ភំ្នពេញ៖ ដោយទទួលបានការឯកភាពពី លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ប្រទានសិទ្ធិជូន អគ្គស្នងការនគរបាលជាតិ ចុះហត្ថលេខាជាមួយអង្គការម៉ារីស៊ី និងដោយបានការអនុញ្ញាតពី លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ បានអញ្ជើញចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយអង្គការម៉ារីស៊ី ក្នុងការលើកកម្ពស់សុខមាលភាព ប្រយោជន៍សាធារណៈ និងប្រឆាំងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ នៅទីស្តីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី លោកឧត្តមសេនីយ៍ទោ សុក សំបូរ ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន, លោកឧត្តមសេនីយ៍អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងលោក ឌី នឿត នាយកប្រចាំប្រទេស និងសហការី។
លោក ឌី នឿត នាយកប្រចាំប្រទេសនៃអង្គការម៉ារីស៊ី សូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេស លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបានអនុញ្ញាតឲ្យអង្គការម៉ារីស៊ី ជួបពិភាក្សាជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិរហូតឈានបង្កើតអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី «ការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌សម្រាប់ការងារប្រឆាំងអំពើជួញដូរមនុស្ស អាជីវកម្មផ្លូវភេទលើស្រ្តីនិងកុមារ ក្នុងការលើកកម្ពស់សុខមាលភាព ប្រយោជន៍សាធារណៈ។
តាងនាម លោកនាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី អគ្គស្នងការរងនគរបាលជាតិ រីករាយនិងស្វាគមន៍ គាំទ្រការចូលរួមរបស់អង្គការម៉ារីស៊ី ក្នុងកិច្ចសហប្រតិបត្តិការឲ្យកាន់តែមានប្រសិទ្ធភាព ក្នុងការគាំទ្រនិងគាំពារដល់ជនរងគ្រោះ សេវាសង្គម សេវាផ្លូវច្បាប់ ដោយមាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ជាសេនាធិការ ក្នុងការផ្តល់កិច្ចអន្តរគមន៍ ស៊ើបអង្កេត ស្រាវជ្រាវ ប្រមូលភស្តុតាង ជួយសង្រ្គោះជនរងគ្រោះឲ្យទាន់ពេលវេលា និងស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន ៕
ដោយ៖តារា