ខេត្តក្រចេះ ៖ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល និងលោក គង់ គឹមនី អភិបាលរងខេត្តក្រចេះ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល អញ្ជើញក្នុងវេទិការសាធារណៈដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ថិតនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
លោក លី ផល្លា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្នួល បានស្នើដល់ប្រជាពលរដ្ឋ ចូលរួមគោរពនិងអនុវត្តតាមអនុសាសន៍របស់រាជរដ្ឋាភិបាល មានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់លើសុខុមាលភាពប្រជាពលរដ្ឋ ដោយបានទម្លាក់កញ្ចប់ថវិការសម្រាប់គាំទ្រដល់ដំណើរការកសាងនិងគាំពារសុខុមាលភាពសង្គម តាមរយៈក្រសួងសុខាភិបាល ដោយក្នុងនោះស្នើឱ្យបងប្អូនរស់នៅប្រកបដោយភាពប្រុងប្រយ័ត្ន និងប្រកាន់នូវការហូបចុកទៅតាមកម្រិត គឺ-តិចៗ នៃស្ករ អំបិល និងខ្លាញ់ ដើម្បីកាត់បន្ថយការកើតជំងឺមិនឆ្លង និងសូមឱ្យប្រើប្រាស់នូវប័ណ្ណ.ប.ស.ស ដែលផ្តល់ដោយរាជរដ្ឋាភិបាល ព្រមទាំងណែនាំដល់ក្រុមគ្រូពេទ្យត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវា និងជម្រុញផ្សព្វផ្សាយលើកទឹកចិត្តឱ្យពួកគាត់ប្រើប្រាស់ប័ណ្ណ.ប.ស.ស.ឱ្យបានគ្រប់គ្នា ដើម្បីជួយកាត់បន្ថយការចំណាយលើសេវាថែទាំសុខភាព និងលើកកម្ពស់សេវាសុខាភិបាលនៅកម្ពុជា។
ក្នុងអង្គវេទិការ ទទួលបានបញ្ហាប្រឈម ទុក្ខកង្វល់ និងសំណូមពរ សំណើរចំនួន០៨ករណី ដែលលើកឡើងពីសំណាក់ប្រជាពលរដ្ឋចូលរួម សរុបប្រមាណជាង ២០០នាក់ ដោយក្នុងនោះផ្តោតសំខាន់រួមមាន ៖ សុំផ្លូវ-សាលារៀន សុំអណ្តូងទឹក សុំផ្តល់ប័ណ្ណ.ប.ស.ស និងបញ្ហាគ្រឿងញៀនជាដើម ។ ក្នុងនោះដែរ ឆ្លើយតបទៅនឹងបញ្ហាខាងលើ ត្រូវបានអាជ្ញាធរឃុំ បានធ្វើការពន្យល់បកស្រាយជូន និងនៅកន្លែង ដោយសំណើរសំណូមពរទាំងនោះ គឺជាគម្រោងមូលនិធិឃុំ ដែលបាននឹងកំពុងដាក់សំណើរអាទិភាពសម្រាប់ឆ្នាំ២០២៥នេះផងដែរ។
លោក គង់ គឹមនី អភិបាលរងខេត្ត បានជំរុញឱ្យមន្រ្តីពាក់ព័ន្ធ មានសមត្ថកិច្ច បន្តយកចិត្តទុកដាក់លើគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ដើម្បីភាពសុខដុមនិងសុខសាន្តរបស់ប្រជាពលរដ្ឋ និងស្នើឱ្យមានការចូលរួមសហការ និងរាយការពីប្រជាពលរដ្ឋមូលដ្ឋាន ដើម្បីសហគមន៍មានសុខសុវត្ថិភាព ស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល៕
ដោយ ៖ សិលា