ភ្នំពេញ ៖ សេចក្ត្រីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ដែលមានចំនួន៧មាត្រាត្រូវបានរដ្ឋសភាលើកដៃអនុម័តជាស្ថាពរ ដោយសម្លេង១១៥ នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សេចក្តីព្រាងច្បាប់នេះ ត្រូវបានរដ្ឋសភាលើកយកមកពិភាក្សា និងអនុម័តនៅក្នុងសម័យប្រជុំពេញអង្គនៃរដ្ឋសភាលើកទី៣ នីតិកាលទី៧ ក្រោមអធិបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយមានការចូលរួមពីសមាជិករដ្ឋសភាចំនួន១១៥រូប នៃចំនួនសមាជិករដ្ឋសភាទាំងមូល។
សេចក្តីព្រាងច្បាប់ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្ត ឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ មានចំនួន៧មាត្រា ត្រូវបានរៀបចំឡើង ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលមិនទទួលស្គាល់ ឬសម្រាល ឬបដិសេធ ឬជំទាស់អត្ថិភាពនៃឧក្រិដ្ឋកម្មឬលើកតម្កើងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យនិងដែលអត្ថិភាពនៃឧក្រិដ្ឋកម្មទាំងនេះ ត្រូវបានទទួលស្គាល់ដោយសេចក្តីសម្រេចស្ថាពរឬនៅក្នុងកិច្ចដំណើរការនីតិវិធីរបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ក្នុងគោលបំណងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និងទប់ស្កាត់កុំឱ្យឧក្រិដ្ឋកម្មទាំងនេះ វិលត្រឡប់មកវិញនៅកម្ពុជា។
ទន្ទឹមនេះ សេចក្តីព្រាងច្បាប់នេះ ក៏បានគូសបញ្ជាក់យ៉ាងច្បាស់ អំពីប្រភេទឧក្រិដ្ឋកម្មដែល ត្រូវបានរកឃើញដោយ អ.វ.ត.ក. រួមមាន ឧក្រិដ្ឋកម្ម ប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្ម ដែលជាការរំលោភ បំពានធ្ងន់ធ្ងរ លើអនុសញ្ញាទីក្រុងហ្សឺណែវ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៤៩ ដើម្បីកត់ត្រាទុក ជាប្រវត្តិសាស្ត្រ នៅក្នុងច្បាប់តែម្តងសំដៅម្យ៉ាងដើម្បីឱ្យប្រជាពលរដ្ឋមានការចងចាំជានិច្ចមិនអាចបំ ភ្លេចបាននូវមហាសោកនាដកម្ម ក្នុងរបបដ៏ខ្មៅងងឹតរយៈពេល ៣ឆ្នាំ ៨ខែ២០ថ្ងៃដែលធ្វើឲ្យកម្ពុជា មានការបំផ្លិចបំផ្លាញលើកគ្រប់វិស័យធ្លាក់ដល់ចំណុចសូន្យ និងម្យ៉ាងទៀត ដើម្បីផ្តន្ទាទោសចំពោះបុគ្គលទាំងឡាយ ដែលបដិសេធមិនទទួលស្គាល់ការពិត ចំពោះប្រវត្តិសាស្ត្រដ៏សែនជូរចត់បំផុត ដែលបានកើតឡើងនៅកម្ពុជា កាលពីអតីតកាល។
សេចក្តីព្រាងច្បាប់នេះ បានធ្វើការដំឡើងកម្រិតទោស ចំពោះបទមិនទទួលស្គាល់ជា សាធារណៈនូវឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តឡើងក្នុងរយៈកាល នៃកម្ពុជាប្រជាធិបតេយ្យ ទៅជាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី១០លានរៀល ទៅ៥០លានរៀលសំដៅធានាការពារនូវឧត្តមភាពនិងកិត្យានុភាពនៃសេចក្តីសម្រេចស្ថាពរ និងបេសកកម្មជាប្រវត្តិសាស្ត្ររបស់ អ.វ.ត.ក .។
សូមជម្រាបថា សេចក្តីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីទទួលបានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ និងទទួលបានគោលកា រណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ក្នុងការរៀបចំសេចក្តីព្រាងច្បាប់ថ្មី ជំនួសច្បាប់ចាស់ដែលត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៦១៣/០១៣ ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣៕
ដោយ ៖ សិលា