ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្តីការក្រសួង បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Milena Caridad Zaldivar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងមន្រ្តីពាក់ព័ន្ធក្រោមឱវាទ។
ក្នុងឱកាសនេះលោកស្រី ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរ គុណនិងសម្តែងសេចក្តីរីករាយដែលបានចូលជួបសម្តែង ការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការបន្ថែមរវាងប្រទេសទាំងពីរ ជាពិសេសលើវិស័យអប់រំ កាយ និងកីឡា ដែលប្រទេសគុយបា និងប្រទេសកម្ពុជា បានសហការជាមួយគ្នាជាច្រើនឆ្នាំនាពេលកន្លងមក និងបានលើកឡើងពីការផ្តល់អាហារូបករណ៍លើផ្នែកឱសថសម្រាប់ឆ្នាំ ២០២៥-២០២៦ មកកាន់ប្រទេសកម្ពុជា, ការសហការនិងគាំទ្រពីនាយកប្រតិបត្តិនៃ វិទ្យាស្ថាន INDER លើការអប់រំកាយ និងបន្តកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្តូរវប្បធម៌ និងចែករំលែកបទពិសោធនានាចំពោះវិស័យអប់រំកាយ និងកីឡា ដូចជាកីឡាបាល់ទះ កីឡាប្រដាល់ និងកីឡាផ្សេងទៀត ដែលមានគ្រូបង្វឹក និងអ្នកជំនាញពីប្រទេសគុយបាមកជួយគាំទ្រ និងជួយបង្វឹកបណ្តុះបណ្តាលកីឡាករកម្ពុជា ដើម្បីទទួលបានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែងកម្រិតជាតិ និងអន្តរជាតិ។
ជាការឆ្លើយតបបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រទេសគុយបា ដែលបានជួយគាំទ្រមកលើប្រទេសកម្ពុជានាពេលកន្លងមក ជាពិសេសចំពោះវិស័យអប់រំកាយ និងកីឡា ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកីឡានៅកម្ពុជា ជាពិសេសកីឡាបាល់ទះ ព្រមទាំងបានថ្លែងអំណរគុណចំពោះអាហារូបករណ៍ និងកិច្ចសហប្រតិបត្តិការអប់រំកាយ និងកីឡាជាមួយវិទ្យាស្ថានផ្សេងៗ របស់ប្រទេសគុយបា ដែលទាំងអស់នេះមិនត្រឹមតែជួយអភិវឌ្ឍធនធានមនុស្សកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែស្និទ្ធស្នាលថែមមួយកម្រិតទៀត។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានគាំទ្រនូវគំនិតផ្តួចផ្តើមរបស់ប្រទេសគុយបា ក្នុងការសហការលើកីឡាបេស្បល និងកីឡាផ្សេងទៀត ដោយនឹងមានកិច្ចប្រជុំពិភាក្សា ដើម្បីវាយតម្លៃ និងសម្រេចលើចក្ខុវិស័យនេះ។
តាងនាមក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសគុយបា ក្នុងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជានាពេលកន្លងមក និងសង្ឃឹមជឿជាក់ថា ប្រទេសទាំងពីរ នឹងបន្ត ពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមទៀត និងស្វែងរកកិច្ចសហប្រតិបត្តិការថ្មីៗសម្រាប់ការរីកចម្រើន និងការចែករំលែកបទពិសោធរវាងប្រទេសទាំងពីរ។ កិច្ចសហ ប្រតិបត្តិការទាំងនេះ នឹងជួយពង្រឹងសម្ព័ន្ធប្រវត្តិសាស្ត្រដែលប្រទេសទាំងពីរបានកសាងជាង៦ទស្សវត្សរ៍មកនេះ ហើយនឹងបន្ដរីកចម្រើនក្នុងបរិបទថ្មីៗដែលអាចទាក់ទងទៅនឹងការអភិវឌ្ឍប្រព័ន្ធអប់រំកាយ ការពង្រឹងសមត្ថភាពប្រកួតប្រជែងនៅលំដាប់ជាតិ និងអន្តរជាតិ ជាពិសេសការបង្កើតឱកាសថ្មីៗសម្រាប់យុវជន និងសហគមន៍កីឡានៅក្នុងប្រទេសទាំងពីរ៕