ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការកែលម្អ …  ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ

ចែករំលែក៖

ភ្នំពេញ÷ «ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការកែលម្អ …  ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។ លោកយក់ ប៊ុនណា បានរំលឹកប្រសាសន៍របស់ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជូនថ្នាក់ដឹកនាំ និងមន្ត្រីដែលបានចូលរួមក្នុងកិច្ចប្រជុំវិភាគមុខងារជាបន្តបន្ទាប់។

ក្នុងកិច្ចប្រជុំជាមួយក្រសួង ស្ថាប័នផ្សេងៗ ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងស្ថាប័ននានាលោក យក់ ប៊ុន ណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ តែងតែបានរំលឹកជារឿយៗនូវអភិក្រមក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។ ការរំលឹកគោលការណ៍ទាំងនេះ ជាការជម្រាបបន្ថែមដល់អង្គប្រជុំដែលបានចូលរួមពិភាក្សាលើការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួង ស្ថាប័ននានា ជាពិសេសអភិក្រម «ពង្រឹង ជាជាងពង្រីក» និងចំណុចដែលមានភាពប្រទាក់ប្រឡាគ្នារវាងក្រសួង ស្ថាប័នធ្វើយ៉ាងណា ឱ្យរក្សាស្មារតី ស្រុះស្រួលគ្នា។ លោករដ្ឋលេខា ធិការប្រចាំការបានរំលឹកប្រសាសន៍លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈថា «ការកែទម្រង់មិនមែនជាវិធានការវះកាត់នោះទេ តែជាវិធានការកែលម្អ …  ហើយអនុវត្តទៀតសោត ត្រូវរក្សាស្មារតីជវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ទន្ទឹមនឹងការលើកឡើងបែបនេះ រដ្ឋលេខាធិការប្រចាំការ ក៏បានរំលេចនូវស្ថានភាពភូមិសាស្រ្តនយោបាយ ក៏ដូចជាសេដ្ឋកិច្ចសង្គម ដែលមានការវិវត្តជាប្រចាំ និងពិបាកក្នុងគ្រប់គ្រង ឬព្យាករណ៍ទុក ទាំងស្ថានភាពក្នុងតំបន់ និងនៅលើសកលលោក។ ដូច្នេះហើយកម្ពុជាក៏ទាមទារឱ្យមានការគិតគូរជាប្រចាំ និងជាចាំបាច់ទៅលើការងារកែទម្រង់រដ្ឋបាលសាធារណៈ ដើម្បីកែលម្អផង សន្សំសំចៃផង និងពង្រឹងភាពធន់របស់យើងផង។

...

ពឹងផ្អែកទៅលើប្រសាសន៍លោ្ឧបនាយករដ្ឋមន្រ្តី,លោកយក់ ប៊ុនណា បានបន្តថា ទាំងថ្នាក់ដឹកនាំ ទាំងក្រុម ការងារបច្ចេកទេសទាំងអស់ រួមទាំងមន្រ្តីរាជការរបស់យើង ដែលចូលរួមអនុវត្តការងារកែទម្រង់រដ្ឋបាលសាធារណៈនេះ បានគិតគូរគ្រប់រូបភាពទាំងអស់ ទាំងទិដ្ឋភាពបច្ចេកទេស ទាំងទិដ្ឋភាពនយោបាយ ទាំងទិដ្ឋភាពសតិអារម្មណ៍ និងស្ថានភាពខុសៗគ្នានៅក្នុងក្រសួង ស្ថាប័ននីមួយៗ ដោយធ្វើយ៉ាងណាគិតគូរដល់មន្រ្តីគ្រប់រូបដែលបានលះបង់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ចូលរួមជាមួយរាជរដ្ឋាភិបាលកន្លងមកក្នុងការបំពេញការងារតាមចំណេះ ជំនាញ បច្ចេកទេស តាមវិស័យរៀងៗខ្លួន។ ដូច្នេះហើយ រាល់ការកែទម្រង់រដ្ឋបាលសាធារណៈនៅកម្ពុជា មិនមែនជាការធ្វើជាគំហុកនោះទេ តែក៏មិននៅមួយកន្លែង។ ការងារកែទម្រង់ត្រូវបន្តធ្វើជាប្រចាំដោយមានការស្រុះស្រួលគ្នាហើយរក្សាស្មារតីនៃជវភាពនៃប្រព័ន្ធតួអង្គតែមួយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print