ភ្នំពេញ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង និង២នាក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីជិះម៉ូតូ២គ្រឿងមិនប្រយ័ត្នជ្រុលទៅបុកគ្នាពេញទំហឹង កាលពីវេលាម៉ោង ១រំលងអធ្រាត្រឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវ៥៨ ក្នុងសង្កាត់ទួលសង្កែទី១
ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ។
សពជនរងគ្រោះមានឈ្មោះ ឃ្លឹម ភា
រុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងកព្ចាក់ បច្ចុប្បន្នរស់នៅជិតផ្សារសាំហាន់
ខណ្ឌប្ញស្សីកែវ មានស្រុកកំណើតនៅភូមិត្រពាំងរាំង ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
តាមប្រភពព័ត៌មានពីពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបានជិះម៉ូតូតែម្នាក់ឯង ម៉ាកYamaha TER GP ពណ៌ខៀវមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 1IT – 9011 តាមបណ្ដោយផ្លូវលេខ៥៨ ក្នុងទិសដៅពីកើតមកលិចដោយល្បឿនលឿន ខណះធ្វើដំណើរមកដល់ចំណុចកើតហេតុខាងលើ ក៏មានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1 KW- 6069 ជិះដោយយុវជន២នាក់ ធ្វើដំណើរ តាមផ្លូវលេខ៥៨ ក្នុងទិសដៅពីលិចមកកើតបញ្ច្រាសទិសគ្នា លុះធ្វើដំណើរដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែបុរសដែលជិះម៉ូតូម៉ាកYamaha TER GP រេចង្កូតជិះចូលគន្លងផ្លូវគេទៅបុកគ្នាពេញទំហឹងបណ្ដាលអោយភាគីខាងម៉ូតូម៉ាកYamaha TER GP ខ្ទាតទៅបោកក្បាលស្លាប់នឹងថ្នល់ ចំណែកភាគីម្ខាងទៀតរងរបួសធ្ងន់ធ្ងរ២នាក់ ត្រូវរថយន្ដសង្គ្រោះបន្ទាន់ដឹកទៅមន្ទីរពេទ្យ ភ្លាមៗផងដែរ រីឯម៉ូតូទាំង២គ្រឿងរងការខូចខាតផ្នែកពីមុខយ៉ាងដំណំ ។
ប្រភពពីបងប្អូនជនរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះខាងលើបានមកហូបអីជួបជុំគ្នា និងបានហូបស្រាតិចតួចផងដែរ តែមិនគួរណាគាត់មកជួបរឿងបែបនេះសោះ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុធ្វើការទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះធ្វើការវាស់វែងយកម៉ូតូទាំង២គ្រឿងខាងលើទៅរក្សាទុក រង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកសពសមត្ថកិច្ចបានធ្វើកំណត់ហេតុរួចប្រគល់អោយខាងសាច់ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត ៕ដោយ ៖ ភារ៉ា ដង្កោ