ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលទាំងយប់ដល់អ្នកធ្វើដំណើរនិងបុគ្គលិក ប្រញាប់ប្រញាល់រាយការណ៍មកសមត្ថកិច្ចមូលដ្ឋាន មកអន្តរាគមន៍ជួយបាញ់ពន្លត់ខណៈមានអគ្គីភ័យឆេះ អគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ដោយសារ
ឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង)នៅក្រុងបាវិតសំណាងមិនមានអ្នករងរបួស។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិត បានអោយដឹងនាព្រឹកថ្ងៃទី១៨ខែកុម្ភះឆ្នាំ២០២៥នេះថាហេតុការណ៏នេះបានកើតឡើងវេលាម៉ោង៩និង១៥នាទី យប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចអគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបន្តទៀតថា បន្ទាប់ពីមានសេចក្តីរាយការណ៍ថាមានអគ្គីភ័យឆេះក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ភ្លាម លោក វរសេនីយ៍ត្រី គ្រុយ សុខឡេង មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត បានដឹកនាំមន្ត្រីក្រោមឱវាទចុះជួយពន្លត់ករណីអគ្គីភ័យឆេះ នៅចំណុចអគារC(០៤) ជាន់ទី០៥ ក្នុងបរិវេណក្រុមហ៊ុនកាស៊ីណូវីននឺស ដោយបាន ប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត រថយន្តពន្លត់អគ្គីភ័យរបស់មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ចំនួន ១គ្រឿងមកបាញ់ពន្លត់។
ប្រភពបន្តថាក្នុងហេតុការណ៍អគ្គីភ័យនោះមិនបណ្តាលឱ្យមានមនុស្សរងរបួសនោះទេខណះ ខូចខាតសម្ភារ:មួយចំនួន ដូចជាកុំព្យូទ័រជាច្រើនគ្រឿង និងសម្ភារ:ប្រើប្រាស់នៅក្នុងបន្ទប់ហូបបាយផងដែរ។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានបញ្ជាក់ពី
មូលហេតុ គឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ផ្ទុះសេខ្សែភ្លើង)បែបនេះ៕
ដោយ៖ សុថាន