ភ្នំពេញ៖ អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជាក់ថាតំណាងអយ្យការសម្រេចចោទប្រកាន់លើជនសង្ស័យ ទាំង ០៤ នាក់ខាងលើ ពីបទ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ប្រព្រឹត្តនៅចំណុចមុខផ្សារប៉េងស៊ឹម ផ្លូវបេតុង៥០ ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលមានបញ្ញត្តិឱ្យផ្តន្ទា ទោសតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ។
អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តា ជ្រាបថា៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ២៣ និង ០០ នាទី កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាល ខណ្ឌដង្កោ បានធ្វើការដាក់គោលដៅត្រួតពិនិត្យជាតិអាល់កុល ត្រង់ចំណុចមុខផ្សារប៉េងស៊ឹម ផ្លូវបេតុង៥០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ រហូតមកដល់វេលាម៉ោង ០០ និង ២០នាទី ឈានចូលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានក្រុមក្មេងទំនើង ០១ ក្រុម មានគ្នាចំនួន ០៤ នាក់ ១.ឈ្មោះ សំអុល សេងហាក់ ភេទប្រុស អាយុ១៩ឆ្នាំ ២.ឈ្មោះ គឹម ម៉េងហុង ភេទប្រុស អាយុ១៨ឆ្នាំ ៣.ឈ្មោះ មុន ខេមរៈ ហៅ ដួង ភេទប្រុស អាយុ២១ឆ្នាំ និង៤.ឈ្មោះ ញឹប រតនា ហៅរ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ បានជិះម៉ូតូចំនួន០២គ្រឿងមកដល់ចំណុចគោលដៅខាងលើ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចហៅ ឱ្យឈប់ និងធ្វើការត្រួតពិនិត្យឆែកឆេររកឃើញ ឧបករណ៍កែច្នៃជាបែកជ្រុងមានមុខបីចុងស្រួចស្រោបប៊ិចពណ៌ខៀវ ចំនួន ០១ (ចំពុះទុង)។ ឃើញដូច្នេះកម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនក្រុមក្មេងទំនើងទាំង០៤នាក់ខាងលើ នាំយកមក សាកសួរតែម្តង។ ក្រោយការសាកសួរលើឈ្មោះ សំអុល សេងហាក់ ភេទប្រុស អាយុ១៩ឆ្នាំ,ឈ្មោះ ឌុន ខេមរៈ ហៅ ដួង ភេទប្រុស អាយុ២១ឆ្នាំ ជាក្រុមក្មេងទំនើងឈ្មោះ 98 (OMP),ឈ្មោះ ញឹប រតនា ហៅរ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ ជាក្រុម ក្មេងទំនើង 9T8 និងក្រុមមុខព្រលាន។
បច្ចុប្បន្នជនត្រូវចោទជាក្មេងទំនើងទាំងនេះ ចៅក្រមកំពុងបើកការស៊ើបសួរបន្តនីតិវិធី៕ ដោយ រ៉ារ៉ា