ភ្នំពេញ៖ តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ ខេមរៈ សិរីមន្ត បានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយដល់ទស្សនិកជនថា នៅថ្ងៃអាទិត្យទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះនឹងត្រូវធ្វើដំណើរទៅសម្តែងឯប្រទេសថៃ ដើម្បីអបអរសាទរដល់ពិធីភ្ជុំបិណ្ឌ ។ កម្មវិធីនេះក៏ត្រូវបានលោកបញ្ជាក់ដែរថា នឹងមានថវិកាមួយចំណែកនឹងត្រូវយកទៅជួយដល់មន្ទីរពេទ្យគន្ធបុផ្ផាផងដែរ។
ក្នុងខ្សែវីដេអូខ្លីមួយដែលត្រូវបានតារាចម្រៀង ខេមរៈ សិរីមន្ត បង្ហោះកាលពីថ្មីៗនេះបានបញ្ជាក់ថា លោកនឹងចាកចេញពីកម្ពុជាទៅជួបអ្នកគាំទ្រនៅប្រទេសថៃ ហើយការទៅសម្តែងលើកនេះគឺដើម្បីចូលរួមអបអរសាទរដល់ពិធីភ្ជុំបិណ្ឌខ្មែរយើង ក៏ដូចជាបង្កបរិយាកាសសប្បាយរីករាយដល់បងប្អូនខ្មែរដែលបានធ្វើការហត់នឿយនៅប្រទេសថៃ ។
ការប្រគំតន្ត្រីដ៏ធំមួយនេះនឹងធ្វើឡើងនៅសាលមហោស្រព (មហាវិទ្យាល័យថាំមសាទរាំងស៊ីត) ក្បែរផ្សារតាឡាតថៃ ចាប់ពីម៉ោង ៣រសៀលតទៅ ។ ការប្រកាសនេះដែរត្រូវបានគេដឹងថានឹងមានអ្នកគាំទ្រលោកភាគច្រើនពិសេសប្រជាជនខ្មែរដែលរស់នៅប្រទេសថៃនឹងចូលទស្សនាគាំទ្រលោកច្រើនជាក់ជាមិនខាន។ លោកបញ្ជាក់ដែរថា ថវិកាដែលរកបានពីការប្រគំតន្ត្រីនេះមួយចំណែកនឹងផ្តល់ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារកម្ពុជាយើង ។ កំពូលតារាចម្រៀងរូបនេះក៏បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថានឹងមានការចូលរួមគាំទ្រយ៉ាងច្រើនពីបងប្អូនទស្សនិកជនជាក់ជាមិនខាន ។
ទោះជាយ៉ាងណាក្រៅពីតារាចម្រៀងខ្មែរក៏នឹងមានតារាចម្រៀងប្រុសស្រីល្បីឈ្មោះរបស់ប្រទេសថៃមួយចំនួនទៀតនឹងត្រូវទៅចូលរួមសម្តែង និងច្រៀងរាំក្នុងឱកាសនោះផងដែរ។
គួរបញ្ជាក់ដែរថា កាលពីដើមខែសីហា នេះតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានចូលរួមកម្មវិធីប្រគុំតន្ត្រី «ស្នាមញញឹមខ្មែរ» ដែលរៀបចំដោយស្ថានីយទូរទ្សន៍ប៉ុស្តិ៍លេខ៥ ដែលមានវត្តមានតារាចម្រៀង ថៃលោក ទីក ស៊ីរ៉ូ ចូលរួមផងដែរ៕
ដោយ៖ វឌ្ឍនា