ខេត្តតាកែវ៖ ប្រជាពលរដ្ឋទូទៅបានលើកឡើងតាមរយៈបណ្ដាញសង្គមនានាថា៖ តើប្រេងឆាគ្មានម៉ាកចេញមកពីប្រភពណា ខណៈពួកគាត់កំពុងមានការព្រួយបារម្ភខ្លាចប៉ះពាល់សុខភាពអ្នកប្រើ ក្រោយឃើញទិដ្ឋភាពរថយន្តចំនួន ២គ្រឿងបានបុកគ្នា យ៉ាងពេញទំហឹងខ្ទាតចេញប្រេងឆាគ្មានម៉ាកយីហោ ចំនួន២០០កាន។
គួររម្លឹកថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយកេីតឡេីង រវាងរថយន្តដឹកស្រាបៀរក្រុមហ៊ុនកម្ពុជា និងរថយន្តស៊ាំយ៉ុង កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ២០២៥ថ្មីៗនេះ បានបុកគ្នា នៅលើបណ្ដោយផ្លូវវាងក្រុងលេខ ១១០ ខាងលិចមន្ទីរពេទ្យភ្នែកខេត្ត ស្ថិតនៅភូមិប្រហ៊ូត សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បណ្ដាលឱ្យមនុស្សរងរបួសធ្ងន់ និងរបួសស្រាល៤នាក់ និងខ្ទាតចេញប្រេងឆាដែលគ្មានម៉ាកយីហោត្រឹមត្រូវ។
តាមសមត្ថកិច្ច ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ត ២គ្រឿង បើកបរបញ្រ្ចាសទិសគ្នា ពីត្បូងទៅជើង និងពីជើងទៅត្បូង ដោយរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនស្រាបៀកម្ពុជា ធ្វើដំណើរពីទិសខាងជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុក៏ប៉ះចំពីមុខជាមួយ រថយន្តសាំយ៉ុងទឹកប្រេងឆាចំនួន២០០កាន ធ្វើដំណើរទិសដៅពីត្បូង ទៅជើង ក្នុងល្បឿនយ៉ាងលឿន ក៏រេចង្កូតមកប៉ះជាមួយឡានដឹកទំនិញស្រាបៀកម្ពុជា ខ្ទាតចេញប្រេងឆាពាសពេញផ្លូវ។
ប្រភពច្បាស់ការសុំមិនបញ្ចេញឈ្មោះ បង្ហេីបថា ប្រេងឆាទាំងអស់ដែលដឹកឆ្លងតាមខេត្តតាកែវដោយគ្មានម៉ាកយីហោទាំងនេះ នឹងត្រូវដឹកទៅដាក់ក្នុងឃ្លាំងនៅរាជធានីភ្នំពេញ នឹងបន្តច្រកចូលក្នុងដប ដែលមានស្លាកយីហោក្រុមហ៊ុនត្រឹមត្រូវ ទេីបបន្តដាក់លក់ចែកចាយលេីទីផ្សារ។
ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋដែលឃើញហេតុការណ៍ ក៏បានបង្ហាញក្ដីព្រួយបារម្ភចំពោះសុខភាពអ្នកប្រើប្រាស់ប្រេងឆាដែលច្រកក្នុងកានគ្មានស្លាកយីហោក្រុមហ៊ុនផលិត នឹងឈ្មោះផលិតផលត្រឹមត្រូវ ដឹកតាមរថយន្តសាំយ៉ុងឆ្លងកាត់ខេត្តតាកែវ ទិសដៅចូលរាជធានីភ្នំពេញ និងបានដាក់ក្ដីសង្ស័យថា ប្រេងឆាដែលច្រកក្នុងកាន គ្មានម៉ាកយីហោរត្រឹមត្រូវបែបនេះ ជាផលិតផលនាំចូលដោយខុសច្បាប់ នឹងអាចបង្កផលប៉ះពាល់ដល់សុខភាពអ្នកទិញយកទៅចម្អិនម្ហូបអាហារ។
បន្ថែមពីនេះ ប្រជាពលរដ្ឋក៏បានអំពាវនាវឱ្យសមត្ថកិច្ចជំនាញ និងក្រសួងពាក់ព័ន្ធ គួរយកចិត្តទុកដាក់ចំពោះបញ្ហាប្រេងឆាគ្មានម៉ាកយីហោទាំងនោះ ខណៈក្រុមឈ្មួញទុច្ចរិតខិលខូចមួយចំនួន ដែលរកស៉ីលួចដឹកតាមច្រកព្រំដែននានា នាំចូលមកកម្ពុជា ដេីម្បីយកមកចែកចាយលក់ដូរគ្មានប្រភពច្បាស់លាស់ ដែលបង្កហានិភ័យខ្ពស់ដល់សុខភាពអ្នកប្រើប្រាស់។
ក្រោយកើតហេតុសមត្ថកិច្ចក្រុងដូនកែវ បានចុះដល់កន្លែងហេតុ វាស់វែងតាមជំនាញ និងយកមករក្សាទុកដេីម្បីបន្តនីតិវិធី៕ដោយ៖តារា