ខេត្តកោះកុង៖ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ លោក សូរ វ៉ិចទ័រ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អមដោយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បានចុះពិនិត្យទីតាំងសាងសង់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ប្រព័ន្ធលូរំដោះទឹកភ្លៀងបង្ការទឹកជំនន់លិចផ្លូវ ការងារការពារជម្រាលផ្លូវ ការងារសាងសង់ផ្លូវ និងសួនបែងចែកទ្រូងផ្លូវនៃគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ និងទីតាំងគ្រោងសាងសង់ស្ពានកោះកុងថ្មី (គម្រោងជំហាន២)ផងដែរ។
បន្ទាប់ពីការចុះត្រួតពិនិត្យនេះរួច លោករដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យរួមគ្នាលើកទី៦ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច ប្រចាំទីក្រុងភ្នំពេញ នៃធនាគារនីហរ័ណ-អាហរ័ណកូរ៉េ ដើម្បីពិនិត្យមើលវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមនានានៃការអនុវត្តគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨។
ថ្លែងក្នុងកិច្ចប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការ បានជំរុញឱ្យក្រុមហ៊ុនសាងសង់ពន្លឿនការងាររបស់ខ្លួនឱ្យបានចប់សព្វគ្រប់នៅចុងខែមេសាឆ្នាំ២០២៥ ខាងមុខតាមកិច្ចសន្យា មុនរដូវភ្លៀងចូលមកដល់។
សូមជម្រាបជូនថា គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៥ គម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ នេះ បានសម្រេចវឌ្ឍនភាពការងាររបស់ខ្លួនប្រមាណ ៨៨,៤៥% ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់របស់ខ្លួនជាស្ថាពរនៅចុងខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕
ដោយ ៖ សិលា