ភ្នំពេញ៖ ស្ត្រីម្នាក់បានឈឺពោះឆ្លងទន្លេនៅក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែងក្នុងមូលដ្ឋានខណ្ឌចំការមនបង្កឱ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរាយការណ៍ជូនរថយន្តសង្គ្រោះចេញមកអន្តរាគមន៍ដេីម្បី ជួយសង្គ្រោះផងដែរ ។
ករណីនេះបានបង្កអោយមានការភ្ញាក់ផ្អើលឡេីងនៅម៉ោង៩និង១០នាទីយប់ ថ្ងៃទី១៧ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចផ្ទះសំណាក់យីហោផ្សាររាត្រី ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៤៧៤ ក្នុងមូលដ្ឋានសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា ស្ត្រីខាងលើគឺមិនច្បាស់ថាគាត់ចូលផ្ទះសំណាក់តាំងពីពេលណានោះទេ ដោយមានការលាក់លៀមពីម្ចាស់ផ្ទះសំណាក់ក៏ដូចជាស្ត្រីរងគ្រោះផងដែរ។លុះដល់ម៉ោងដែលឈឺពោះសម្រាលកូនក្នុងបន្ទប់ផ្ទះសំណាក់រួចហើយ ស្ត្រីខាងលើក៏បានទាក់ទងតាមទូរស័ព្ទទៅបងប្អូនប្រជាពលរដ្ឋដែលជាអ្នកស្គាល់គ្នាដើម្បីឱ្យជួយហៅរថយន្តសង្គ្រោះមកដឹករូបគាត់និងទារកដែលទើបនឹងកើតនៅក្នុងផ្ទះសំណាក់ខាងលើយកទៅសង្គ្រោះផងដែរ ។
ប្រភពដដែលបានបន្តទៀតថា បន្ទាប់ពីមានការរាយការណ៍សុំជំនួយរថយន្តសង្គ្រោះរួចហើយ រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតបានទៅដល់ហើយក៏បានចូលទៅក្នុងផ្ទះសំណាក់ខាងលើដោយបានលើកស្ត្រីរូបនោះដាក់ប្រង់ការជាមួយកូនទេីបនិងកើត និងមិនទាន់កាត់ទងសុខ ឡើងលើរថយន្តដើម្បីយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ីឱ្យទាន់ពេលវេលាក្នុងការសង្គ្រោះជីវិត ទាំងម្តាយនិងកូនទើបកើតផងដែរ ។
ពាក់ព័ន្ធហេតុការណ៍នេះដែរភាគីខាងផ្ទះសំណាក់បន្ទាប់ពីឡានពេទ្យដឹកអ្នកជម្ងឺចេញទៅហើយមិនបានផ្តល់ព័ត៌មានដល់ក្រុមការងារយើងនោះទេដោយបានបិទទ្វារផ្ទះសំណាក់តែម្ដង ៕
ដោយ៖ ជ្រោយពេជ្រ