រឿង អង្ករផ្លែឫស្សី (តចប់)

ចែករំលែក៖

រយៈពេលមួយយប់ពីរថ្ងៃអ្នកភូមិត្បែងប្រញាប់រត់ភៀសខ្លួនទៅដល់ស្ទឹងប្រៀច។ នៅទីនោះ តាហោដែលជាហ្មដំរីជើងចាស់ម្នាក់ ទទួលរៀបចំឲ្យស្នាក់នៅ។ ដំរីរបស់តាហោធំណាស់ ហើយវាស្ដាប់បង្គាប់តាហោ។ តាហោគ្មានកូនចៅសាច់ញាតិរស់នៅជាមួយទេ គឺមានតែដំរីនេះដែលជាសាច់ញាតិរបស់គាត់។ នៅពេលជួបតាហោហើយ យើងសង្ឃឹមថានឹងបានសេចក្តីសុខ។ ប្រជាជនម្នាក់ៗ ពេលហូបបាយទឹករួចក៏សម្ងំដេក ព្រោះអស់កម្លាំងជាច្រើនថ្ងៃ។ មិនយូរប៉ុន្មានស្នូរគ្រាប់កាំភ្លើងលាន់ឮសូរផាំង ផាំង បានបន្លឺឡើងប្រហែល ៦ គ្រាប់ជាប់ជាប់គ្នា។ តាហោក៏ដេកដួលស្លាប់នៅនឹងដី។ រំពេចនោះសំឡេងរបស់តាឋាន ស្រែកឡើងថាគេបាញ់សម្លាប់តាហោ តាហោស្លាប់ហើយ ! ។ ចំណែកឯសត្វដំរីរបស់តាហោដែលចងជាប់នៅក្បែរនោះ ក៏ស្រែករោទិ៍ទ្រហឹងស្ទើរតែបែកមេឃ រើបម្រាស់ចុះឡើងហាក់ដូចជាមានបំណងចង់ទៅជួយម្ចាស់របស់វា។ ជាអកុសលដំរីនោះត្រូវបានបាញ់ជាង 10 គ្រាប់ងាប់ភ្លាមៗនៅក្នុងថ្លុកឈាមក្បែរតាហោងដែរ។
នឹកដល់រឿងតាហោ ប្រជាជនម្នាក់ៗនៅតែហួសចិត្តស្ដាយស្រណោះគាត់គ្រប់ៗគ្នាព្រោះគាត់គឺជាមនុស្សស្លូតបូតមិនគួរជួបរឿងអភ័ព្វបែបនេះសោះ។ប្រាំថ្ងៃបន្ទាប់ប្រជាជននាំគ្នារត់ទៅដល់ភ្នំឱល(កន្ទួត) ហើយទៅសុំអង្ករពី តាសាល ដែលជាប្រធានភស្តុភានៅទីនោះ។ តាសាល មិនសូវហ៊ានឲ្យអង្ករយើងច្រើននោះទេ ព្រោះពេលកំពុងប្រយុទ្ធធ្វើសង្គ្រាម កងទ័ពត្រូវការស្បៀងច្រើន ហើយស្បៀងទាំងអស់នោះត្រៀមទុកសម្រាប់តែប្រជាជននិងកងទ័ពខ្មែរក្រហមនៅក្នុងតំបន់តែប៉ុណ្ណោះ។
បន្ទាប់ពីសុំអង្ករបានខ្លះរួចមកប្រជាជននាំគ្នាស្រូតធ្វើដំណើរចូលទៅក្នុងព្រៃបន្តទៀត ព្រោះដឹងថាកងទ័ពវៀតណាមនឹងមកដល់ឆាប់ៗ។ នៅពេលដែលប្រទះឃើញកងទ័ពវៀតណាមឬកងទ័ពខ្មែរក្រហម ប្រជាជនតែងលាក់ខ្លួនសម្ងំទាល់តែស្ងាត់ទើបចេញបន្តដំណើរទៅមុខទៀត។ តាហួតតាចូច តាប្រុក តាហាន និងតាថែម នាំគ្នាទៅកាប់កូនឈើធ្វើជាបង់បាញ់ឬខ្ទម ចំណែកស្រីៗ ដើរបេះស្លឹកឈើ និងដេរភ្ជាប់គ្នាធ្វើដូចស្លឹកកណ្ដបដើម្បីប្រក់ដំបូលខ្ទម។ក្នុងមួយគ្រួសារៗ សង់ជាកូនខ្ទមតូចមួយ។ បន្ទាប់មកប្រក់ដំបូលនិងជញ្ជាំងបន្ថែមទៀត។ ចំណែកឯប្រុសៗវិញ ដើររកម្ហូបអាហារដូចជាចាប់ត្រីនិងរើសខ្យងជាដើម។ កងទ័ពខ្មែរក្រហមខ្លះដែលរត់ចោលជួរបានដោះឯកសណ្ឋានបោះចោល ហើយមករួមរស់នៅជាមួយប្រជាជនតាមជើងភ្នំដែរ។ នៅពេលទ័លច្រកអត់មានអង្ករប្រជាជនបាននាំគ្នាដើរបេះផ្លែឫស្សីយកមកដាំបាយឬដាំបបរហូប។ រាល់ថ្ងៃ ប្រជាជនទាំងប្រុសទាំងស្រីដើរវាយទម្លាក់ផ្លែឫស្សី ហើយក្មេងៗជាអ្នកដើររើសដាក់ក្នុងថ្នក់ក្រមានិងបំពង់។ រយៈពេលត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ផ្លែឫស្សីដែលធ្លាប់តែចាស់ទុំច្រូងច្រាង រណេងរណោង ពេញដើមនៅសល់ត្រឹមតែដើមទទេច្រងេងច្រងាង។ ពេលផ្លែឫស្សីនៅក្បែរៗកន្លែងស្នាក់នៅទុំលែងទាន់ហូប ប្រជាជនក៏នាំគ្នាទៅរកបេះផ្លែឫស្សីតាមទីឆ្ងាយៗម្ដង។ ផ្លែឫស្សីដែលយកមកបានត្រូវដាក់ក្នុងថ្នក់ជាយក្រមាឬក្រណាត់រួចវាយដំផ្ទប់ទៅនឹងថ្មរហូតទាល់តែរបកសំបកចេញទើបយកមកដាក់ចានឬ បាតដៃដើម្បីស្ទៃយកសំបកវាចេញឲ្យស្អាត។បន្ទាប់មកយើងយកទៅដាំដូចបាយ។ ប៉ុន្តែផ្លែឫស្សីមិនរីកដូចបាយនោះទេ ហើយថែមទាំងនៅរឹង និងគ្មានជាតិអ្វីសោះឡើយ។នៅឯព្រៃភ្នំសំបូរបន្លែណាស់ហើយបន្លែនោះបានជួយប្រជាជនឲ្យរស់ជីវិតបាន។ យូរៗម្ដង ប្រជាជនដាក់អន្ទាក់យកសត្វដូចជាជ្រូកព្រៃ មាន់ព្រៃ ទន្សាយ និងសត្វឈ្លូសជាដើមមកធ្វើជាអាហារ។ ប្រជាជនរស់នៅក្នុងខ្ទមស្លឹកនិងហូបផ្លែឫស្សីជំនួសឲ្យអង្កររយៈពេលជាងមួយឆ្នាំ។ ប្រជាជនមួយក្រុមនេះបានរស់នៅក្នុងព្រៃយូរពេកក៏ដាច់ខ្សែរយៈ និងដំណឹងពីអ្នកស្រុកភូមិអស់ ហើយមិនយូរប៉ុន្មានក៏ត្រូវនិរទេសខ្លួនម្ដងទៀត។
ថ្ងៃមួយកណ្ដាលថ្ងៃត្រង់ កងទ័ពវៀតណាមដើរគំរាមកំហែងបណ្ដេញប្រជាជនដែលរស់នៅតាមជ្រលងភ្នំឲ្យចាកចេញពីខ្ទម។ ប្រជាជនភិតភ័យណាស់ពេលឮកងទ័ពវៀតណាមនិយាយភាសាវៀតណាម ហើយប្រជាជនស្ដាប់មិនបានសោះ។ ប្រជាជនខ្លាចកងទ័ពវៀតណាម មិនហ៊ានរត់គេចទៀតទេហើយក៏នាំគ្នាប្រមូលផ្ដុំ។ ចំណែកកងទ័ពវៀតណាមដែលមានគ្នីគ្នារាប់រយនាក់បំពាក់ដោយអាវុធជាប់នឹងខ្លួន ដើររុះរើខ្ទមរបស់ប្រជាជនខ្ទេចខកទីអស់គ្មានសល់។ កងទ័ពវៀតណាមបានដើរពិនិត្យមើលគ្រប់ទីកន្លែង ព្រោះកងទ័ពវៀតណាមសង្ស័យថាប្រជាជនមានលួចលាក់របស់របរ និងអាវុធជាដើម។ បន្ទាប់ពីពិនិត្យរួចរាល់ហើយកងទ័ពវៀតណាមបានធ្វើជាសញ្ញា និងនិយាយភាសាខ្មែរមិនសូវច្បាស់ ឱ្យប្រជាជនខ្មែរវិលត្រឡប់ទៅកាន់ស្រុកកំណើតវិញ។ នៅពេលនោះប្រសិនបើមានប្រជាជនណាម្នាក់មិនព្រមស្ដាប់បញ្ជារបស់កងទ័ពវៀតណាមដោយហ៊ានរត់គេចចេញផ្ដេសផ្ដាសនោះ កងទ័ពវៀតណាមនិងបាញ់សម្លាប់នៅកន្លែងភ្លាមៗតែម្ដង។
បន្ទាប់មកប្រជាជននាំកូនចៅដើរទៅមុខតាមបញ្ជារបស់កងទ័ពវៀតណាមដោយភិតភ័យ ព្រោះកងទ័ពវៀតណាមមានស្ពាយកាំភ្លើងដើរជាប់ពីក្រោយ ពីមុខនិងឆ្វេងស្តាំជានិច្ច។ នៅតាមផ្លូវ ប្រជាជនឃើញតែកងទ័ពវៀតណាមយកកាំបិតចាក់ទម្លុះនង្វិចរបស់ប្រជាជនរហូតមក។ ប្រជាជនម្នាក់ៗ បានត្រឹមតែលាក់ទុក្ខព្រួយមិនហ៊ាននិយាយស្ដីអ្វីបន្តិចណាសោះឡើយ។ កងទ័ពវៀតណាមបានដើរគៀងប្រជាជនរហូតមកដល់អមលាំង។ ត្រឡប់មកដល់ទឹកដីអមលាំងប្រជាជនមានអារម្មណ៍ធូរស្បើយជាងចេញមកពីភ្នំហើយមានក្តីសង្ឃឹមសាជាថ្មីឡើងវិញ។ ប្រជាជនជាច្រើនបានចេញមកជួបជុំគ្នានៅក្រោមម្លប់ឈើដ៏ធំស្កឹមស្កៃក្បែរមាត់ស្ទឹង។ កងទ័ពម្នាក់បានចាប់ផ្ដើមឃោសនាថា

បងប្អូន!បងប្អូនយើងមានសេរីភាពឡើងវិញហើយ។ ពួកយើងគឺជាកងទ័ពរំដោះ ឥឡូវនេះយើងទទួលបានជោគជ័យទាំងស្រុងលើរបបខ្មែរក្រហមដែលបានជិះជាន់បងប្អូនគ្មានត្រាប្រណីអស់រាប់ឆ្នាំមកហើយ កងទ័ពវៀតណាមបានមកជួយរំដោះជួយសង្គ្រោះជីវិតរបស់យើងឲ្យរួចផុតពីរបបខ្មែរក្រហម។ សូមបងប្អូនវិលត្រឡប់ទៅផ្ទះសម្បែងជួបជុំសាច់ញាតិវិញចុះ។
មកដល់ពេលនេះ ទើបប្រជាជនទាំងអស់ដឹងថា កងទ័ពទាំងអស់នេះសុទ្ធតែជាកងទ័ពរំដោះប្រជាជនខ្មែរពីរបបខ្មែរក្រហម។ ក្នុងចំណោមកងទ័ពរំដោះជាតិប្រជាជនកម្ពុជាទាំងនោះក៏មានវត្តមានកូនប្រុសច្បងរបស់តាហួតដែលមានឈ្មោះថាក្តីដែរ។ តាហួតនៅពេលបានឃើញកូនប្រុសពិតជារំភើបគ្មានអ្វីប្រៀបបានឡើយ។ គាត់នឹងកូនបែកគ្នារាប់ឆ្នាំដោយគ្មានសង្ឃឹមថាកូនរបស់គាត់នៅមានជីវិតរស់ដូច្នេះទេ។ ក្រោយបំបែកអង្គប្រជុំ ប្រជាជនបានដើរហែតាមផ្លូវឆ្ពោះសំដៅទៅរកផ្ទះរបស់ខ្លួនរៀងៗខ្លួនវិញ។
ពេលមកដល់ផ្ទះ ប្រជាជនមួយចំនួនធំសង្វាតដើរចាប់គោក្របីដែលដើរពាសវាលពាសការគ្មានម្ចាស់យកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ប្រជាជនក៏នាំគ្នាទៅរកអាហារនៅតាមមន្ទីរព័ស្តុភារ ប៉ុន្តែត្រូវកងទ័ពវៀតណាមដាក់របងរនាំងយាមយ៉ាងតឹងរឹងបំផុត មិនឱ្យនរណាម្នាក់ចេញចូលនោះទេ។ ថ្ងៃក្រោយមក គោក្របីដែលប្រជាជនខំដើរស្ទាក់ចាប់នោះ ត្រូវកងទ័ពសង្គ្រោះជាតិបញ្ជាឲ្យយកទៅដាក់ជារបស់រួមវិញទាំងអស់។ ក្រោយមករដ្ឋការចាប់ផ្ដើមចែកជូនដល់ប្រជាជនវិញរួមមាន គោឈ្មោលពីរក្បាល គោមេមួយក្បាល ដីស្រែ និងអង្ករសម្រាប់គ្រួសារនីមួយៗ។ សកម្មភាពទាំងអស់នេះបានរំសាយចិត្តប្រជាជនឱ្យសប្បាយរីករាយឡើងវិញ។ គ្រួសាររបស់តាហួតក៏បានជួបជុំគ្នាដែរ។កូនស្រីរបស់តាហួតឈ្មោះ រេន បានវិលត្រឡប់មកដល់ផ្ទះវិញដោយសុវត្ថិភាព។
ក្រោយពីចែកដី ចែកផ្ទះ ចែកគោក្របី ឲ្យប្រជាជនរួចរាល់ហើយក្បួនឡានដំរីទឹក បានដឹករបស់របរពេញៗចេញពីមន្ទីរធំៗដោយចងតង់គ្រប់ឡានយ៉ាងជិតៗ បើកបរដោយកងទ័ពសំដៅទៅទិសបូព៌ា។ចាប់តាំងពីថ្ងៃនោះមក កងទ័ពវៀតណាមក៏ឈប់យាមនៅតាមមន្ទីរទាំងនោះទៀតដែរ។ ចំណែកប្រជាជននាំគ្នាចាប់ផ្ដើមជីវិតថ្មីរស់នៅប្រកបមុខរបរធ្វើស្រែចិញ្ចឹមសត្វតាមក្រុមគ្រួសាររៀងៗខ្លួនមក៕ (ចប់ដោយបរិបូណ៌)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print