ភ្នំពេញ៖ យោងតាមសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សរបស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះថា លើអាខោនហ្វេសប៊ុកមួយឈ្មោះថា Reachsey ChnamThmey បានយកវិដេអូមកធ្វេីការផ្សព្វផ្សាយ ដែលជាករណីអគ្គិភ័យខាងលេីនេះ មកសរសេរថា (ភ្លើងឆេះក្រោយខណ្ឌច្បាអំពៅ 2025)។
សូមបញ្ជាក់ជូនសាធារណៈជនមេត្តាជ្រាបថា កាលពីវេលាម៉ោង ៣និង២៥នាទីរសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ មានករណីអគ្គិភ័យកំពុងឆាបឆេះឃ្លាំងលក់គ្រឿងសម្ភារៈសម្រាប់សែន មួយកន្លែង នៅផ្លូវលេខ៣៦៣ កែងផ្លូវលេខ៦៣៨ ក្រុម១៣ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ និងបដិសេធចំពោះអាខោនហ្វេសប៊ុក មួយឈ្មោះថា Reachsey ChnamThmey ដែលបានយកវិដេអូចាស់ផុស និងធ្វេីឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ ជាពិសេសមានបំណងអាក្រក់បំពុលបរិយាកាសដល់សង្គមជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សូមម្ចាស់អាខោនហ្វេសប៊ុក ឈ្មោះថា Reachsey ChnamThmey ខាងលេីនេះ ចូលខ្លួនមកបំភ្លឺនៅការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ ជាបន្ទាន់ បើពុំដូច្នោះទេ កងកម្លាំងសមត្ថកិច្ចនគរបាលជំនាញ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ៕ដោយ៖តារា