លោកឧត្តមសេនីយ៍ត្រី នាក់ វង្ស គាត់ជាមេទ័ពខ្មែរម្នាក់ ដែលដឹកនាំការពារទឹកដី និងប្រាសាទតាមាន់របស់ខ្មែរនៅជាប់ព្រំដែនថៃ ក្នុងខេត្តឧត្តរមានជ័យ
ខេត្តឧត្តរមានជ័យ ៖ មានការលើកឡើងច្រើនតាមបណ្តាញទំនាក់ទំនងសង្គម បង្ហាញពីការគាំទ្រ មេទ័ពដ៏អង់អាចរបស់កម្ពុជា១រូប ការពារបូរណភាពទឹកដី មិនបំពានលើប្រទេសជិតខាង គឺការពារតែទឹកដីប្រទេសរបស់ខ្លួនប៉ុណ្ណោ ! សំណួរត្រូវរំលេចឡើង ! តើបងប្អូនស្គាល់គាត់ជានរណាទេ? គាត់ជាមេទ័ពខ្មែរម្នាក់ ដែលដឹកនាំការពារទឹកដី និងប្រាសាទតាមាន់របស់ខ្មែរនៅជាប់ព្រំដែនថៃ ក្នុងខេត្តឧត្តរមានជ័យ។
លោកគឺឧត្តមសេនីយ៍ត្រី នាក់ វង្ស មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤២។
ពេលប៉ះទង្គិចពាក្យសំដីជាមួយក្រុមទាហានថៃ នៅលើប្រាសាទតាមាន់ កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២៥ លោកបានគំរាម និងមិនឲ្យទាហានថៃ មកឈរជើងនៅប្រាសាទតាមាន់ឡើយ ហើយបើចង់បាញ់ បាញ់ គឺបាញ់គ្នា យើងមិនខ្លាចឡើយ។
ពាក្យសំដីដ៏អង់អាចក្លាហានរបស់មេទ័ពខ្មែររូបនេះ បានចាក់ចំបេះដូងប្រជាជនខ្មែរទូទាំងប្រទេស ពីស្មារតីការពារទឹកដី និងមិនខ្លាចសត្រូវនោះឡើយ។
លោកឧត្តមសេនីយ៍ត្រី បានឈរជើងការពារទឹកដី និងប្រាសាទតាមាន់ យូរឆ្នាំហើយ។
តាំងពីពេលកម្ពុជា-ថៃ ប៉ះទង្គិចគ្នាដោយអាវុធ កាលពីជាង១០ឆ្នាំមុន, អ្នកសារព័ត៌មានបានជួបគាត់ច្រើនដងដែរ ពេលចុះទៅយកព័ត៌មាននៅព្រំដែន និងនៅលើប្រាសាទតាមាន់ និងបានឃើញពីភាពក្លាហានយ៉ាងរឹងមាំរបស់គាត់លើកិច្ចការពារបូរណភាពទឹកដី ដែលគួរឲ្យគោរពយ៉ាងពិតប្រាកដ។
ទោះបីជាយ៉ាងណាក៏ដោយ កម្ពុជា-ថៃ ដែលមានភូមិផងរបងជាមួយជាប់គ្នា មានវប្បធម៌រកដំណោះស្រាយដោយសន្តិវិធី ៕
ដោយ ៖ សិលា