ខេត្តសៀមរាប ៖ ៖ យ៉ាងហោចអ្នកលេងល្បែងសុីសងចំនួន ៩នាក់ ត្រូវបានសមត្ថកិច្ចចម្រុះធ្វើការចាប់ឃាត់ខ្លួនពាក់ព័ន្ធនឹងល្បែងស៊ីសងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
ការបង្ក្រាបនេះធ្វើឡើង នៅរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ត្រង់ចំណុចវាលស្រែខាងត្បូងភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក ដោយបានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោក ប្រាក់ សោភ័ណ អភិបាលខេត្ត នៃគណៈអភិបាលខេត្ត និងជាគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានប្រាប់ឱ្យដឹង ថា ៖ ការបង្ក្រាបនេះបានឃាត់ខ្លួនជនសង្ស័យ សរុបចំនួន០៩នាក់៖
១.ឈ្មោះ ម៉ក់ ច្រឹក ភេទប្រុស អាយុ៥២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិអំពិល ឃុំសំរោងយា ស្រុកពួក។
២.ឈ្មោះ នន់ បូរ៉ា ភេទប្រុស អាយុ៥៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិទឹកថ្លា ឃុំខ្នាត ស្រុកពួក។
៣.ឈ្មោះ ភោគ វី ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក និងជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Wave សេរីឆ្នាំ២០០៧ ពណ៌ខ្មៅក្រហម ពាក់ផ្លាកលេខ សៀមរាប 1F.4181។
៤.ឈ្មោះ ក្រូច ទីន ភេទប្រុស អាយុ៦៦ឆ្នាំ បច្ចុប្បន្នរស់នៅស្វាយចេក ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប និងមានជាប់ជាមួយ មាន់ជល់ ១ក្បាល។
៥.ឈ្មោះ ថោង រ៉េត ភេទប្រុស អាយុ៦២ឆ្នាំ បច្ចុប្បន្នរស់នៅព្រៃវែង ឃុំសំរោងយា ស្រុកពួក និងមានជាប់ជាមួយម៉ូតូ១គ្រឿង ម៉ាក Honda Dream សេរីឆ្នាំ២០០៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1C.3598។
៦.ឈ្មោះ មុំ ចាំ ភេទប្រុស អាយុ៨២ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា ឃុំសំរោងយា ស្រុកពួក។
៧.ឈ្មោះ ហួន ទ័ព ភេទប្រុស អាយុ៥៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក។
៨.ឈ្មោះ ហឿម សុខ ភេទប្រុស អាយុ៣៦ឆ្នាំ បច្ចុប្បន្នរស់នៅភូមិដូនស្វា សំរោងយា ស្រុកពួក។
៩.ឈ្មោះ ឈឿម តី ភេទប្រុស អាយុ១៧ឆ្នាំ បច្ចុប្បន្នរស់នៅភូមិជ្រលង ឃុំខ្នាត ស្រុកពួក។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការបានបញ្ជាក់ថា ៖ ករណីបង្ក្រាបនេះ វត្ថុតាងដែលសមត្ថកិច្ចធ្វើការដកហូតរួមមាន៖ សត្វមាន់ជល់ចំនួន០៩ក្បាល, ចង្ក្រានហ្គាស២, ធុងដាក់ទឹក៣, ធុងទឹកកក១, រទេះរ៉ឺម៉កកែច្នៃ១, សង្វៀនជល់មាន់ចំនួន២, និងម៉ូតូសរុបចំនួន ២០គ្រឿង។ បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ ត្រូវបានកម្លាំនគរបាលជំនាញ កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
ដោយ ៖ សិលា