ភ្នំពេញ៖ យានយន្តល្មើសជាតិស្រវឹងចំនួន ១៥គ្រឿង ត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការឃាត់រក្សាទុកនៅអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីតម្រូវឲ្យម្ចាស់យានយន្តទាំងនោះចូលខ្លួនបង់ផាកពិន័យតាមច្បាប់។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា ៖ ដោយអនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅវេលាម៉ោង២៣ និង០០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ រហូតដល់ម៉ោង០២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២៥ កងកម្លាំង នៃអធិដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយកម្លាំងចរាចរណ៍នៃស្នងការដ្ឋានរាជធានីភ្នំពេញ បន្តចុះដាក់គោលដៅអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យអ្នកបើកបរយានយន្តក្រោមឥទ្ធិពលជាតិស្រវឹង នៅលើបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ទល់មុខផ្សារជេនជូរីផ្លាហ្សា ខណ្ឌពោធិ៍សែនជ័យ ដែលមានកម្លាំងចូលរួមសរុប៣៥នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា និងឧត្តមសេនីយ៍ទោ ញ៉ង រស់មេត្តា ស្នងការរង និងលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។
របាយការណ៍ដដែលបន្តថា ៖ លទ្ធផល នៃការងារត្រួតពិនិត្យមានយានយន្តឆ្លងកាត់ចំនួន ១៨០គ្រឿង ក្នុងនោះមានម៉ូតូចំនួន ១០០គ្រឿង រថយន្តចំនួន ៨០គ្រឿង អត់ពាក់មួកសុវត្ថិភាព ១៣នាក់ និងឃាត់យានយន្តល្មើសជាតិស្រវឹងចំនួន ១៥គ្រឿង (រថយន្ត ០២គ្រឿង និងម៉ូតូ ១៣គ្រឿង)។
ឆ្លៀតក្នុងឱកាសនេះផងដែរ លោកវរសេនីយ៍ឯក ម៉ន វុធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឲ្យចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះដែលអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក និងជាតិស្រវឹងដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរណ៍៕ដោយ៖តារា