កុំស្ទាក់ស្ទេីរក្នុងការប្រេីស្រោមអនាម័យ ..! អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅកម្ពុជា (AHF) រៀបចំអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ ដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ

ចែករំលែក៖

ភ្នំពេញ ៖ កាលពីល្ងាចថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកបណ្ឌិត ឈឹម ឃិនដារ៉េត ដែលជាតំណាងលោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាងអធិបតីក្នុងពិធីអបអរសាទរទិវាស្រោមអនាម័យអន្តរជាតិ ដែលរៀបចំឡើងដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅតំបន់កោះនរា ក្នុងគោលបំណងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមានប្រសិទ្ធភាពក្នុងការរក្សាសុខភាព និងសុវត្ថិភាព។

នៅក្នុងពិធីនេះក៏មានការចូលរួមពីលោកវេជ្ជបណ្ឌិត តំណាងប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍សើស្បែក និងកាមរោគ លោក អ៊ុង គឹមហ៊ាង ប្រធានកម្មវិធីបង្ការប្រចាំតំបន់អាស៊ីនៃអង្គការមូលនិធិថែទាំសុខភាព អ្នកជំងឺអេដស៍ លោកវេជ្ជ ចន ផាន់ណា ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេសកម្ពុជា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងមានអ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមដង្ហែក្បូនប្រមាណ ៣០០នាក់។
ពិធីនេះធ្វើឡើងក្នុងគោលបំណងដើម្បីស្វែងយល់ពីសារប្រយោជន៍នៃស្រោមអនាម័យ និងដើម្បីលើកកម្ពស់ការប្រើប្រាស់ស្រោមអនាម័យ ដែលជាវិធីសាមញ្ញ ប៉ុន្តែមាន ប្រសិទ្ធភាព ក្នុងការរក្សាសុខភាព និងសុវត្ថិភាព ក្រោមប្រធានបទ «កុំស្ទាក់ស្ទើរប្រើស្រោមអនាម័យ» ដែលបានរៀបចំទូទាំងពិភពលោកដោយអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេស៍ទូទាំង ៤៧ប្រទេស, យុទ្ធនាការផ្សព្វផ្សាយ ទិវានៃក្តីស្រឡាញ់១៤ កុម្ភៈ ឆ្នាំ២០២៥ ដែលផ្តោតលើការផ្សព្វផ្សាយពីសុខភាពសុវត្តិភាព ការទំនាក់ទំនងផ្លូវភេទ និងចៀសឆ្ងាយពីការឆ្លងមេរោគអេដស៍ និងជំងឺអេដស៍ ជាមួយនឹង ទិវាស្រោម អនាម័យអន្តរជាតិ។
លោកបណ្ឌិត ឈឹម ឃិនដារ៉េត បានឱ្យដឹងថា គិតមកដល់ពេលនេះស្ថានភាពនៃការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺនៅកម្ពុជាបានទទួលជោគជ័យជាបន្តបន្ទាប់ ជាក់ស្តែងនៅ ឆ្នាំ២០០២ មានអ្នកកើតមេរោគអេដស៍ជិត ២ម៉ឺននាក់ ហើយបើធៀបនឹងឆ្នាំ២០២៣ មានអ្នកឆ្លងថ្មីតែ ១២០០នាក់ប៉ុណ្ណោះ ខណៈអ្នកស្លាប់ដោយសារជំងឺអេដស៍ក៏មានការថយចុះ ដែលការថយចុះនេះមកពីមាន ការ ដាក់ ចេញនូវយុទ្ធសាស្ត្រដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ក៏ដូចជាមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធ រួមទាំងមានអង្គការក្រៅរដ្ឋាភិបាលផងដែរ។
អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ លោកបណ្ឌិត ឈឹម ឃិនដារ៉េត ក៏បានថ្លែងអំពាវនាវឱ្យមានការចូលរួមជាបន្តបន្ទាប់ទៀតពីគ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធក្នុងការរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគអេសដស៍ ហើយយើងត្រូវទទួលស្គាល់ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ ប៉ុន្តែយើងប្រឹងប្រែងធ្វើយ៉ាងណាដាក់ឱ្យបាននៅក្រោមការគ្រប់គ្រងរបស់យើង ហើយយើងត្រូវប្តេជ្ញាចិត្តក្នុងការបញ្ចប់ជំងឺអេដស៍ ដោយការលើកកម្ពស់ គោលនយោបាយរួមគ្នា។
នាឱកាសនោះដែរថ្លែងក្នុងនាមលោកបណ្ឌិត ឈឹម សារ៉ាត់, លោក អ៊ុង គឹមហ៊ាង បានបញ្ជាក់ថា នៅទូទាំងអាស៊ី វប្បធម៌នៃការរើសអើង និងកង្វះការអប់រំ បន្តរារាំងដល់មនុស្សរាប់លាននាក់ ពីការទទួលបាន ស្រោមអនាម័យ ដូច្នេះ ទិវា ស្រោមអនាម័យអន្តរជាតិ គឺជាការក្រើនរំលឹកថា យើងត្រូវដោះស្រាយឧបសគ្គទាំងនេះ ជាមួយនឹងការអប់រំយ៉ាងទូលំទូលាយ និងធានាថាស្រោមអនាម័យត្រូវបានចាត់ទុកជា ធនធានសុខភាព សាធារណៈដ៏សំខាន់ មិនមែនជារបស់ប្រណីតនោះទេ តែស្រោមអនាម័យនៅតែជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពបំផុតក្នុងការបង្ការមនុស្សគ្រប់រូបពីការឆ្លងមេរោគអេដស៍ និងជំងឺកាមរោគផ្សេងៗ និងការមានផ្ទៃពោះដោយមិនបានគ្រោងទុក។
លោក អ៊ុង គឹមហ៊ាង បានបញ្ជាក់ដែរថា អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នៅកម្ពុជា ត្រូវបានបង្កើតឡើងនៅចុងឆ្នាំ២០០៥ រហូតដល់បច្ចុប្បន្ន ក្រោមកិច្ចសហការជាមួយក្រសួងសុខាភិបាល ក្រសួងការពារជាតិ និង អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍នៃរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តការងារជាដៃគូយ៉ាងជិតស្និទ្ធជាមួយ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យបង្អែក រួមទាំងអង្គការដៃគូនានា។
បច្ចុប្បន្នអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា បាននិងកំពុងអនុវត្តការងារសកម្មភាពក្នុងការចូលរួមចំណែកយុទ្ធសាស្រ្តជាតិរបស់រាជរដ្ឋាភិបាល ដោយបច្ចុប្បន្នអង្គការ បាននឹងកំពុងផ្តល់ការគាំទ្រ សកម្មភាពដល់គ្លីនិកផ្តល់ឱសថប្រឆាំងមេរោគអេដស៍ចំនួន ៤២កន្លែង និងធ្វើតេស្តរកមេរោគអេដស៍ ២៧កន្លែងទូទាំង១៩ ខេត្តក្រុងនៅកម្ពុជា៕

...

ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print