ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានប្រកាសបន្តប្តូរប្រាក់រៀលចាស់ ទក់ ឬរហែក ជាប់ជាប្រចាំនៅតាមបណ្តាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ទូទាំងប្រទេស។
ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា នៅក្នុងចំណោមប្រតិបត្តិការប្តូរនៃយុទ្ធនាការនេះដែរ នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ធនាគារជាតិនៃកម្ពុជា សាខាខេត្តកំពង់ធំ បានប្តូរប្រាក់រៀលថ្មី ជូនពលរដ្ឋម្នាក់រស់នៅក្នុងឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដែលប្រាក់សន្សំរបស់គាត់បានឆេះខូចខាត ដោយសារភ្លើងឆេះផ្ទះ។
ធនាគារជាតិនៃកម្ពុជាបញ្ជាក់បន្ថែមថា៖«ការប្តូរជូននេះធ្វើឡើងដោយអនុលោមតាមលក្ខខណ្ឌជាក្រដាសប្រាក់រៀលពិតប្រាកដ មិនក្លែងក្លាយ និងគោលការណ៍វាយតម្លៃដែលរក្សាទ្រង់ទ្រាយដើមនៃក្រដាសប្រាក់លើសពី ៧០%»។
គួររំលេចថា សាធារណជនអាចបន្តប្តូរក្រដាសប្រាក់រៀលចាស់ ទក់ ឬរហែក យកប្រាក់រៀលថ្មីដោយមិនគិតកម្រៃសេវា នៅតាមសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដែលនៅជិតផ្ទះ រៀងរាល់ម៉ោងធ្វើការ៕ដោយ៖តារា
រូបភាព៖BTV