ខេត្តសៀមរាប ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ” នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ មានដូចខាងក្រោម ៖
១. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា សហការជិតស្និទ្ធ ជាមួយ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីបន្តធ្វើការកែទម្រង់ ប្រព័ន្ធអភិវឌ្ឍមូលធនមនុស្សជាតិ ដោយផ្តោតការយកចិត្តទុកដាក់បន្ថែមលើ ចំណេះដឹង ជំនាញ និង បំណិនពាក់ព័ន្ធនឹង វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (STEM) សំដៅពង្រីកឧត្តមភាពប្រកួតប្រជែង និង ពង្រឹងភាពប្រកួត ប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា, ទាំងនៅកម្រិតតំបន់ និង សកល។
២. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ក្រសួងអប់រំ យុវជន និង កីឡា បន្តលើកកម្ពស់ គុណភាពអប់រំ ដោយចាប់ផ្តើមពីការលើកកម្ពស់គុណភាពគ្រូ គុណភាពនាយក សាលា ផ្តោតលើវិធីសាស្ត្របង្រៀន និង ត្រូវបំពាក់សម្ភារ:បរិក្ខារឱ្យបានសមស្រប សម្រាប់ការអប់រំ និង ការបង្ហាត់បង្រៀនឱ្យស្របទៅនឹងចក្ខុវិស័យ នៃការអប់រំ សតវត្សរ៍ទី ២១។
៣. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ សាកលវិទ្យាល័យសៅស៍អ៊ីសថ៍អេយសៀ បន្ត ធ្វើទំនើបកម្មកម្មវិធីអប់រំ ឱ្យស្របតាម ក្របខ័ណ្ឌគុណវុឌ្ឍជាតិ និង ស្តង់ដាអន្តរ ជាតិ សំដៅឱ្យឆ្លើយតបទៅនឹងទីផ្សារការងារ និង មុខរបរ ក្នុងបរិបទសង្គមឌីជីថល និង បដិវត្តន៍ឧស្សាហកម្ម ៤.០។
៤. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យសាស្ត្រាចារ្យទាំងអស់បន្តខិតខំអភិវឌ្ឍសមត្ថភាព ជាប្រចាំ និងបង្កើនការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រតាមជំនាញឯកទេសរៀងៗ ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្រៀន និង ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការ អនុវត្ត និង ឧត្តមានុវត្តន៍។
៥. សម្តេចបវរធិបតី លើកទឹកចិត្តឱ្យ ប្អូនៗជ័យលាភីទាំងអស់ ត្រូវបន្តអភិវឌ្ឍចំណេះ ដឹងជាប្រចាំ តាមរយៈការសិក្សាស្រាវជ្រាវ និង ការសិក្សាបន្ត ដើម្បីរួមចំណែក ដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយសក្តានុពល និង ផលិតភាពខ្ពស់ និង ការកសាងពលរដ្ឋឌីជីថលនៅកម្ពុជា សម្រាប់ទាញយកផលប្រយោជន៍ជាអតិបរមា ពីបរិវត្តកម្មឌីជីថល៕
ដោយ ៖ សុខ ខេមរា