ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃអង្គារទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឱ្យដឹងថា លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម កាលពីម្សិលមិញនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារចុះត្រួតពិនិត្យនៃក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលដឹកនាំដោយលោក Ryutaro Takaku និងធនាគាវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដឹកនាំដោយលោក Ronald Muana លើគម្រោងគ្រប់គ្រងធនធានទឹកដោយវិធានការចម្រុះ(IWRMP) នៅសាលប្រជុំនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីជាន់ខ្ពស់ធនាគារអភិវឌ្ឍន៍អាស៊ី( ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) លោក លោកស្រីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គលេខាធិការ អគ្គនាយរង អគ្គលេខាធិការរង ប្រធាន អនុប្រធាននាយកដ្ឋានចំណុះនៃក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងពាក់ព័ន្ធ ព្រមទាំង លោកអភិបាលនៃគណៈអភិបាលខេត្តគោលដៅ លោកប្រធាន អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមនៃខេត្តគោលដៅ មន្រ្តីជាតិ និងអន្តរជាតិនៃអង្គភាពគ្រប់គ្រង និងអនុវត្តន៍គម្រោងរបស់ក្រសួងជាច្រើនរូបទៀត។
លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យដឹងថា បេសកកម្មចុះត្រួតពិនិត្យរបស់គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) មានរយៈពេលពីថ្ងៃទី៣ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដើម្បីចាប់ផ្តើមអនុវត្តគម្រោងការគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRMP) ចាប់ពីខែកុម្ភៈនេះតទៅ នៅតំបន់ប្រព័ន្ធធារាសាស្រ្តក្បាលហុង ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់ ស្រុកកណ្តៀង ស្រុកបាកាន ខេត្តពោធិ៍សាត់ និងនៅតំបន់ប្រព័ន្ធធារាសាស្រ្តកង្ហត ក្នុងភូមិសាស្ត្រក្រុងបាត់ដំបង ស្រុកមោងឫស្សី ស្រុករុក្ខគិរី ស្រុកគាស់ក្រឡ ស្រុកបាណន់ ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកសំឡូត ខេត្តបាត់ដំបង។
សូមបញ្ជាក់ថា ក្រោមហិរញ្ញប្បទានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) និងធនាគារវិនិយោគេហដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គម្រោងគ្រប់គ្រងវិស័យធនធានទឹកដោយវិធានការចម្រុះ(IWRMP) ដែលផ្តោតលើអាងទន្លេក្នុងខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ក្នុងអាងទន្លេសាប បានដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុនិងបរិស្ថានមេត្រី ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងការកាត់បន្ថយហានិភ័យទឹកជំនន់៕
ដោយ៖តារា