ក្រសួងព័ត៌មាន បើកវគ្គបណ្តុះបណ្តាលស្តីពីការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយឌីជីថលកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី Ülkü Kocaefe ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រពន្ធ័ផ្សព្វផ្សាយឌីជីថលកម្ពុជា»។

វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល» នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅសាលមណ្ឌលបណ្តុះបណ្តាល និងវិក្រឹតការវិជ្ជាជីវៈសារព័ត៌មាន (សាលសត្យា) ទីស្តីការក្រសួងព័ត៌មាន រាជធានីភ្នំពេញ គឺជាគំនិតផ្តួចផ្តើម និងការតម្រង់ទិសរបស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ជាការអនុវត្តន៍នូវផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍ធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ ដែលជាយុទ្ធសាស្រ្តទី៣ ក្នុងចំណោម យុទ្ធសាស្រ្តទាំង៥ នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យព័ត៌មាន និងសោតទស្សន៍ ឆ្នាំ២០២៥-២០២៨ ដែលក្រសួងព័ត៌មាន បានដាក់ចេញ ហើយបានចាត់ទុកមូលធនមនុស្ស គឺជាកត្តាគន្លឹះ និងមានសក្តានុពលក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ស្ថាប័នក្រសួងព័ត៌មាន។
វគ្គបណ្តុះបណ្តាលនេះមានគ្រូបង្គោល ដែលអញ្ជើញពី TRT មានចំនួន ០៣រូប និង០១រូបមកពី TIKA ដែលនឹងធ្វើការបណ្តុះបណ្តាល លើប្រធានបទសំខាន់ៗចំនួន៤ រួមមាន៖ ១.ការផលិតវីដេអូសម្រាប់បណ្តាញសង្គម។ ២.ការនិពន្ធសាច់រឿងសម្រាប់វីដេអូឌីជីថល។ ៣.ការធ្វើទីផ្សារសម្រាប់មាតិកាឌីជីថល និង៤.ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ក្នុងនោះក៏មានការចែករម្លែកបទពិសោធន៍ពីថ្នាក់ដឹកនាំក្រសួងព័ត៌មាន អំពីប្រធានបទ២សំខាន់ គឺទី១ «ការគ្រប់គ្រងសាធារណៈមតិ» ផ្តល់បទបង្ហាញដោយលោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន និងទី២ «បទពិសោធន៍កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ» ផ្តល់បទបង្ហាញដោយលោក ស្លេះ អាល់ហ្វីន អនុរដ្ឋលេខាធិការ។
វគ្គបណ្តុះបណ្តាលស្តីពី«ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថលកម្ពុជា» ដែលទទួលបានការគាំទ្រពីសាជីវកម្មវិទ្យុ និងទូរទស្សន៍ តួកគីយ៉េ (TRT) និងទីភ្នាក់ងារសហប្រតិបត្តិការ និងសម្របសម្រួលតួកគីយេ (TIKA) នាពេលនេះ ក៏សម្រេចបានតាមរយៈការស្វះស្វែង យ៉ាងយកចិត្តទុកដាក់ពីលោកស្រីឯកអគ្គរដ្ឋទូតតួកគីយេប្រចាំកម្ពុជា។ វគ្គបណ្តុះបណ្តាលនេះ មិនត្រឹមតែនាំមកនូវជំនាញ និងការចែករម្លែកបទពិសោធន៍ប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹងប្រព័ន្ធផ្សព្វផ្សាយជាតិ នៃប្រទេសទាំងពីរ ជាពិសេសក្នុងយុគសម័យឌីជីថលនេះតែម្តង។
សូមជម្រាបថា វគ្គបណ្តុះបណ្តាលស្តីពី «ការរាយការណ៍ព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម និងប្រព័ន្ធផ្សព្វផ្សាយ ឌីជីថល» មានសិក្ខាកាមចូលរួម សរុបចំនួន ៥៦ រូប ដែលអញ្ជើញពី AKP ១៤រូប APP ៦រូប អគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍ ៤រូប វិទ្យុជាតិ ១០រូប និង ទូរទស្សន៍ជាតិ ២២ រូប ដែលបានធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២០ សម្រាប់វគ្គបណ្តុះបណ្តាល និងថ្ងៃទី២១ ជាថ្ងៃបិទកម្មវិធី៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print