ភ្នំពេញ ៖ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ហាមផ្ដាច់មិនឱ្យបង្កើតប្រព័ន្ធអប់រំពីរ ស្តង់ដាពីរក្នុងសាលាតែមួយ ឬឱ្យម្ចាស់ជំនួយដឹកនាំតាមបែបស្តង់ដាប្រទេសម្ចាស់ជំនួយ រហូតបាត់បង់ភាពជាម្ចាស់ការក្នុងនាមជាខ្មែរឡើយ។
សម្តេចធិបតី ថ្លែងដូច្នេះ ក្នុងពេលអញ្ជើញ “បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥” នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ។
នាយករដ្ឋមន្ត្រី ថ្លែងថារវាងការចំណាយថវិការលើការពង្រឹងគុណភាពអប់រំ សុខាភិបាល ជាមួយហេដ្ឋារចនាសម្ព័ន្ធ សម្ដេចសុខចិត្តចំណាយលើការអប់រំ សុខាភិបាលភ្លាម ព្រោះចំណេះដឹងនិងអាយុជីវិតគឺសំខាន់ជាងហេដ្ឋារចនាសម្ព័ន្ធ។
បើសិស្សនៅបឋមសិក្សាមិនមានមូលដ្ឋានគ្រឹះរឹងមាំ នោះទៅថ្នាក់លើទៀតច្បាស់ជាមិនមានគុណភាពឡើយ។
សម្ដេចនាយករដ្ឋមន្ត្រី អះអាងថា នឹងចំណាយថវិកាជាច្រើនបន្ថែមទៀតលើការពង្រឹងការសិក្សាថ្នាក់បឋមសិក្សា ដើម្បីមូលដ្ឋានគ្រឹះចំណេះដឹងរឹងមាំ។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ផ្ដល់គោលការណ៍ឱ្យលុបចោលមជ្ឈមណ្ឌលសិក្សាទំនើបដើម្បីបញ្ចប់ស្ដង់ដារពីរនៅក្នុងវិស័យអប់រំរបស់រដ្ឋ និងដើម្បីកុំឱ្យបាត់ម្ចាស់ការលើការអប់រំរបស់កម្ពុជា។
សម្ដេចធិបតី នាយករដ្ឋមន្រ្ដី លើកទឹកចិត្តដល់ក្រសួងអប់រំ បន្តពង្រឹងវិស័យអប់រំគ្រប់កម្រិត ខណៈរាជរដ្ឋាភិបាលបន្តផ្ដល់អាទិភាពគាំទ្រដល់វិស័យអប់រំដើម្បីឱ្យមូលធនមនុស្សកម្ពុជា មានសមត្ថភាព មានគុណវុឌ្ឍិ ក្នុងការជួយដល់ប្រទេសជាតិ៕
ដោយ ៖ សិលា