ភ្នំពេញ៖ លោក ខៀវ កាញារិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន បច្ចុប្បន្នជាឧត្តមប្រឹក្សាព្រះមហាក្សត្រ និងជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម បានប្រសាសន៍តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្លូវរបស់លោកនៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា៖ អូនអើយកុំសើចបង ពៀរវាឆ្លងម្តងម្នាក់ ! កាលពីសម័យលោក កាដាហ្វី នៃប្រទេសលីប៊ី ពួកបស្ចឹមប្រទេសតែងចោទថាលោកជាមនុស្សផ្តាច់ការហើយកម្រិតការទាក់ទងជាមួយលោកក្នុងកម្រិតទាបបំផុត ។
លោក ខៀវ កាញារិទ្ធ បានគូសបញ្ជាក់ថា តែនៅពេលបោះឆ្នោតប្រទេសបារាំង លោក Sarkozy ត្រូវការលុយបោះឆ្នោតហើយលោក កាដាហ្វី បានលួចជួយលុយលោក Sarkozy រាប់លានដុល្លារ ( ព្រោះរឿងនេះហើយ នៅពេលលោកកាដាហ្វីធ្លាក់ពីអំណាចលោក Sarkozy បានស្វះស្វែងបញ្ជូនមនុស្សតាមសម្លាប់លោកជាបន្ទាន់កុំអោយពួកបះបោរចាប់លោកទាំងរស់បានមុនព្រោះអាចបែកការណ៍រឿងលុយនេះ ) ។
លោក ខៀវ កាញារិទ្ធ បានបន្ថែមថា នៅពេលជាប់ឆ្នោតហើយ លោក Sarkozy ត្រូវបង្ខំចិត្តអញ្ជើញលោក កាដាហ្វីមកបារាំង តែនៅពេលទទួល លោក Sarkozy ចាប់ដៃលោកកាដាហ្វីដោយក្តាប់ដៃមិនមែនលាដៃទេ ( រូប ១ ) ដែលជាធម្មតាអោយតម្លៃភ្ញៀវទាបមែនទែន ។
បន្ថែមពីនេះ លោក ខៀវ កាញារិទ្ធ បានសង្កត់ធ្ងន់ថា តែនៅពេលលោកត្រាំជួបលោក Macron ជាប្រធានាធិបតីបារាំង វិញ ក៏លោកត្រាំមិនអោយតម្លៃលោកប្រធានាធិបតីបារាំងវិញដែរ ( រូប ២ ) ដូចខ្មែរតែងថា ពៀរមានពិត៕ដោយ៖តារា