ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបពិភាក្សាគ្នាអំពីស្ថានភាពនៅអ៊ុយក្រែន ដោយអំពាវនាវឱ្យភាគីពាក់ព័ន្ធសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។
កាលពីថ្ងៃទី 17 ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបពិភាក្សាគ្នាអំពីស្ថានភាពនៅក្នុងប្រទេសអ៊ុយក្រែនចំពេលមានការវិវឌ្ឍថ្មីនៃជម្លោះនៅក្នុងប្រទេសនេះ។
ថ្លែងក្នុងកិច្ចប្រជុំ ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងការកសាងសន្តិភាព លោក Miroslav Jenča បានអះអាងសាជាថ្មីថា កិច្ចព្រមព្រៀងសន្តិភាពណាមួយនៅអ៊ុយក្រែនត្រូវតែគោរពអធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីរបស់ប្រទេសស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ។
លោក Miroslav Jenča បានសង្កត់ធ្ងន់ថា កិច្ចខិតខំប្រឹងប្រែងការទូតចាំបាច់ត្រូវផ្តោតលើការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង។ អង្គការសហប្រជាជាតិលើកទឹកចិត្តឱ្យមានការសន្ទនារវាងភាគីពាក់ព័ន្ធ និងស្វាគមន៍កិច្ចខិតខំប្រឹងប្រែង និងគំនិតផ្តួចផ្តើមពិតប្រាកដណាមួយ ដោយមានការចូលរួមពេញលេញពីអ៊ុយក្រែន និងសហព័ន្ធរុស្ស៊ី ក្នុងគោលបំណងកាត់បន្ថយជម្លោះ និងកាត់បន្ថយផលប៉ះពាល់ដល់ជនស៊ីវិល។
មន្ត្រីជាន់ខ្ពស់អង្គការសហប្រជាជាតិក៏បានរំលឹកឡើងវិញនូវជំហររបស់អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres ថា “ដំណោះស្រាយដោយសន្តិវិធីណាមួយត្រូវតែគោរពអធិបតេយ្យភាព ឯករាជ្យភាព និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ស្របតាមធម្មនុញ្ញអង្គការសហប្រជាជាតិ ច្បាប់អន្តរជាតិ និងសេចក្តីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ”។
កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកើតឡើងនៅពេលដែលរដ្ឋបាល Trump ព្យាយាមនាំភាគីពាក់ព័ន្ធទៅរកបទឈប់បាញ់នៅអ៊ុយក្រែន។
ទីភ្នាក់ងារព័ត៌មាន Bloomberg បានដកស្រង់ប្រភពរដ្ឋាភិបាលដែលនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យអ៊ុយក្រែនឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ឱ្យបានឆាប់បំផុត។ កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Trump បានទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដើម្បីពិភាក្សាអំពីបញ្ហានេះ៕ ដោយធីរីណា
រូបថត: TTXVN