ខេត្តរតនគិរី៖ នៅឆ្នាំ២០២៤កន្លងទៅថ្នាក់ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានយកចិត្តទុកដាក់អនុវត្តការងារយ៉ាងសកម្ម ទៅតាមផែនការសកម្មភាព ដែលបានកំណត់ និងតាមតម្រូវការចាំបាច់នានា ក្នុងក្របខណ្ឌតួនាទី និងភារកិច្ចរបស់មន្ទីរ។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
ដោយឡែកការងារកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទក្នុងឆ្នាំ២០២៤មន្ទីរបានធ្វើផ្សព្វផ្សាយការប្រើប្រាស់ បរិភោគទឹកស្អាតដោយសុវត្ថិភាព នៅឃុំសោមធំ ឃុំសេសាន ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ មានអ្នកចូលរួមសរុប ៩៩នាក់ ស្រ្តី ១៥នាក់។ លើកកម្ពស់ការរស់នៅស្អាត អប់រំសុខភាព និងអនាម័យចំនួន ៣វគ្គឃុំក្នុងញ៉ាង ឃុំតាឡាវ និងឃុំម៉ាលិក ស្រុក អណ្តូងមាស មានអ្នកចូលរួមចំនួន ១១៦នាក់ ស្រី ៧៦នាក់។
ក្នុងនោះដែរបានសាងសង់បង្គន់អនាម័យ/បដិភាគសម្ភារអនាម័យចំនួន២១០បង្គន់(ស្រុកអូរយ៉ាដាវ ចំនួន ៥០បង្គន់, ស្រុកលំផាត់ ចំនួន ៦០ បង្គន់ និងស្រុកកូនមុំ ចំនួន ១០០ បង្គន់)។ និងបានសាងសង់អណ្តូងចំនួន១០អណ្តូង នៅស្រុកកូនមុំ និងស្រុកអូរយ៉ាដាវ ដែលមានអ្នកទទួលផល ចំនួន ១,០៧៣នាក់ ស្រី ៦៣៨នាក់។ ព្រមទាំងបានសាងសង់អាងត្រងទឹកភ្លៀងចំណុះ ៤ម៉ែត្រគុបនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ ចំនួន ២៥អាង មានអ្នកទទួលផលចំនួន ៦៥គ្រួសារ មនុស្សសរុប ៣១៥នាក់ ស្រី ១៧៦នាក់ និងបានសាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោ សហគមន៍ ចំនួន ១កន្លែង នៅភូមិសមុត្រលើ ឃុំសេដា ស្រុកលំផាត់ ដែលមានអ្នកទទួលផលសរុប ១១១ គ្រួសារ ស្មើនិងចំនួនមនុស្ស ៨៥៤នាក់ ស្រី ៤៣៤នាក់ ។
សមិទ្ធផលដែលបានទទួលបានពីការអនុវត្ត ខាងលើ បានឆ្លុះបញ្ចាំង ពីកិច្ចខិតខំប្រឹងប្រែង និងការទទួលខុសត្រូវ របស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ក្នុងគោលដៅ លើកកម្ពស់គុណភាព និងគុណតម្លៃ នៃជីវិតរស់នៅរបស់ប្រជាជនជនបទឲ្យបានល្អប្រសើរជាលំដាប់ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលជាចំណែកដ៏ចាំបាច់ក្នុងការគាំទ្រដល់ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជ រដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងថាមវន្តរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕
ដោយ៖តារា