គណៈប្រតិភូនៃរដ្ឋាភិបាលតាលីបង់ ទៅដល់ប្រទេសជប៉ុន ក្នុងដំណើរទស្សនកិច្ចកម្រមួយ ចេញក្រៅតំបន់

ចែករំលែក៖

សារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ បានផ្សាយថា គណៈប្រតិភូរបស់រដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសជប៉ុន ជាលើកដំបូង ខណៈវាគឺជាដំណើរទស្សនកិច្ចការទូតចេញក្រៅតំបន់យ៉ាងកម្រមួយ សម្រាប់តាលីបង់។

គណៈប្រតិភូខាងលើ បានចាកចេញពីទីក្រុងកាប៊ុល តាំងពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ក្នុងដំណើរទស្សនកិច្ចមួយ ដែលប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្កានីស្ថាន បានរាយការណ៍ថា នឹងមានរយៈពេលមួយសប្តាហ៍ ហើយរួមមានសមាសភាពមន្រ្តី មកពីក្រសួងអប់រំ ការបរទេស និងសេដ្ឋកិច្ច។ មន្រ្តីមួយរូប ដែលស្ថិតក្នុងគណៈប្រតិភូនោះ បាននិយាយថា តាលីបង់ស្វែងរកការធ្វើទំនាក់ទំនង ប្រកបដោយការគោរព ជាមួយពិភពលោក ដើម្បីប្រទេសអាហ្វហ្កានីស្ថានមួយ ដែលរឹងមាំ ទំនើប រីកចម្រើន មានសាមគ្គីភាព និងមានការអភិវឌ្ឍ ហើយដើម្បីក្លាយជា សមាជិកសកម្មមួយ នៃសហគមន៍អន្តរជាតិ។
គួរបញ្ជាក់ថា ចាប់តាំងពីឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានវិញ កាលពីឆ្នាំ២០២១មក តាលីបង់ មិនទាន់ត្រូវបានទទួលស្គាល់ពីប្រទេសណាមួយនៅឡើយទេ។ ទោះជាបែបនេះក្តី រដ្ឋាភិបាលតាលីបង់ បានធ្វើទស្សនកិច្ចជាប្រចាំ ទៅកាន់ប្រទេសជិតខាង និងបណ្តាប្រទេសនៅក្នុងតំបន់ រួមមានទាំងអាស៉ីកណ្តាល រុស្ស៉ី និងចិន។ ក្រៅពីនេះ តាលីបង់ធ្លាប់តែបំពេញទស្សនកិច្ចផ្លូវការទៅកាន់អឺរ៉ុប ដើម្បីចូលរួមកិច្ចប្រជុំកំពូលផ្នែកការទូត នៅប្រទេសន័រវែស កាលពីឆ្នាំ២០២២ និងឆ្នាំ២០២៣ប៉ុណ្ណោះ៕

...

រូបថត​: AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print