ខេត្តកំពង់ឆ្នាំង៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងជាគណៈបញ្ជាការឯកភាពខេត្ត ថ្មីៗនេះ បានអំពាវនាវអោយអាជ្ញាធរស្រុកឃុំ មន្ទីរកសិកម្ម កម្លាំងរខ័ណ្ឌរដ្ឋបាលជលផល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តច្បាប់អោយបានតឹងរ៉ឹង ដោយសហការជាមួយកម្លាំងកងទ័ព ក្នុងប្រតិបត្តការបង្ក្រាបបទល្មើសតូចធំក្នុងភូមិសាស្ត្រខេត្តកំពងឆ្នាំង អោយមានប្រសិទ្ធិភាព ដើម្បីសង្រ្គោះបឹងទន្លេសាប និងទន្លេសាបមកវិញ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនកម្ពុជាជាង១៧លាននាក់ ។
លោកបន្តថា៖ បទល្មើសនេសាទដែលកើតមានក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងកន្លងមក បានធ្វើអោយបាត់បង់នូវព្រៃលិចទឹកយ៉ាងធ្ងន់ធ្ងរ ធ្វើអោយទន្លេគោករាក់ បង្វែរចរន្តទឹកហូរ បាត់បង់ពូជត្រីគ្រប់ប្រភេទ បាត់បង់ជីវចំរុះនៅបាតទន្លេដោយកាយលៀស និយាយរួមរាល់បទល្មើសទាំងអស់ សុទ្ធតែបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ទន្លេសាប បឹងទន្លេសាប ជីវចំរុះ ព្រៃលិចទឹក និងធ្វើអោយមានគ្រោះធម្មជាតិផងដែរ។ ដើម្បីសង្គ្រោះបឹងទន្លេសាប និងទន្លេសាបមកវិញ យើងជាអាជ្ញាធរខេត្ត ស្រុក ឃុំ មន្ទីរកសិកម្ម កម្លាំងរខ័ណ្ឌរដ្ឋបាលជលផល កងកម្លាំងនគរបាល កងរាជអាវុធហត្ថ និងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តច្បាប់អោយបានតឹងរ៉ឹង ដោយត្រូវសហការជាមួយកម្លាំងកងទ័ព ដែលកំពុងបើកប្រតិបត្តិការបង្ក្រាបនាពេលនេះ ។ ត្រូវចូលរួមបង្ហាញទីតាំងបទល្មើសក្នុងឃុំរបស់ខ្លួន អោយកម្លាំងកងទ័ព និងកម្លាំងចំរុះថ្នាក់ខេត្ត ស្រុក ឃុំ បានសហការចូលរួមបំផ្លាញចោលអោយអស់ពីក្នុងទន្លេរបស់យើងទាំងអស់គ្នា ជាពិសេសបង្កលក្ខណៈដល់ប្រជានេសាទលក្ខណៈគ្រួសារអោយពួគគាត់បាននេសាទដោយប្រើឧបករណ៍ត្រឹមត្រូវតាមច្បាប់ស្តីពីជលផល ។ ការដាក់បទល្មើសធំទាំងនេះ មិនមានប្រយោជន៍ណាមួយដល់ប្រជានេសាទលក្ខណៈគ្រួសារនោះឡើយ តែតាមពិតទៅមានប្រយោជន៍តែឈ្មួញធំៗប៉ុន្មាននាក់តែប៉ុណ្ណោះ។
បទល្មើសដែលមានតាមដងទន្លេសាបក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំងនាពេលកន្លងមក មានបទល្មើសនេសាទកាយយកលៀសពីបាតទន្លេ ធ្វើអោយបាត់បង់ជីវចំរុះនិងពូជត្រីមួយចំនួន, ការដាក់សម្រាស់ធំៗ ធ្វើអោយទន្លេគោករាក់ បាត់បង់ព្រៃលិចទឹក បង្វែរចរន្តទឹកហូរ, របាំងសាច់អួនវែងៗ, របាំងស្បៃមុង, ឆក់ក្តៅ និងឆក់ត្រជាក់, ការអូសរុញជនដោយប្រើម៉ាស៊ីន, ការដាក់មងបង្ក្រាបជាដើម ដែលបទល្មើសទាំងនោះ ទោះមានការបង្ក្រាបជារៀងរាល់ថ្ងៃពីកម្លាំងខណ្ឌរដ្ឋបាលជលផល កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់យ៉ាងណា ក៏នៅតែកើតមានដដែល រហូតម្រមុខរាជរដ្ឋាភិបាល បានដាក់កម្លាំងកងទ័ពចុះបង្ក្រាបតែម្តង ដើម្បីសង្គ្រោះទន្លេសាប និងបឹងទន្លេសាប។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ក៏បានលើកឡើងថា ៖ ទិន្នផលត្រីឆ្នាំនេះមានការកើនឡើងគួរឲ្យកត់សម្គាល់ ដែលធានាបាននូវបរិមាណត្រី និងតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋទិញហូប។
សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថា ៖ យើងអាចនិយាយបានថា កត្តារួមចំណែកមួយនៃការកើនឡើងនៃទិន្នផលត្រីឆ្នាំនេះ គឺដោយសារការខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ សមត្ថកិច្ចមូលដ្ឋាន និងមានការចូលរួមពីកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ក្នុងការសហការបង្ក្រាបបទល្មើសជលផលដែលបង្កដោយសកម្មភាពនេសាទខុសច្បាប់ទ្រង់ទ្រាយធំមួយចំនួន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថា ៖ លទ្ធផលនេះទទួលបានការសាទរយ៉ាងខ្លាំងពីប្រជានេសាទរបស់យើង ដែលកន្លងទៅបទល្មើសនេសាទទ្រង់ទ្រាយធំ បានធ្វើឲ្យប៉ះពាល់ដល់ទិន្នផលត្រីសម្រាប់ប្រជាជនជាអ្នកនេសាទតូចតាច។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ៖ ខ្ញុំសូមអរគុណដល់មន្ត្រីជំនាញ ទាំងថ្នាក់ជាតិនិងក្រោមជាតិ អាជ្ញាធរមូលដ្ឋាន នឹងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ដែលបានរួមគ្នាធ្វើកិច្ចការនេះដើម្បីផលប្រយោជន៍សម្រាប់ប្រជានេសាទយើង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការគ្រប់គ្រងធនធានត្រីនៅកម្ពុជា៕
ដោយ ៖ សិលា