Liverpool បំបាក់ Man City ដល់ទឹកដី បន្តនាំមុខកំពូលតារាងរហូតដល់១១ពិន្ទុ

ចែករំលែក៖

ក្រុមហង្សក្រហម Liverpool បានបោះជំហានមួយទៀតឆ្ពោះទៅកាន់ពាន Premier League ជាមួយនឹងជ័យជម្នះ ២ទល់០ នៅលើក្រុមម្ចាស់ផ្ទះមេឃខៀវ Manchester City បន្ទាប់ពីកីឡាករ Mohamed Salah រកបានគ្រាប់បាល់ដំបូងរបស់ពួកគេ និងបង្កើតឱកាស១គ្រាប់ទៀតដើម្បីឲ្យកីឡាករ Dominik Szoboszlai រកបានគ្រាប់បាល់ទី២ ខណៈដែលពួកគេបាននាំមុខ១១ពិន្ទុនៅលើកំពូលកាលពីរាត្រីថ្ងៃអាទិត្យ។

ក្រុមរបស់លោក Arne Slot មាន៦៤ពិន្ទុពី២៧ប្រកួតនាំមុខក្រុមលេខ២ Arsenal ដែលមានការប្រកួតក្នុងដៃ។ Man City ឈរនៅលេខរៀងទី៤ មាន៤៤ពិន្ទុ ខណៈដែលការស្វែងរកជ័យជម្នះនៅដើមរដូវកាលរបស់ពួកគេសម្រាប់ការគ្រងជើងឯកលើកទី៥ជាប់ៗគ្នាហាក់នៅឆ្ងាយសម្រាប់រដូវកាលនេះ និងការធ្លាក់ចេញពី Champions League ក្នុងវគ្គ Playoff រួមទាំងការប្រជែងកៅអីរដូវកាលក្រោយក៏មិនទាន់នឹងនរនៅឡើយ។

Salah រកបានគ្រាប់ទី២៥ ដែលកំពុងនាំមុខគេក្នុងលីកក្នុងរដូវកាលនេះ ដោយខ្សែប្រយុទ្ធរូបនេះរកបាននៅនាទីទី១៤ បន្ទាប់ពីការបញ្ជូនបាល់ចេញពីជ្រុង ហើយបាល់ផ្លាតចេញពីជើងខ្សែការពារ Man City កីឡាករ Nathan Ake ធ្វើឲ្យ Salah ស៊ុតបន្ថែមផុតដៃអ្នកចាំទី Ederson ចូលទីបានសម្រេចតែម្តង។

កីឡាករ Szoboszlai របស់ Liverpool បានរកគ្រាប់បាល់ទី២សម្រាប់ការប្រកួតនេះនៅនាទីទី៣៧ ពីការបញ្ជូនបាល់យ៉ាងល្អរបស់ខ្សែប្រយុទ្ធ Salah ធ្វើឲ្យ Liverpool នាំមុខ២គ្រាប់តាំងពីតង់ទី១ ដែលធ្វើឲ្យអ្នកគាំទ្រ Man City ដែលមានអារម្មណ៍ក្រៀមក្រំលាយឡំនឹងភ្លៀងធ្លាក់ផង។ ចូលដល់តង់ទី២ ក្រុមទាំង២មិនមានគ្រាប់បាល់បញ្ចូលទីនោះទេ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Liverpool យកឈ្នះម្ចាស់ផ្ទះ Man City ក្នុងលទ្ធផល២ទល់០។

...

ការប្រកួតបន្ទាប់ក្រុមហង្សក្រហម Liverpool នឹងត្រូវប៉ះក្រុមភ្ញៀវ Newcastle United នៅថ្ងៃទី២៧ ខែកុម្ភៈខាងមុខ ខណៈដែល Man City នឹងត្រូវប៉ះម្ចាស់ផ្ទះ Tottenham នៅថ្ងៃជាមួយគ្នាដែរ ក្នុងការប្រកួតសប្តាហ៍ទី២៨ សម្រាប់ Liverpool និងសប្តាហ៍ទី២៧ សម្រាប់ Man City នៅ Premier League ៕ (រូបភាព ៖ CNA/BBC)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print