក ឆាយ ហុង ព្រះរាជអាជ្ញារង បើកការស៊ើបសួរ ។
សូមជម្រាបថា នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ កម្លាំងជំនា ញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមការដឹកនាំសម្របស ម្រួលនីតិវិធីផ្ទាល់ដោយលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដោយមានការចូលរួមពីមន្រ្តីសាខា ក.ប.ប រាជធានីភ្នំពេញ មន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO, LTD ស្ថិតនៅផ្ទះលេខ ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុកទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ ។ ក្នុងការត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ ធុង ដែលមានទំងន់សរុប១៩,៨៩០ គីឡូក្រាម (ជិត២០ គីឡូក្រាម) ។ ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅ ក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទ
ឃ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម រួមនឹងបុគ្គលពាក់ ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី ។
ជាមួយគ្នានេះសមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមរួមគ្នាគោរពច្បាប់ទាំងអស់គ្នាដើម្បីលើកកម្ពស់កិតិ្តយស កេរ្ត៍ឈ្មោះរបស់កម្ពុជាយើង ក៏ដូចជាទំនុកចិត្តពីអ្នកវិនិយោគទុន ហើយបើមានព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា ៕