ភ្នំពេញ ៖ ក្នុងឱកាសដ៏មហោឡារិកនៃការប្រារព្ធខួបលើកទី២៦ នៃទិវាជាតិយល់ដឹងអំពីមីន ២៤ កុម្ភៈ ២០២៥ ក្រោមប្រធានបទ «រួមគ្នាលុបបំបាត់គ្រោះថ្នាក់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ដើម្បីសហគមន៍មានសុវត្ថិភាព» ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ៖ ខ្ញុំក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា មានក្តីសោមនស្សរីករាយក្រៃលែង សូមថ្លែងនូវសារលិខិត ដើម្បីរំលឹកដល់បងប្អូនជនរួមជាតិទាំងអស់ ជាពិសេសប្រជាពលរដ្ឋដែលកំពុងរស់នៅ ក្នុងតំបន់រងផលប៉ះពាល់ដោយសារមីននិងគ្រាប់មិនទាន់ផ្ទុះ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ដែលបង្ក ឡើងដោយសារគ្រាប់ទាំងនោះ។
សង្គ្រាមបានបន្សល់ទុកនូវមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលបណ្តាល ឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបានបង្កនូវសោកនាដកម្មដ៏ ឈឺចាប់ និងបានរាំងស្ទះដល់ការអភិវឌ្ឍប្រទេសជាតិ។ ជាមួយនឹងការបង្រួបបង្រួមជាតិ សន្តិភាព ស្ថិរភាព និង ការអភិវឌ្ឍក្រោមនយោបាយ «ឈ្នះ-ឈ្នះ» នៅចុងឆ្នាំ១៩៩៨ រាជរដ្ឋាភិបាលកម្ពុជាអាចមានលទ្ធភាពដោះស្រាយនូវ ផលអវិជ្ជមានលើគ្រប់វិស័យ។ ជាមួយគ្នានេះ សមិទ្ធផលទាក់ទងនឹងសកម្មភាពមិន បានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចគាំពារសន្តិភាព និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តថា ៖ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ ២០២៤ អស់រយៈពេលប្រមាណ៣២ឆ្នាំកន្លងមក ផ្ទៃដីទំហំ៣ ២៩៧គីឡូម៉ែត្រ ការ៉េ ត្រូវបានបោសសម្អាត សម្រាប់យកទៅប្រើប្រាស់និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន៨១ភាគរយ ហេដ្ឋារចនាសម្ព័ន្ធមាន៤ភាគរយ និងផ្សេងៗមាន១៥ភាគរយ ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម ដោយមានប្រជាពលរដ្ឋទទួលផល ប្រមាណជាង១០លាននាក់។ មីនប្រឆាំង មនុស្សចំនួន១ ១៩៧ ២១៨គ្រាប់ មិនប្រឆាំងរថក្រោះចំនួន២៦ ៥៦៧គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន ៣ ១៩៦ ៧០៤គ្រាប់ ត្រូវបានរកឃើញនិងបំផ្លាញចោល។ ដោយឡែក នៅក្នុងឆ្នាំ២០២៤ កន្លងទៅ ផ្ទៃដីចំនួន ២៧៣គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតរួច ក្នុងនោះបានរកឃើញ និងបំផ្លាញចោលមីនប្រឆាំងមនុស្សចំនួន១៧ ៨៥៣គ្រាប់ មិនប្រឆាំងរថក្រោះចំនួន២២៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៩១ ១១១គ្រាប់។ ចំនួនជនរងគ្រោះបានថយចុះពី៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម៤៩នាក់ ក្នុងឆ្នាំ២០២៤៕
ដោយ ៖ សិលា