ភ្នំពេញ ៖ ប្រហែលជាមកពីគាត់គ្មានមុខរបរប្រចាំថ្ងៃពិតប្រាកដ បានជាលោក សម រង្ស៊ី ឃើញតែដើរកាន់មេក្រូច្រៀងតាមហាង និងតាមវត្តនៅក្រៅប្រទេស ដើម្បីរៃអង្គាសលុយផ្គត់ផ្គង់ការចំណាយរបស់គាត់។ នេះជាប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះលើផេកផ្លូវការ នៅព្រលប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកថា ៖ បទចម្រៀងរបស់គាត់មានខ្លឹមសារដដែលៗ គឺគ្មានអ្វីក្រៅពីការវាយប្រហារនិងមើលងាយអ្នកផ្សេង ជាពីសេសមកលើរូបខ្ញុំនិងក្រុមគ្រួសារ ក៏ដូចជាអំពាវនាវឲ្យប្រជាពលរដ្ឋផ្ដួលរដ្ឋាភិបាល។
សម្តេចធិបតីបានបញ្ជាក់ថា ៖ ក្តីស្រមៃរបស់គាត់មានតែមួយគត់តាំងពីដើមរហូតដល់ដំណាក់កាលចុងក្រោយនៃជីវិតរបស់គាត់ គឺចង់អង្គុយលើកៅអីនាយករដ្ឋមន្ត្រី។ បើដណ្ដើមមិនបានតាមការបោះឆ្នោត គឺមានតែជំរុញមនុស្សអោយទៅដណ្តើមយកឲ្យគាត់ ក្រោមរូបភាពបដិវត្តន៍ប្រឆាំងរដ្ឋអំណាច។ តាមពត៌មានក្រៅផ្លូវការដែលទទួលបានចុងក្រោយនេះ គឺថាលោក សម រង្សី ចង់បង្កើតរដ្ឋាភិបាលនិរទេសមួយ ហើយចាត់តាំងខ្លួនឯងធ្វើជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលនិរទេសនោះ😅
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះថា ៖ ខ្ញុំឃើញប្អូនស្រី សំ សុខា ដែលធ្លាប់ជាអ្នកដើរតាមលោក សម រង្ស៊ី និយាយក្នុងវីដេអូខ្លីមួយនេះ។ សំដីរបស់ប្អូនស្រីហាក់ធ្វើឱ្យខ្ញុំមានអារម្មណ៍អាណិតលោក សម រង្ស៊ី ទៅវិញ ព្រោះគាត់ហាក់ដូចជាមានការស្រមើស្រមៃនិងវិលវល់ច្រើន រហូតដល់មានមោទនភាពលើខ្លួនឯងពេក — ដូចពាក្យខ្មែរមួយឃ្លាថា មនុស្សអង្គុយលើចង្អេរ លើកខ្លួនឯង — ព្រមទាំងមើលងាយគេដូចគ្មានអ្នកណាចេះដល់ខ្លួន។ គួរអោយសង្វេគដែរ សម្រាប់អ្នកនយោបាយចាស់វស្សាម្នាក់នេះ៕
ដោយ ៖ សិលា