ភ្នំពេញ៖ លោក ង្វៀន មិញវ៉ូ ឯកអគ្គរដ្ឋទូតវៀតណាមថ្មីប្រចាំកម្ពុជា នៅក្នុងជំនួបជាមួយប្រធានសភា សម្ដេចសភាធិការធិបតី ឃួន សុដារី កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ម្សិលមិញនេះ បានថ្លែងអំណរគុណកម្ពុជាចំពោះកិច្ចអន្តរាគមន៍ជួយពលរដ្ឋខ្លួនដែលរងគ្រោះនៅកម្ពុជា ក៏ដូចជាការបង្ក្រាបជនល្មើសជនជាតិវៀតណាមបញ្ជូនទៅវៀតណាមវិញ។
បើតាមការបញ្ជាក់របស់លោក កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យ និងជាអ្នកនាំពាក្យសម្ដេចប្រធានសភា បានឱ្យដឹងថា លោក ង្វៀន មិញវ៉ូ បានលើកឡើងជាទូទៅចំពោះកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងជួយជនរងគ្រោះដែលកម្ពុជាតែងតែសហការល្អជាមួយវៀតណាមរាល់មានសំណើរសុំជួយអន្តរាគមន៍។
បើយោងតាមការចុះផ្សាយរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងនគរបាលកម្ពុជា បានបញ្ជូនជនជាតិវៀតណាមដែលធ្វើការខុសច្បាប់នៅកម្ពុជាជាបន្តបន្ទាប់ទៅវៀតណាមវិញ។ សូមជម្រាបថា កម្ពុជា កាលពីថ្ងៃទី៥ និង៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានបញ្ជូនទ្រង់ទ្រាយធំជនជាតិវៀតណាមជិត២០០នាក់ទៅឱ្យវៀតណាមវិញ ក្រោយពួកគេរស់នៅលើទឹកដីកម្ពុជាខុសច្បាប់ ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងអនុវត្តទោសចប់។
ទោះជាយ៉ាងណាក្នុងការចុះផ្សាយរបស់ Vitnam Pluse ក្នុងនោះមានមនុស្ស ១៧៧នាក់ត្រូវបានចាប់បន្ទាប់ពីពួកគេបានយកទីតាំងអាគារមួយនៅជិតច្រកព្រំដែនបាវិត ខេត្តស្វាយរៀងធ្វើជាទីតាំងបោកប្រាស់តាមអនឡាញ។
ក្នុងដំណើរទស្សនកិច្ចទៅសាធារណរដ្ឋសង្គមនិយមវៀតណាមកាលពីថ្ងៃទី១៨-១៩ ខែកុម្ភៈ ឧបនាយករដ្ឋមន្ត្រមហាផ្ទៃ ស សុខា បានជួបជាមួយរដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាមឧត្តមសេនីយ៍ឯក លឿង តាមក្វាង បានចុះហត្ថលេខាលើផែនការសហប្រតិបត្តិការឆ្នាំ២០២៥ សំដៅបង្កើនកិច្ចសហការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ប្រភេទ ការផ្លាស់ប្ដូរបទពិសោធន៍ការងារ និងការអភិវឌ្ឍធនធានមនុស្ស ឆ្លើយតបទៅនឹងវិវត្តស្មុគស្មាញនៃបទល្មើស ជាពិសេសបទល្មើសមិនប្រពៃណីដែលកំពុងកើនឡើងយ៉ាងឆាប់រហ័ស៕ដោយ៖តារា