ភ្នំពេញ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ ក្រសួងទេសចរណ៍ បាននិងកំពុងដំណើការអង្គសន្និបាតរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃអង្គសន្និបាតចំនួន ១២៥១នាក់ មកពីគ្រប់ស្ថាប័ន និងគ្រប់ផ្នែកពាក់ព័ន្ធ រួមមានតំណាងក្រសួង ស្ថាប័នសាធារណៈ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការគ្រប់ថ្ថ្នាក់នៃក្រសួងទេសចរណ៍ មន្ទីរទេសចរណ៍រាជធានី-ខេត្ត រដ្ឋបាលថ្នាក់ក្រោមជាតិ សមាគមទេសចរណ៍ក្នុងវិស័យទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ក្រុមហ៊ុនវិនិយោគ មគ្គុទ្ទេសក៍ទេសចរណ៍ តំណាងអង្គការជាតិ-អន្តរជាតិសំខាន់ៗ ដៃគូអភិវឌ្ឍ អ្នកសារព័ត៌មាន អ្នកផលិតមាតិកាព័ត៌មាន (Influencers) និងផ្នែកឯកជនផ្សេងៗទៀត។
តាមរយៈកិច្ចពិភាក្សាក្នុងអង្គសន្និបាត ដែលដឹកនាំដោយលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ យើងអាចទាញយកនូវទស្សនទាន និងធាតុចូលថ្មីៗបន្ថែមទៀត ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ទាំងលើទិដ្ឋភាពបរិមាណ និងគុណភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ដោយផ្តោតសំខាន់លើប្រធានបទ៖ (១)វឌ្ឍនភាពនៃការគ្រប់គ្រង និងការសម្រួលការធ្វើដំណើរទេសចរណ៍, (២)ការគ្រប់គ្រងកិត្តិនាមកម្ពុជា និងយុទ្ធសាស្ត្រទាក់ទាញភ្ញៀវទេសចរមកកម្ពុជា, (៣)ការគ្រប់គ្រង និងពង្រឹងគុណភាពឧស្សាហកម្មទេសចរណ៍, និង (៤)ស្ថានភាពទេសចរតាមកញ្ចប់ទស្សនកិច្ច និងការវិភាគផលសេដ្ឋកិច្ចនៃវិស័យទេសចរណ៍ ដែលធ្វើបទបង្ហាញដោយវាគ្មិនមកពីស្ថាប័នពាក់ព័ន្ធសំខាន់ៗ ទាំងវិស័យរដ្ឋនិងឯកជន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល សម្រេចនូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។
ក្នុងន័យនេះ ផ្អែកតាម «អភិក្រមនៃជវភាពប្រព័ន្ធតួអង្គតែមួយ» និងដើម្បីភាពជោគជ័យក្នុងការសម្រេចចក្ខុវិស័យខាងលើ ក្រសួងទេសចរណ៍បានដាក់ចេញនូវសសរស្តម្ភនៃកិច្ចសហប្រតិបត្តិការចំនួន ៦ ដែលត្រូវការការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖
(១)-កិច្ចសហប្រតិបត្តិការនៅថ្នាក់ជាតិ ជាមួយអន្តរក្រសួង ស្ថាប័ន
(២)-កិច្ចសហប្រតិបត្តិការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសគណៈអភិបាលរាជធានី ខេត្ត
(៣)-កិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជនទាំងក្នុងស្រុក និងក្រៅស្រុក
(៤)-កិច្ចសហប្រតិបត្តិការជាមួយស្ថានឯកអគ្គរដ្ឋទូត/ស្ថានឯកអគ្គរាជទូតបរទេសប្រចាំនៅកម្ពុជា, ដៃគូអភិវឌ្ឍ, ស្ថានឯកអគ្គរាជទូតកម្ពុជា/ស្ថានកុងស៊ុលកម្ពុជានៅបរទេស, កិច្ចសហប្រតិបត្តិការអន្តរជាតិកម្រិតទ្វេភាគី ពហុភាគី អនុតំបន់ តំបន់ (អាស៊ាន) និងពិភពលោក
(៥)-កិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន និងអ្នកផលិតមាតិកាព័ត៌មាន, និង
(៦)-ការចូលរួមពីបុគ្គលម្នាក់ៗ ដែលជាកោសិកាទ្រទ្រង់ និងទទួលផលប្រយោជន៍ពីវិស័យទេសចរណ៍៕
ដោយ ៖ សិលា