ភ្នំពេញ ៖ ក្រុមប្រឹក្សាឃុំ-សង្កាត់ ជាតំណាងប្រជាពលរដ្ឋ ក្នុងឃុំ-សង្កាត់របស់ខ្លួនដែលជ្រើសរើសឡើងតាមរយៈការបោះឆ្នោតដោយប្រជាពលរដ្ឋក្នុងឃុំ- សង្កាត់ រយៈពេល៥ឆ្នាំម្តង និងមានបេសកកម្ម បម្រើផលប្រយោជន៍ទូទៅក្នុងឃុំ-សង្កាត់នោះ។ ចំណែកឯប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ មានសមត្ថកិច្ចថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋក្នុងឃុំ សង្កាត់។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ។
បើតាមអ្នកនាំពាក្យ ទំនាក់ទំនងការងាររវាងក្រុមប្រឹក្សា និងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ គឺជាកិច្ចសហការដ៏សំខាន់ក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ដែនដីនៅកម្រិតមូលដ្ឋាន។ ក្រុមប្រឹក្សាឃុំ សង្កាត់ មានតួនាទីធ្វើគម្រោង ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា សម្រាប់អភិវឌ្ឍន៍ឃុំ សង្កាត់ រីឯប៉ុស្តិ៍នគរបាលឃុំ សង្កាត់ ជាអ្នកប្រតិបត្តិ មានតួនាទីអនុវត្តគម្រោង ច្បាប់ លិខិតបទដ្ឋានគតិយុត្ត បទបញ្ជា និងតាមការប្រគល់ជូនពី មេឃុំ ចៅសង្កាត់ និងអធិការនគរបាលក្រុង ស្រុក ខណ្ឌ តាមតួនាទី និងសមត្ថកិច្ចការងារជំនាញ។
សម្រាប់ លោក ជិន វណ្ណា ចៅសង្កាត់ជើងទឹក ក្រុងព្រៃវែង ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់របស់លោក ប្រៀបបាននឹងដៃស្ដាំ ដែលមានកម្លាំងធានាការពារសន្តិសុខ សណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម បន្ថែមលើសេវារដ្ឋបាល។ លោកបន្តថា រដ្ឋបាលឃុំ សង្កាត់ គឺប្រធានគណៈបញ្ជាការឯកភាពមួយ ដោយការដាក់ចេញសេចក្ដីសម្រេច ផែនការ ឬគម្រោងនានា នាយប៉ុស្ដិ៍តែងតែចូលរួមមតិយោបល់ លើការងារក្នុងសមត្ថកិច្ចនគរបាល។
លោកចៅសង្កាត់បន្ថែមថា «យើងធ្វើការងារជាមួយគ្នាយ៉ាងរលូន។ លទ្ធផលការងារដែលឃុំ សម្រេចបានក្នុងការគ្រប់គ្រង និងបម្រើសវាជូនប្រជាជន គឺមាននគរបាលជាអ្នករួមចំណែកយ៉ាងសកម្ម។ ជាក់ស្ដែងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព គឺក្រុមប្រឹក្សាយើងបានសហការធ្វើការងារនេះយ៉ាងសកម្មជាមួយប៉ុស្តិ៍ ហើយពេលខ្លះបើពលរដ្ឋមានសំណូមពរអ្វីពាក់ព័ន្ធការងារប៉ុស្តិ៍ដូចជាធ្វើឯកសារ ឬលិខិតស្នាមនានា ខ្ញុំក៏បានសម្របសម្រួលជាមួយនគរបាលដែរ»។
នាយប៉ុស្ដិ៍នគរបាលរដ្ឋបាល សង្កាត់ជើងទឹក លោក សៀម សុខេង បានឱ្យដឹងថា ទំនាក់ទំនងជាមួយក្រុមប្រឹក្សា មានភាពល្អប្រសើរ ដោយសារតែនៅពេលអនុវត្តគោលនយោបាយ និងផែនការនានា នាយប៉ុស្ដិ៍ តែងតែជួបប្រជុំ ពិភាក្សា រាយការណ៍ពីបញ្ហា ឬវិវាទក្នុងមូលដ្ឋានទៅកាន់ក្រុមប្រឹក្សា ដើម្បីស្វែងរកដំណោះស្រាយ និងអន្តរាគមន៍ឱ្យបានទាន់ពេលវេលា។ លោកបន្តថា«នៅពេលមានបញ្ហាអសន្តិសុខប្រឈមកើតមានឡើង យើងតែងតែងរាយការណ៍ទៅក្រុមប្រឹក្សាឱ្យជួយមានយោបល់ដឹកនាំដោះស្រាយ»។
លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ចាប់តាំងពីមុន និងក្រោយការបោះឆ្នោតឃុំ សង្កាត់អាណត្តិទី១ដល់ពេលនេះ មេឃុំ ចៅសង្កាត់ និងប៉ុស្តិ៍នគរបាល បានដឹកនាំ និងសហការអនុវត្តការងារក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អ។ លោកបន្ថែមថា កម្រមានណាស់ដែលឃុំ សង្កាត់ កើតមានបាតុភាពអវិជ្ជមានក្នុងទំនាក់ទំនងរវាងតួអង្គទាំងពីរ ដោយសារតែម្យ៉ាងច្បាប់ និងក្រសួងមហាផ្ទៃបានកំណត់ច្បាស់លាស់អំពីតួនាទី ភារកិច្ច និងរបៀបរបបបំពេញការងារ ហើយម្យ៉ាងតួអង្គទាំងពីរមានភាពចាស់ទុំក្នុងការងារ និងតែងតែងផ្ដល់តម្លៃដល់គ្នាទៅវិញទៅមក ដើម្បីគោលដៅតែមួយគត់ គឺពលរដ្ឋមានភាពកក់ក្ដៅ ហើយនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលទទួលបានជោគជ័យ។
សូមបញ្ជាក់ថា នៅក្នុងការងារប្រចាំថ្ងៃ ក្រុមប្រឹក្សាឃុំ សង្កាត់ អនុវត្តដោយមានទំនួលខុសត្រូវបំផុតចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតរបស់ខ្លួន និងរាជរដ្ឋាភិបាល ដែលដាក់ចេញគោលនយោបាយដឹកនាំ និងបានផ្ដល់សិទ្ធិ អំណាច និងធនធានឱ្យខ្លួនអនុវត្ត។ រីឯប៉ុស្តិ៍នគរបាល ជាអ្នកធានាគាំទ្រមេឃុំ ចៅសង្កាត់លើការងារសន្តិសុខ សណ្ដាប់ធ្នាប់ និងសេវានានា ដោយទទួលគោលការណ៍ដឹកនាំ បញ្ជា និងតម្រង់ទិសជាប្រចាំពីអធិការក្រុង ស្រុក ខណ្ឌ៕
ដោយ ៖ កញ្ញា សេង សុខហ៊ុន មន្រ្តីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ