រដ្ឋមន្ដ្រី ឌិត ទីណាចុះពិនិត្យការច្រូតស្រូវសែនក្រអូប ០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ÷ នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ និងជួបសំណេះសំណាលជាមួយសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ នៅភូមិរលស់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ដំណេីរបេសកកម្មនេះ លោករដ្ឋមន្រ្តី បានចុះត្រួតពិនិត្យមេីលការប្រមូលផលស្រូវសែនក្រអូប០១ និងទទួលស្តាប់នូវស្ថានភាពជាក់ស្តែង​របស់សហគមន៍​។ ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តក្នុងការសហការជាមួយមន្ត្រីជំនាញ ដើម្បីពិនិត្យលើទីតាំងដីដើម្បីត្រៀមដាំនូវពូជស្រូវចំប៉ីស៧០​។

ស្របពេលជាមួយគ្នានេះ​ លោក​ ឆេង បូរ៉ា ប្រធានសហគមន៍កសិកម្មទំនើបអភិវឌ្ឍន៍ដំណាំស្រូវកំពង់ធំ បានបង្ហាញក្តីសប្បាយរីករាយ និងកក់ក្តៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់​ លោករដ្ឋមន្ត្រី​ បានអញ្ជើញចុះពិនិត្យការច្រូតស្រូវសែនក្រអូប០១ ដោយផ្ទាល់។ លោកបន្តថា ក្រោយពីប្រជាកសិករសហការគ្នាចងក្រងសហគមន៍កសិកម្មទំនើបធ្វើឱ្យពួកគាត់ទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា កាត់បន្ថយចំណាយមិនចាំបាច់ មានមន្ត្រីកសិកម្មជួយណែនាំ​ និងផ្តល់បច្ចេកទេសក្នុងការដាំដុះ ហើយទទួលបានទិន្នផលច្រើន ជាជាងធ្វើការដាំដុះដាច់ដោយឡែក ជាពិសេសមានទីផ្សារពិតប្រាកដ និងលក់បានចំណេញជាងពីមុន។

តំណាងសហគមន៍រូបនោះបានឱ្យដឹងទៀតថា នៅក្នុងសហគមន៍របស់គាត់មានប្រព័ន្ធទឹកស្រោចស្រពគ្រប់ គ្រាន់ អំណោយផលដល់ការដាំដុះទាំងរដូវប្រាំង និងរដូវវស្សា។​ នៅឆ្នាំក្រោយៗទៀត សហគមន៍នឹងបន្តកៀរ គរប្រជាកសិករបន្ថែមទៀតឱ្យចូលរួមក្នុងសហគមន៍កសិកម្មទំនើប ដើម្បីពង្រឹង​ និងពង្រីកការដាំដុះដំណាំ ស្រូវសែនក្រអូប០១ និងពូជស្រូវក្នុងស្រុកផ្សេងៗទៀត។

...

ជាទីបញ្ចប់លោករដ្ឋមន្ត្រី បានផ្តល់ជាអនុសាសន៍ណែនាំដល់សហគមន៍កសិកម្មទំនើប បន្តសហការដោយកសាងទំនុកចិត្តជាមួយគ្នា និងគិតគូរពីផលប្រយោជន៍រួម ដើម្បីថែរក្សាសហគមន៍ឱ្យបានយូរអង្វែង សំដៅជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងរីកចម្រើនបន្ថែមទៀត៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print