សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ចំនួន ១៤ សំខាន់ ក្នុង “ពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥”

ចែករំលែក៖

ភ្នំពេញ ៖ អនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុង “ពិធីបិទសន្និបាតអប់រំ យុវជន និងកីឡា ឆ្នាំ៦សិក្សា២០២៣-២០២៤ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥” ចំនួន ១៤ សំខាន់

កាលពីរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដូចខាងក្រោម ៖
១-. ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តពង្រឹងអភិបាលកិច្ចសាលារៀន និង អភិវឌ្ឍប្រព័ន្ធអប់រំឱ្យ កាន់តែរឹងមាំ, មានភាពបុរេសកម្ម, ទំនើបកម្ម និង ឆ្លើយតបទៅនឹងបរិការណ៍ជាតិ និង អន្តរជាតិ។

២-ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបន្តធ្វើបច្ចុប្បន្នកម្មកម្មវិធីសិក្សា ដើម្បីបំពេញតម្រូវការនាពេល អនាគត ដោយធ្វើបច្ចុប្បន្នភាព និង ធ្វើទំនើបកម្មកម្មវិធីសិក្សា ដើម្បីឱ្យឆ្លើយតបតម្រូវការទីផ្សារ ការងារនាពេលអនាគត, រួមទាំងការគិតពិចារណា, ការដោះស្រាយបញ្ហា, ការច្នៃប្រតិដ្ឋ និងការ សហការ រួមបញ្ចូលការអភិវឌ្ឍជំនាញទន់ ស្របទៅតាមតម្រូវការក្នុងការពង្រឹងចំណេះដឹង វិន័យ សីលធម៌ និង ឥរិយាបថរបស់អ្នកសិក្សា ។

៣-លោកគ្រូ អ្នកគ្រូ និង បុគ្គលិកអប់រំគ្រប់លំដាប់ថ្នាក់ ត្រូវសហការរិះរកវិធីសាស្ត្របង្រៀន វិធីសាស្ត្រ រៀន និង វិធីសាស្ត្រវាយតម្លៃថ្មី ដែលអនុញ្ញាតឱ្យសិស្សអភិវឌ្ឍបំណិននៃការគិត ប្រកបដោយការ ត្រិះរិះពិចារណា និង ចេះដោះស្រាយបញ្ហាទាក់ទងនឹងជីវិតប្រចាំថ្ងៃ ។

៤-ក្រសួងអប់រំ យុវជន និងកីឡា និង អង្គភាពក្រោមឱវាទ ត្រូវបន្តកែទម្រង់គ្រឹះស្ថាន បណ្តុះបណ្តាល គ្រូ ដោយត្រូវលើកកម្ពស់គុណវុឌ្ឍគ្រូបង្រៀនចេញថ្មី និងបន្តធ្វើវិក្រឹតការគ្រូបង្រៀន ឱ្យស្របតាម ស្តង់ដាវិជ្ជាជីវៈគ្រូបង្រៀន រួមទាំងការផ្តល់ការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ និង ផ្តល់ឧបករណ៍គាំទ្រ ចាំបាច់ ស្របតាមតម្រូវការ ក្នុងការអនុវត្តវិធីសាស្ត្របង្រៀនបែបថ្មី និងការអប់រំឌីជីថល។ គ្រូ បង្រៀន គឺជាបេះដូង នៃប្រព័ន្ធអប់រំ។ ក្នុងន័យនេះ តាមរយៈការពង្រឹងជំនាញរបស់គ្រូបង្រៀន យើង នឹងធានាបាននូវការអប់រំប្រកបដោយគុណភាព និង ភាពច្នៃប្រតិដ្ឋថ្មី និង ការផ្សារភ្ជាប់គំនិត ច្នៃបង្កើតទាំងនោះ ទៅនឹងជីវភាពជាក់ស្តែង ។

៥-ក្រសួងអប់រំ យុវជន និងកីឡា និងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ត្រូវបន្តអភិវឌ្ឍការអប់រំឌីជីថល ដោយត្រូវបន្តធ្វើសមាហរណកម្មវិស័យបច្ចេកវិទ្យាឌីជីថលទៅក្នុងកម្មវិធីសិក្សាគ្រប់កម្រិត, បំពាក់បន្ទប់ពិសោធន៍ឌីជីថល, ភ្ជាប់បណ្តាញអគ្គិសនី និងអ៊ុនធឺណិតនៅតាមគ្រឹះស្ថានសិក្សា, លើកកម្ពស់គុណវុឌ្ឍ និង សមត្ថភាពឌីជីថលដល់គ្រូបង្រៀន, បញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាទៅ ក្នុងការបង្រៀននិងរៀន, កែលម្អមាតិកាឌីជីថល និង បង្កើតមជ្ឈមណ្ឌលអប់រំឌីជីថល និង ផ្សព្វផ្សាយវេទិកាឌីជីថល ឱ្យកាន់តែទូលំទូលាយ និង គ្រប់ជ្រុងជ្រោយ ។

៦-មន្ទីរអប់រំ យុវជន និង កីឡា, ការិយាល័យអប់រំ យុវជន និង កីឡាស្រុក និង គណៈគ្រប់គ្រងសាលា រៀន ត្រូវបន្តសហការក្នុងការលើកកម្ពស់សុខភាពអនាម័យនៅតាមគ្រឹះស្ថានសិក្សា និង បង្កើន ការអប់រំអំពីសុវត្ថិភាពសុខភាពសិក្សា, សុវត្ថិភាពចំណីអាហារ, កែលម្អហេដ្ឋារចនាសម្ព័ន្ធសុខភាព ដូចជា រៀបចំបន្ទប់សុខភាពស្តង់ដា, បរិស្ថានសាលារៀនបៃតង, សាលារៀនស្អាតគ្មានសំរាម, និង ការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាត និង អនាម័យ ។ សាលារៀនត្រូវតែជាកន្លែងសុវត្ថិភាព ដែលចិញ្ចឹម,ទាំងការសិក្សា និង ការលូតលាស់ផ្លូវចិត្ត ដោយត្រូវបញ្ចូលទាំងកម្មវិធីអប់រំសុខភាព ផ្លូវចិត្ត និង សុខុមាលភាពនៅក្នុងសាលារៀន ។

៧-មន្ទីរ និង ការិយាល័យ ក្រោមឱវាទ ក្រសួងអប់រំ យុវជន និង កីឡា និង គណៈគ្រប់គ្រងសាលា រៀន ត្រូវសហការជាមួយ ភាគីពាក់ព័ន្ធនៅថ្នាក់មូលដ្ឋាន ជំរុញភាពជាដៃគូសាធារណៈ និង សហគមន៍ក្នុងការអប់រំ ដោយចាប់ផ្តើមអនុវត្តនៅតាមសាលារៀនគំរូ និង សាលារៀនគោលដៅ គវអ ដោយត្រូវបន្តធ្វើសុខុដុមនីយកម្ម និង រៀបចំសេចក្តីណែនាំអនុវត្ត ឱ្យបានគ្រប់ជ្រុងជ្រោយ ព្រមទាំងផ្សព្វផ្សាយ ឱ្យបានទូលំទូលាយ និង បំផុសស្មារតីចូលរួមតាមគោលការណ៍ ស្ម័គ្រចិត្ត និងបង្កើតទំនាក់ទំនងល្អរវាងមាតាបិតាសិស្ស និង គ្រូបង្រៀន ដើម្បីផ្តល់ព័ត៌មាន ។

៨-ក្រសួងអប់រំ យុវជន និងកីឡា អង្គភាពក្រោមឱវាទ និងភាគីពាក់ព័ន្ធក្នុងសហគមន៍ មាតា បិតា និងអាណាព្យាបាល និងសហគមន៍ បន្តដើម្បីជួយអប់រំ “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” សំដៅឆ្លើយតបបានទៅនឹងឱកាសផ្សេងៗ រួមទាំងការបណ្តុះបណ្តាលមនុស្សឱ្យស្របទៅនឹងឱកាសការងារ និង ភាពរឹងមាំនៃសង្គម ។

៩-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបន្តលើកកម្ពស់វិស័យកីឡា ដើម្បីកសាងមនុស្សគ្រប់រូបឱ្យមាន សុខភាព និង សុខុមាលភាពល្អ, កាយសម្បទាមាំមួន, ឆន្ទៈមោះមុត, អំណត់ព្យាយាម, មានវិន័យ, មានស្មារតីក្រុម, គំនិតច្នៃប្រតិដ្ឋ, និងមានការតស៊ូស្វិតស្វាញ។ ជាមួយនេះ ត្រូវពង្រឹងការ គ្រប់គ្រងវិស័យអប់រំកាយ និងកីឡា, ពង្រឹងយន្តការ ដែលមានស្រាប់រួមទាំងសហព័ន្ធកីឡា, ការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា, ការបណ្តុះបណ្តាលធនធានមនុស្ស និង ការលើកទឹកចិត្ត ដែលជា កត្តាចម្បងក្នុងការបង្កើនប្រសិទ្ធភាព និង គុណភាពនៃការត្រៀមខ្លួនរបស់ អត្តពលិក, និង ការ ពង្រឹងគុណភាពនៃការប្រកួតកីឡាគ្រប់កម្រិត ។

១០-ក្រសួងអប់រំ យុវជន និងកីឡា បន្តសហការជាមួយ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និង ដៃគូអភិវឌ្ឍន៍ក្នុងការលើកកម្ពស់ប្រសិទ្ធភាពហិរញ្ញប្បទានសហប្រតិបត្តិការ, ការងារគោល-នយោបាយ និងផែនការអប់រំ, រួមទាំងផែនការនៅកម្រិតមន្ទីរអប់រំ យុវជន និងកីឡា និង ផែនការសាលារៀន
ឆ្ពោះទៅដោះស្រាយបញ្ហារបស់សាលារៀន ឱ្យបានពេញលេញ និង ប្រទាក់ក្រឡា ។

១១-ក្រសួងអប់រំ យុវជន និងកីឡា គ្រឹះស្ថានសិក្សារដ្ឋ និង ឯកជន ត្រូវសហការលើកកម្ពស់ការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម សិល្បៈ និង គណិតវិទ្យា នៅគ្រប់កម្រិត ដើម្បីរៀបចំសិស្សឱ្យ ទទួលបាននូវបំណិនសតវត្សរ៍ទី ២១, ជាពិសេស ជំរុញការបំពាក់បំប៉នជំនាញ និង បច្ចេកវិទ្យា ដែលជាតម្រូវការទីផ្សារការងារ និង ធុរកិច្ច ពង្រឹងការបណ្តុះបណ្តាល និង ការផ្លាស់ប្តូរជំនាញ ស្របនឹងតម្រូវការទីផ្សារការងារ ។

១២-គ្រឹះស្ថានឧត្តមសិក្សាទាំងអស់ ត្រូវពង្រឹងគុណភាពសិក្សាឱ្យកាន់តែខ្ពស់ ដើម្បីបង្កើតមូលធន មនុស្ស បញ្ញាជាតិ និង ឃ្លាំងពុទ្ធិសកល ដោយយកចិត្តទុកដាក់លើគុណវុឌ្ឍសាស្រ្តចារ្យ ជីវភាព សាស្ត្រាចារ្យ និង បុគ្គលិកសិក្សា, ផ្តល់អាហារូបករណ៍ដល់និស្សិតក្រីក្រ និង និស្សិតពូកែ, រៀបកម្ម វិធីណែនាំនិស្សិតនូវមាគ៌ាអាជីព (Career Path) និង បង្កើតភាពជាដៃគូជាមួយឧស្សាហកម្មនានា ដើម្បីផ្តល់ការបណ្តុះបណ្តាលឱ្យស្របនឹងតម្រូវការការងារជាក់ស្តែង ។

១៣-ក្រសួងអប់រំ យុវជន និងកីឡា ត្រូវពង្រឹងការអប់រំបច្ចេកទេស និង ដាក់ឱ្យអនុវត្ត “គន្លងអប់រំ” តាម ច្រកចំនួន ៣ គឺ គន្លងវិទ្យាសាស្ត្រពិត គន្លងវិទ្យាសាស្ត្រសង្គម និង គន្លងអប់រំវិជ្ជាជីវៈ នៅតាម សាលារៀន ដើម្បីផ្តល់ឱ្យសិស្សានុសិស្ស និងយុវជននូវមាគ៌ាផ្សេងៗគ្នា ទៅកាន់អាជីពជោគជ័យ។

១៤-ក្រសួងអប់រំ យុវជន និង កីឡា ត្រូវបង្កើនសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាទាំងអស់, ទាំង គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និង ឯកជន, និង ពង្រឹងការវាយតម្លៃលើកម្មវិធីបណ្តុះបណ្តាល និង ការ វាយតម្លៃលើការសិក្សាស្រាវជ្រាវថ្នាក់ក្រោយបរិញ្ញាបត្រ, ជាពិសេស ថ្នាក់បណ្ឌិត ដើម្បីធានាថា កម្មវិធីសិក្សាផ្តល់ឱ្យនិស្សិតនូវចំណេះដឹងគ្រប់គ្រាន់, ទាំងទ្រឹស្តី និង សមត្ថភាពស្រាវជ្រាវ, សម្រាប់ឱ្យការស្រាវជ្រាវរបស់និស្សិតសម្រេចបានជោគជ័យខ្ពស់, មានលក្ខណៈវិទ្យាសាស្ត្ររឹងមាំ, អាចអនុវត្តបាន, និង សម្រាប់ជាធាតុចូល ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច និង សង្គម នៅកម្ពុជា ក៏ដូចជា សម្រាប់ប្រទេសដទៃទៀត ដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែលកម្ពុជា៕

...

ដោយ ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print