ខេត្តកំពង់ស្ពឺ÷លោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ អញ្ជើញប្រកាសបញ្ចូលថ្មី សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងឃុំព្រះនិពា្វន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ពិធីនេះប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៥ ខែ កុម្ភៈ ឆ្នាំ២០២៥ នៅស្នាក់ការគណបក្សឃុំ ព្រះនិព្វាន ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគងពិសី គណៈកម្មាធិការគណបក្សស្រុកគងពិសី ឃុំព្រះនិព្វាន និងសមាជិកថ្មីសរុប ២១១ នាក់។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ក៏ដូចជាការប្តេជ្ញាចិត្តរបស់តំណាងសមាជិកចូលថ្មី លោក ហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរចំពោះឆន្ទៈ និងភាពក្លាហានរបស់តំណាងសមាជិក សមាជិកា ដែលបានសម្រេចចិត្តដ៏ត្រឹមត្រូវបំផុតក្នុងការចូលរួមជីវភាពនយោបាយជា មួយគណបក្សប្រជាជនកម្ពុជា។ នាឱកាសនោះ លោកក៏បានរំលេចនូវអត្ថន័យនៃពាក្យសន្តិភាព និងហេតុអ្វីដែលយើងចាំបាច់ត្រូវរំឭកជាប្រចាំ។ ក្នុងនោះ លោកបានរំឭកនូវប្រសាសន៍របស់សម្តេចតេជោ ដែលបានលើកឡើងថាអ្នកដឹកនាំជំនាន់មុនបានលះបង់សព្វបែប យ៉ាង យកអាយុជីវិតធ្វើជាដើមទុន ដើម្បីស្វែងរក និងនាំ មកសុខសន្តិភាពជូនជាតិ រីឯអ្នកដឹកនាំជំនាន់ក្រោយគឺ ជាអ្នកបន្តការពារថែរក្សាសុខសន្តិភាព ដែលនេះគឺជាគុណតម្លៃនៃពាក្យសន្តិភាព ដែលបានបង្កប់នូវអត្ថន័យ នៃការឆ្លងកាត់ប្រវត្តិសាស្រ្តដ៏ជូរចត់ ការតស៊ូដ៏លំបាក លំបិនទម្រាំមានអ្វីគ្រប់បែបយ៉ាងនាពេលបច្ចុប្បន្ន។
លោកហ៊ុន ម៉ា នី បញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹក នាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតបានប្ដេជ្ញា ចិត្តខ្ពស់ថែរក្សាសុខសន្តិភាព ស្ថានភាពនយោបាយនិង បន្តកសាងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាពិសេស ការគិតគូរដល់សុខភាព និងសុខុមាលភាពប្រជាពលរដ្ឋ ជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល។ ក្នុងនោះ ដើម្បីគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងវិធានការគន្លឺះទាំងឡាយ រាជរដ្ឋាភិបាលបានជំរុញការយកចិត្តទុកដាក់លើការពង្រឹងលើវិស័យសុខាភិបាល និងវិស័យអប់រំ ដែលជាអាទិភាពមួយក្នុង ចំណោមអាទិភាពជាច្រើនរបស់ខ្លួន។
ជាចុងបញ្ចប់ សារជាថ្មីម្តងទៀត លោកថ្លែងអំណរគុណ និងកោត សរសើរដល់សមាជិកសមាជិកាទើបចូលថ្មីដែលបានប្តេជ្ញាចិត្តក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា និងចូលរួមការពារសមិទ្ធផលទាំងឡាយដែលគណបក្សបានកសាងជូនជាតិមាតុភូមិ និងបន្តដឹកនាំប្រទេសជាតិតទៅមុខ។
សូមបញ្ជាក់ថា សមាជិក សមាជិកាដែលត្រូវបានបញ្ចូល ថ្មី នៅឃុំព្រះនិព្វាននាឱកាសនេះ រួមមាន កម្មករ ១៤៨ នាក់, ប្រជាកសិករ ៦នាក់, និងសិស្សនិស្សិត ៥៧នាក់ ដែលបានសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដោយបានមើលឃើញពីបេសកកម្មជាប្រវត្តិសាស្រ្ត និងសមិទ្ធផលនានាដែលគណបក្សសម្រេចបានជូនជាតិមាតុភូមិ និងក្រោយពីបានស្វែងយល់ពីគោលនយោបាយរបស់គណបក្សក្នុងការដឹកនាំប្រទេសជាតិ ឆ្ពោះទៅរកការអភិវឌ្ឍ៕